ជាតិ
សង្គមជាតិ
កម្ពុជា​និង​អាមេរិក​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម ខណៈ​មានការ​ព្រួយបារម្ភ​អំពី​ប្រព័ន្ធ​អនុគ្រោះ GSP ដ៏​ចម្រូងចម្រាស​
05, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ សិស្ស​វិទ្យាល័យ កាន់​ទង់ជាតិ​អាមេរិក​និង​កម្ពុជា ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​ប្រធានាធិបតី​អាមេរិក​មកកាន់​កម្ពុជា នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០១៥​។​
​រូប​ឯកសារ​៖ សិស្ស​វិទ្យាល័យ កាន់​ទង់ជាតិ​អាមេរិក​និង​កម្ពុជា ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​ប្រធានាធិបតី​អាមេរិក​មកកាន់​កម្ពុជា នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០១៥​។​
ដោយ: VOA
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​សហរដ្ឋអាមេរិក​បានបង្ហាញ​បញ្ហា​ប្រឈម​មួយចំនួន រួមមាន​នីតិរដ្ឋ​រឹងមាំ តម្លាភាព និង​កិច្ចប្រឹងប្រែង​លុបបំបាត់​អំពើពុករលួយ ដែល​នៅតែ​ជា​ឧបសគ្គ​រារាំង​ការវិនិយោគ​របស់​អាមេរិក​។​

 
​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានលើកឡើង​បែបនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធី​ជួបជុំ​មួយ​ដើម្បី​រំឭក​ការវិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​កម្ពុជា ដែល​ឆ្នាំនេះ​ជា​ខួប ៧០ ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​
 
​លោក Patrick បាន​ថ្លែងថា ជាធម្មតា​ការរកស៊ី គឺ​សម្លឹង​ទៅ​មើល​ផលចំណេញ​សម្រាប់​អ្នកវិនិយោគ ប៉ុន្តែ​លោក​ថា នីតិរដ្ឋ​រឹងមាំ តម្លាភាព និង​ការ​មិនមាន​អំពើពុករលួយ គឺជា​រឿង​សំខាន់ ដោយសារ​ច្បាប់​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​មានការ​រកស៊ី​ណាមួយ ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឡើយ​។​
 
​លោក​ថ្លែងថា​៖ «​ជា​ចម្បង​ក្រុមហ៊ុន (​អាមេរិក​) កំពុង​សម្លឹងមើល​ដើម្បី​បង្កើន​និង​ធ្វើ​ឲ្យ​ប្រសើរ​ផលិតផល​របស់​ពួកគេ​។ ដូច្នេះ ពួកគេ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​លើ​នីតិរដ្ឋ​រឹងមាំ ដើម្បី​គាំទ្រ​ការវិនិយោគ​របស់​ពួកគេ និង​ការចង់បាន​តម្លាភាព​។ ហើយ​ច្បាប់​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​មានការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឡើយ​។ នៅពេល​ដែលមាន​ចំណុច​ទាំងអស់នោះ ជាមួយ​ការធ្វើ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាព​វិនិយោគ ក្រុមហ៊ុន​អាមេរិក​បន្ថែមទៀត​នឹង​មក​ទីនេះ​»​។​
 
​លោក​បន្តថា ក្រុមហ៊ុន​អាមេរិក​ចង់ឃើញ​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ ដែល​មានន័យថា មាន​នីតិរដ្ឋ​រឹងមាំ​និង​ប្រព័ន្ធតុលាការ ដែល​អាច​ការពារ​ពួកគេ​បាន នៅពេលដែល​ពួកគេ​មាន​ជម្លោះ​តាមផ្លូវ​តុលាការ​។​
 


​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០​។ 
​លោក Patrick បន្តថា ក្នុង​រយៈពេល​មួយឆ្នាំ ដែល​លោក​មក​បំពេញការងារ​នៅ​កម្ពុជា លោក​មើលឃើញថា ប្រជាជន​កម្ពុជា​ចង់បាន​ទំនិញ​និង​សេវា​របស់​ក្រុមហ៊ុន​អាមេរិក ដែល​លោក​ថា មានគុណ​ភាពល្អ​។​
 
​ជាការ​ឆ្លើយតប រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍ថា កម្ពុជា​ក៏បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​តាម​ការចង់បាន​របស់​អាមេរិក​ផងដែរ​។ លោក​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​យល់​ពី​កម្ពុជា និង​ពិនិត្យមើល​ច្បាប់​កម្ពុជា​ដែលមាន​។​
 
​លោក​ថ្លែងប្រាប់ VOA ថា​៖ «​យើង​ជជែក​គ្នា​រហូត​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​ទ្វេភាគី​ហ្នឹង​គាត់​មាន​បញ្ហា​។ យើង​ក៏​លើក​បញ្ហា​ដែល​ជួនកាល​គាត់​មិនទាន់​យល់​បញ្ហា ដែល​យើង​មាន គឺ​មិន​ហ៊ាន​ចូលមក គឺ​បាន​ពិភាក្សាគ្នា​។ ការពិភាក្សាគ្នា​ញឹកញាប់​ធ្វើ​ឲ្យ​យើង​យល់​គ្នា​ទៅវិញទៅមក​។ TIFA (​របស់​អាមេរិក​) គេ​ហៅ Trade Investment Framework Agreement (​កិច្ចព្រមព្រៀង​ក្របខណ្ឌ​វិនិយោគ​ពាណិជ្ជកម្ម​)​។ ហើយ​យើង​ត្រូវ​ពិភាក្សាគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងពីរ (​ខាង​)​។ អាមេរិក​ក៏ត្រូវ​ពិភាក្សា​នឹង​យើង ហើយ​ស្គាល់​ច្បាប់​យើង​ដែរ​»​។​
 
