ភ្នំពេញ៖ វិបត្តិកូវីដ-១៩(COVID-19) បានធ្វើឲ្យកម្ពុជាបាត់ចំណូលស្ទើរទាំងស្រុងពីភ្ញៀវទេសចរអន្តរជាតិ នាក្នុងឆ្នាំ២០២០នេះ។ ស្របពេលដែលកម្ពុជាបាត់ចំណូលពីភ្ញៀវទេសអន្តរជាតិនេះ ចលនាភ្ញៀវទេសចរក្នុងស្រុក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ចរន្តសេដ្ឋកិច្ចជាតិ។ លោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានរំពឹងថា ចលនាដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក នឹងជួយដល់សេដ្ឋកិច្ចជាតិបានយ៉ាងណាស់ជិត៣០០លានដុល្លារ នៅក្នុងឆ្នាំ២០២០។
សូមស្តាប់ប្រសាសន៍របស់លោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍៖
មួយឆ្នាំៗ ចំណូលពីវិស័យទេសចរណ៍កម្ពុជាបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិរង្វង់ជិត៥ពាន់លានដុល្លារ។ ក្នុងចំណោមចំណូលជិត៥ពាន់លានដុល្លារនេះ មាន៩០ភាគរយដែលកម្ពុជាទទួលពីភ្ញៀវទេសចរអន្តរជាតិ និង១០ភាគរយទៀត បានពីភ្ញៀវទេសចរក្នុងស្រុក។ នេះបើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ដែលបានបន្ថែមថា ទំហំ១០ភាគរយនៃភ្ញៀវទេសចរក្នុងស្រុក នឹងអាចចាក់បញ្ចូលលុយពី៤០០-៥០០លានដុល្លារ ក្នុងវិស័យទេសចរណ៍ឱ្យមានចរន្តសេដ្ឋកិច្ច។
លោក ទិត ចន្ថា ប្រាប់សារព័ត៌មានថ្មីៗ ក្រោយបញ្ចប់កម្មវិធីសន្និសីទសារព័ត៌មានស្តីពី៖«ស្ថានភាពវិស័យទេសចរណ៍ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣កញ្ញា ដូច្នេះ៖«នៅក្នុងដំណាក់កាលនេះ[វិបត្តិកូវីដ-១៩] ចំណូលពីភ្ញៀវអន្តរជាតិ គឺជិតស្មើសូន្រ។ ប៉ុន្តែភ្ញៀវទេសចរក្នុងស្រុកយើងនៅមានសកម្មភាពដដែល ឬមានសកម្មភាពខ្លាំងជាងឆ្នាំមុនៗ។ ដូច្នេះហើយចំណូលពីភ្ញៀវទេសចរក្នុងស្រុក៤០០-៥០០លានដុល្លារហ្នឹង[១០ភាគរយនៃចំណូលពីវិស័យទេសចរណ៍សរុប]ថាតិចនោះ គឺមិនតិចទេ[សម្រាប់កម្ពុជា]»។
ស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩នេះ ចលនាភ្ញៀវទេសចរក្នុងស្រុក នឹងជួយចរន្តសេដ្ឋកិច្ចជាតិ។រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុក១,៤លាននាក់ ដែលបានដើរកម្សាន្ត្រ ក្នងថ្ងៃឈប់សម្រាកជំនួស កាលពីខែសីហាកន្លងមកនេះ បានចាក់បញ្ចូលលុយក្នុងសេដ្ឋកិច្ចប្រមាណ ១០០លានដុល្លារ ដែលបានធ្វើឱ្យប្រតិបត្តិករនានាក្នុងវិស័យទេសចរណ៍កម្ពុជាចំនួន៣០ភាគរយ មានសកម្មភាពឡើងវិញ។
ជាមួយគ្នានេះ លោក ទិត ចន្ថា រំពឹងថានៅបំណាច់ឆ្នាំ២០២០ កម្ពុជានឹងទទួលបានចំណូលពីចលនាភ្ញៀវទេសក្នុងស្រុកយ៉ាងតិច៣០០លានដុល្លារ សម្រាប់ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ។ លោក បន្តថា បើគិតត្រឹមក្របខណ្ឌសេដ្ឋកិច្ចផ្ទៃក្នុងប្រទេស ចំណូល៣០០លានដុលា្លរពីភ្ញៀវទេសចរក្នុងស្រុកនេះ គឺមានទំហំច្រើន និងមានប្រសិទ្ធភាពដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ខណៈកម្ពុជាស្ទើរតែបាត់បង់ចំណូលទាំងស្រុង ពីភ្ញៀវទេសចរអន្តរជាតិ ដោយសារវិបត្តិកូវីដ-១៩។
លោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី៖«ស្ថានភាពវិស័យទេសចរណ៍ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣កញ្ញា ឆ្នាំ២០២០។ រូបថត៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
បើតាមការប៉ាន់ស្មានបឋមរបស់ក្រសួងទេសចរណ៍កន្លង កម្ពុជានឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ៣,០០០លានដុល្លារ នៅក្នុងឆ្នាំ២០២០។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងគណៈកម្មការទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣សីហា។
លោក ថោង ខុន បានបញ្ជាក់ថា ការបាត់បង់ចំណូលពីវិស័យទេសចរណ៍នេះ គឺដោយសារតែដំណើរកម្សាន្តរបស់ភ្ញៀវទេសចរធ្លាក់ចុះដ៏ច្រើនលើសលុប ពិសេសភ្ញៀវទេសចរអន្តរជាតិ។ បើតាមរដ្ឋមន្ត្រីទេសចរណ៍ នៅឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិអាចធា្លក់ចុះដល់រង្វង់៨០ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ ក្នុងវង្វង់៥០ភាគរយ។
កាលឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦,៦១លាននាក់ និងទទួលចំណូលពីវិស័យទេសចរណ៍រហូត៤,៩១៩លានដុល្លារដែលបានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ និងបានចូលរួមចំណែកប្រមាណ១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)៕