កីឡាជាតិ
ជាតិ
ទ័ព​តទល់​ជាមួយ​ណាហ្គា​វើ​ល ក្រោយ​អង្គ​រថា​យ​ហ្គឺ​រ​ប៉ះ​ប៉ូលិស និង​គីរីវង់​ជួប U18 បាទី​
05, Sep 2020 , 11:27 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើល(អាវខៀវ)ជាមួយទ័ពកាលជើងទី១នៅកីឡដ្ឋានស្តាតចាស់
សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើល(អាវខៀវ)ជាមួយទ័ពកាលជើងទី១នៅកីឡដ្ឋានស្តាតចាស់
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃ​សៅរ៍ ទី​៥ កញ្ញា ឆ្នាំ​២០២០ នេះ មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​សមាគមន៍​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​(​ទ័ព​)​ស្វាគមន៍​ណាហ្គា​វើ​ល ក្រោយ​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ នគរបាលជាតិ​(​ប៉ូលិស​) និង​គីរីវង់​សុខ​សែន​ជ័យ​ទទួល​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​។

 
​ទ័ព ប៉ះ ណាហ្គា​វើ​ល វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
 
​នេះ​ជា​ជំនួប​ដ៏​តានតឹង និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយសារ​ក្រុម​ទាំងពីរ​សុទ្ធសឹង​មាន​សមត្ថ​ភាពខ្លាំង ដែល​ស្ថិតក្នុង​តំបន់ Top 6​។ ពួកគេ​ទាំងពីរ​ត្រូវ​ឈ្នះ​ជា​ចាំបាច់​រៀងៗ​ខ្លួន​នៅថ្ងៃនេះ ដើម្បី​បន្ត​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ប្រចាំ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២០​។ 
 
​បើ​យើង​មើល​ពី​ចំណាត់ថ្នាក់​បច្ចុប្បន្ន​ក្រុម​ទាំងពីរ​ខុសគ្នា​តែ​១​ពិន្ទុ​នោះទេ ក្នុងនោះ​ទ័ព​ស្ថិតនៅ​លេខ​រៀង​ទី​៤​មាន​២៣​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​២២​ពិន្ទុ​។ ប៉ុន្តែ​បើ​មើល​ពី​ប្រវត្តិ​ជួបគ្នា​នៅ​ជើង​ទី​១ ណាហ្គា​វើ​ល​បាន​លត់​ទ័ព​ក្នុង​លទ្ធផល ៤-១ គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ 
 
​តែ​ដើម្បី​ត្រៀម​សងសឹក​នៅ​ជើង​ទី​ពីរ​នេះ កាលពីពេល​ថ្មីៗ ទ័ព បាន​នាំចូល​កីឡាករ​ប្រេ​ស៊ី​ល​ពីររូប​រួមមាន Jose Magson និង​Cristiano Santos Sergipano និង​បានតែងតាំង​លោក ហោ សុខ​ហេង ជា​គ្រូបង្វឹក​ដឹកនាំ​ជំនួស​លោក ទេព ឡុង​រចនា ដែល​បាន​ដំឡើង​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​។ ចំណែក​ណា​ហ្គ​វើ​ល​បាន​នាំចូល​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន ក្រោយ​ចែកផ្លូវ​ជាមួយ​ខ្សែប្រយុទ្ធ Bisan George​។ 
 
​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ នគរបាលជាតិ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន S. R. U
 
​នេះ​ជា​ជំនួប​ប្រជែង​ដណ្តើម​កៅអី​ដើម្បី​គេច​ពី​ការ​កាត់​ចេញពី​ក្របខណ្ឌ​លី​គ​កំពូល ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​នៅ​រដូវ​កាល​នេះ​។ កាល​ជួបគ្នា​ជើង​ទី​១ អង្គ​រថា​យ​ហ្គឺ​របា​ន​យកឈ្នះ​ប៉ូលិស​ក្នុង​លទ្ធផល ៤-២​។ ដូច្នេះ​នេះ​ឱកាស​សងសឹក​សម្រាប់ ប៉ូលិស ដែល​ទើប​នាំចូល​កីឡាករ ម៉ាត់ យ៉ា​មីន​, សេង កុ​សែន និង​កីឡាករ​បរទេស​មួយរូប​ទៀត​។ 
 
​អង្គ​រថា​យ​ហ្គឺ​រ ដែល​បាន​របូត​កៅអី​ទៅ​ប្រជែង​ដណ្តើម​ជើងឯក​ទាំង​សោកស្តាយ ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​២១​ពិន្ទុ រីឯ​ប៉ូលិស​ស្ថិតនៅ​លេខ​រៀង​ទី​១១​មាន​៧​ពិន្ទុ​។ ប៉ុន្តែ​នៅ​ជើង​ទី​ពីរ​នេះ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​បាន​បាត់​សមាជិក​បរទេស​ចំនួន​ពីររូប​រួមមាន​ខ្សែប្រយុទ្ធ Dzarma Bata ទៅ​ចូលរួម​ជាមួយ​បឹងកេត និង​កីឡាករ Cristiano Santos Sergipano ទៅ​ចូលរួម​ជាមួយ​ទ័ព​។ 
 
​គីរីវង់​សុខ​សែន​ជ័យ ប៉ះ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ​
 
​នា​ជំនួប​ជើង​ទី​១​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បាន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៣-១​។ បច្ចុប្បន្ន​គីរីវង់​ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​១១​ពិន្ទុ ខណៈ​យុវជន​បាទី​ស្ថិតនៅ​បាត​តារាង​មាន​២​ពិន្ទុ ក្រោយ​១២​ប្រកួត​ចាញ់​១០ ស្មើ​២​។ នេះ​ជា​ឱកាស​សងសឹក និង​ស្វែងរក​ជ័យជម្នះ​លើកដំបូង​សម្រាប់​យុវជន​បាទី​៕  
 

Tag:
 Cambodian League 2020
  ទ័ព​
  ណាហ្គា​វើ​ល​
  អង្គ​រថា​យ​ហ្គឺ​រ​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com