COVID-19
ជាតិ
សហជីព​គ្រោង​ស្នើ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១១.៥៩​ដុល្លារ​បន្ថែម​ដល់​កម្មករ​នៅ​ឆ្នាំ​២០២១
04, Sep 2020 , 4:28 pm        
រូបភាព
កិច្ចចរចាប្រាក់អប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០២១ ធ្វើឡើងនៅថ្ងៃទី៣ កញ្ញា។ (រូបពីក្រសួងការងារ)
កិច្ចចរចាប្រាក់អប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០២១ ធ្វើឡើងនៅថ្ងៃទី៣ កញ្ញា។ (រូបពីក្រសួងការងារ)
​ភ្នំពេញ​៖ មេ​សហជីព​បាន​បញ្ហា​ជំហរ​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២១​នេះ ចង់​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ជាង​២០០​ដុល្លារ ពោលគឺ​ដំឡើង​ជាង​១០​ដុល្លារ​ទៀត ដើម្បី​ជួយ​សម្រួល​ការលំបាករ​ប​ស់កម្មករ ពិសេស​នៅ​ដំណាក់កាល​រង​វិបត្តិ​កូ​វីដ​-១៩​។

 
​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​បញ្ជាក់ថា ក្នុង​កិច្ចចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២១​នេះ ភាគី​សហជីព​បានបង្ហាញ​ជំហរ​ចង់​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២១​ឡើង ១១.៥៩​ដុល្លារ​បន្ថែមទៀត ខណៈដែល​ភាគី​និយោជក​និង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​មិនទាន់​ប្រតិកម្ម​ឡើយ​។​
 
​បើតាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការចរចា​ប្រាក់​អប្បបរមា​សម្រាប់​២០២១ ធ្វើឡើង​ដោយមាន​ភាគី​និយោជក សហជីព និង​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ក្រសួង​ការងារ​ចូលរួម កាលពី​ថ្ងៃទី​៣​កញ្ញា នៅ​ទីស្ដីការក្រសួង​ការងារ​។ កិច្ចពិភាក្សា ភាគី​ទាំងបី​បានបង្ហាញ​គោលជំហរ​របស់ខ្លួន​តា​ម​លក្ខណៈវិនិច្ឆ័យ​សង្គម និង​សេដ្ឋកិច្ច​លើ​ស្ថានភាព​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ ការចរចា​នេះ នឹង​បន្ត​នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែកញ្ញា​នេះ​។​
 
​លោក ប៉ាវ ស៊ីណា បាន​អះអាង​ប្រាប់ ThmeyThmey តាម​ទូរ​សព្ទ​ថា ក្នុងស្ថានភាព​លំបាក​ដែល​រង​ផលប៉ះពាល​ដោយសារ​កូ​វីដ​-១៩ កម្មករ​គួរ​ត្រូវបាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​។ លោក ថ្លែងថា​៖ «​ជំហរ​របស់​សហជីព​សម្រាប់​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា គឺ​ចង់​ឲ្យ​ដំឡើង​១១.៥៩​ដុល្លារ​។ វា​មិន​ច្រើន​ទេ កម្មករ​គួរ​ទទួលបាន​ការដំឡើង​ប្រាក់​អប្បបរមា​នេះ ដើម្បី​ដោះស្រាយ​ស្ថានភាព​លំបាក​ដែល​កំពុង​កើតមាន ពិសេស​នៅ​អំឡុងពេល​កូ​វីដ​-១៩​។ បើទោះបី​មានការ​ថយចុះ​នៃ​ការបញ្ជាទិញ​ពី​អឺរ៉ុប ប៉ុន្តែ​នៅ​ខាង​អាមេរិក​គឺមាន​ការកើនឡើង ហើយ​ចូលដល់​ឆ្នាំ​២០២១​ស្ថានភាព​នៃ​ការបញ្ជាទិញ​និង​សេដ្ឋកិច្ច​ក៏​អាច​នឹង​ប្រសើរ​ឡើងវិញ​ដែរ​»​។ 
 
​ប៉ុន្តែ​ក្នុង​កិច្ចពិភាក្សា​ភាគី​និយោជក​ចង់​ឲ្យ​មានការ​បន្ថយ​ប្រាក់​អប្បបរមា​សម្រាប់​ឆ្នាំ​២០២១ ក្រោយ​ហេតុផល​រង​វិបត្តិ​កូ​វីដ​-១៩​។ នេះ​បើតាម​លើកឡើង​របស់លោក ប៉ាវ ស៊ីណា​។ 
​ចំណែក លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា លោក​សុំ​មិន​បញ្ចេញ​ការយល់ឃើញ​ឬ​ជំហរ​ណាមួយ លើ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នេះឡើយ​។ «​ខ្ញុំ​មិន​និយាយ​ឬ​បង្ហាញ​ជំហរ​រឿង​ប្រាក់​អប្បរ​មា​នោះទេ រងចាំ​ការលើកឡើង​ក្នុងការ​ចរចា​នៅ​ថ្ងៃទី​៩, ១០​នេះ​ទៅ​»​។ 
 
​កន្លងមក ភាគី​សហជីព​បានស្នើ​ប្រាក់​ឈ្នួល​អប្បបរមា​១៩៥​ដុល្លារ និង​ភាគី​និយោជក​បានស្នើ​១៨៦​ដុល្លារ​។ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ក៏បាន​សម្រេច​ដោយ​ការបោះឆ្នោត​យក ១៨៧​ដុល្លារ ធ្វើ​ប្រាក់​ឈ្នួល​អប្បបរមា ខណៈដែល​សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​បាន​ថែម​៣​ដុល្លារ​ទៀត ដែល​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឡើងដល់​១៩០​ដុល្លារ​ក្នុង​ឆ្នាំ​២០២០៕

Tag:
 ប្រាក់​អប្បបរមា​
  កម្មករ​រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com