អន្តរជាតិ
អ្នកជំនាញ​UN៖ ច្បាប់​សន្តិសុខ​ហុងកុង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​មូលដ្ឋាន​
04, Sep 2020 , 4:59 pm        
រូបភាព
ប៉ូលិសហុងកុង មានវត្តមាននៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងហុងកុង នៅខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ AFP
ប៉ូលិសហុងកុង មានវត្តមាននៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងហុងកុង នៅខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ AFP
​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​នៅក្នុង​ទីក្រុង​ហុងកុង និង​បំពាន​កាតព្វកិច្ច​ស្របច្បាប់​អន្តរជាតិ​។ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ (UN) លើ​បញ្ហា​សិទ្ធិមនុស្ស បាន​ព្រមាន​បែបនេះ​ក្នុង​លិខិត​មួយច្បាប់​។

 
​ចាប់តាំងពី​មុន​ចូល​ជា​ធរមាន រហូតដល់​ក្រោយ​ចូល​ជាធរ​មាននៃ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចិន​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ការបំផ្លាញ​សិទ្ធិសេរីភាព​នៅក្នុង​ដែនដី​ស្វយ័ត​ហុងកុង​។ អាមេរិក អាល្លឺម៉ង់ អង់គ្លេស និង​បណ្តា​ប្រទេស​មួយចំនួនទៀត សុទ្ធតែ​ទាមទារ​ឲ្យ​ចិន​លុបចោល​ច្បាប់​ថ្មី​នេះ​។ យ៉ាងណាក៏ដោយ ចិន នៅតែ​ការពារ​ថា​ច្បាប់​សន្តិសុខ​ជាតិ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាជន​ឡើយ ផ្ទុយទៅវិញ​វា គឺជា​ការពារ​សិទ្ធិ និង​ជា​មូលដ្ឋាន​ការពារ​ស្ថិរភាព​នៅក្នុង​ទីក្រុង​។ 
 
​បើទោះបីជា​ចិន និយាយ​អះអាង​ដូចខាងលើ​ក្តី ប៉ុន្តែ​បណ្តា​ប្រទេស​អឺរ៉ុប អាមេរិក និង​អូស្ត្រាលី​នៅតែ​មិន​ជឿ​ដដែល​។ ក្រៅពី​ប្រទេស អង្គការ​អន្តរជាតិ ក៏បាន​ចេញមុខ​ទាមទារ​ឲ្យ​ចិន​ពិនិត្យ​លើ​ច្បាប់​នេះ​សារជាថ្មី​ផងដែរ ដោយ​សំអាងថា​វា​អាច​បំផ្លាញ​សិទ្ធិសេរីភាព​មូលដ្ឋាន​។ អ្នកជំនាញ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​មួយក្រុម ក៏​ចេញមុខ​រិះគន់​ចិន​ដែរ​។ 
 
​ក្នុង​លិខិត​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ក្រុម​ជំនាញ​របស់​អង្គការសហប្រជាជាតិ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ច្បាប់​សន្តិសុខ​ជាតិ​...​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយ​សេរី​ភាពជា​មូលដ្ឋាន និង​ការការពារ​សិទ្ធិ​ស្របច្បាប់​ប្រជាជន អាច​ត្រូវបាន​រំលោភបំពាន​»​។ ក្នុងន័យនេះ ច្បាប់​សន្តិសុខ​ជាតិ អាច​បំផ្លាញ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ​គំនិត និង​ការជួបប្រជុំ​ដោយ​សន្តិវិធី​ជាដើម​។​
 
​មិនតែប៉ុណ្ណោះ ក្រុម​អ្នកជំនាញ​អង្គការសហប្រជាជាតិ​មួយ​នេះ ក៏បាន​ជំរុញ​ឲ្យ​ចិន​ពិចារណា​ឡើងវិញ​លើ​ច្បាប់​សន្តិសុខ​ជាតិ និង​តែងតាំង​អ្នកពិនិត្យ​ឯករាជ្យ​មួយក្រុម ក្នុងការ​សិក្សា​លើ​ច្បាប់​ថ្មី​នេះ ដើម្បី​ធានាថា វា​គោរព​ទៅតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ចិន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​នៅក្នុង​លិខិត​ដដែល​នេះ អ្នករាយការណ៍​ពិសេស​មួយក្រុម​នេះ ក៏បាន​លើកឡើង​ពី​បញ្ហា​បារម្ភ​ត្រង់​ការធ្វើ​បត្យាប័ន​ពី​ហុងកុង​ទៅ​ចិនដីគោក និង​អត្ថន័យ​នៃ​ពាក្យ​ភេរវកម្ម​ផងដែរ​។ ត្រង់​ការធ្វើ​បត្យាប័ន អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការកាត់ក្តី​ដោយ​យុត្តិធម៌​លើ​ជនសង្ស័យ​។ ឯ​អត្ថន័យ​នៃ​ភេរវកម្ម​វិញ ច្បាប់​សន្តិសុខ​ជាតិ​បាន​ឲ្យ​និយមន័យ ដល់​ការ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​មធ្យោបាយ​ដឹកជញ្ជូន​ជាដើម ដែល​ន័យ​នេះ គឺ​លើសពី​ការ​ឲ្យ​និយមន័យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ទៅទៀត ដែល​ផ្តោត​ត្រឹម​ការបង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត និង​ប៉ះពាល់​រាងកាយ​ធ្ងន់ធ្ងរ​។​
 
​សូមបញ្ជាក់ថា ក្រោយពី​ច្បាប់​សន្តិសុខ​ជាតិ​ចូល​ជា​ធរមាន អាជ្ញាធរ​បាន​ចាប់ខ្លួន​ប្រជាជន​ជាច្រើន ប៉ុន្តែ​អ្នកខ្លះ ក៏ត្រូវ​បាន​ដោះលែង​វិញ​ផងដែរ​។ ដោយឡែក​ប្រទេស​មួយចំនួន បាន​ផ្អាក​ការធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ចូល​ជា​ធរមាន ក្នុងនោះ​មានដូចជា​អង់គ្លេស អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ អាល្លឺម៉ង់ កាណាដា និង​អាមេរិក​៕ 

Tag:
 UN
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com