​លោក​ថ្លែង​ការពារ​ថា កម្ពុជា​មានច្បាប់​ផ្សេងៗ​ដែល​អាច​ទាក់ទាញ​អ្នកវិនិយោគ​របស់​អាមេរិក តែ​លោ​កថា នៅមាន​ចំណុច​ច្បាប់​ការងារ​ដែល​អាមេរិក​មិនទាន់​ពេញចិត្ត​។​
 


​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
 
​លោក​បញ្ជាក់ថា​៖ «​ចំពោះ​គាត់ ខ្ញុំ​ឃើញ​ហើយ​គាត់​នៅ​មិន​ពេញ​ចិត្តនឹង​ច្បាប់​ការងារ​។ ក៏ប៉ុន្តែ​យើង​ដោះស្រាយបាន​មួយចំនួន​ហើយ​»​។ លោក​រដ្ឋមន្ត្រី​បន្ថែមថា​៖ «​សក្តានុពល​គឺ​យើង​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​។ ខាងយើង​ក៏ត្រូវ​ទទួលស្គាល់​ស្តង់ដារ​អាមេរិក​ប៉ុណ្ណា​កម្ពស់​ណា​។ យើង​ខំប្រឹងប្រែង​ទៅ​។ ហើយ​អាមេរិក​គាត់​ត្រូវ​បើក​ទូលំទូលាយ​នូវ​ទីផ្សារ​របស់គាត់​ដែរ​។ បើ​យើង​ធ្វើ​ទាំងអស់គ្នា ទើប​មាន​សក្តានុពល​»​។​
 
​បើតាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ ២០១៩ កម្ពុជា​បាន​នាំ​ចេញទៅ​អាមេរិក​នូវ​ទំនិញ​ដែលមាន​តម្លៃ​ជិត ៥,៤ ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ពី ៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៨​។ ប៉ុន្តែ​អាមេរិក​បាន​នាំចូល​កម្ពុជា​តែ​ជាង ៥០០ លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៩​។​
 
​ផលិតផល​សំខាន់​ជាងគេ​ដែល​អាមេរិក​នាំ​ចូលមក​កម្ពុជា មាន​រថយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​។​ផលិតផល​សំខាន់​ជាងគេ​ដែល​កម្ពុជា​នាំ​ចេញទៅ​អាមេរិក​មាន សម្លៀកបំពាក់ ស្បែកជើង ទំនិញ​សម្រាប់​ការធ្វើដំណើរ និង​ផលិតផល​ប្លា​ស្ទិ​ក​។ នេះ​បើតាម​ស្ថានទូត​អាមេរិក​។​
 
​ស្ថានទូត​បញ្ជាក់ថា អាមេរិក​បានផ្តល់​ឲ្យ​កម្ពុជា​នូវ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ឬ Generalized System of Preferenes (GSP) ដែលជា​ការធ្វើ​ឲ្យ​កម្ពុជា​អាច​នាំចេញ​ទៅកាន់​អាមេរិក ដោយ​មិន​បង់​ពន្ធគយ​នូវ​ទំនិញ​ជាង ៥ ពាន់​មុខ​។ នៅក្រោម GSP នេះ កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការធ្វើដំណើរ​ដែលមាន​តម្លៃ​ជិត ១ ពាន់​លាន​ដុល្លារ ទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០១៩​។​
 
​សហភាព​អឺរ៉ុប​ទើបនឹង​បាន​បន្ថយ​ការអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ ឬ Everything But Arms (EBA)» ដោយ​ចាប់ផ្ដើម​យកពន្ធ​ចំនួន ២០ ភាគរយ លើ​ទំនិញ​កម្ពុជា ជាការ​ឆ្លើយតប​នឹង​ការ «​រំលោភបំពាន​ជា​ប្រព័ន្ធ​និង​យ៉ាងធ្ងន់ធ្ងរ​» លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ក្រោយ​ការចាប់ខ្លួន​លោក កឹម សុខា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Patrick ក៏បាន​លើកឡើងថា អាមេរិក​ក៏បាន​បង្ហាញ​ក្តីបារម្ភ​នេះ ហើយក៏​បាន​ជជែក​ជាមួយ​ភាគី​កម្ពុជា​ផងដែរ​។​
 
​លោក​បញ្ជាក់ថា​៖ «​សហភាព​អឺរ៉ុប​បានបញ្ជាក់​យ៉ាងច្បាស់ អំពី​ការបារម្ភ​មួយចំនួន​លើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ យើង​យល់​អំពី​ការព្រួយបារម្ភ​នេះ ហើយ​យើង​ក៏មាន​ការព្រួយបារម្ភ​ដូចគ្នា​ដែរ​។ ហើយ​នេះ​ជា​បណ្តុំ​នៃ​បញ្ហា ដែល​យើង​លើក​ឡើងទៅ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដាច់ដោយឡែក​»​។​
 
​លោក​ឯកអគ្គរដ្ឋទូត​អំពាវនាវ​ឲ្យ​កម្ពុជា​គោរព​តាម​លក្ខខណ្ឌ ដែល​តម្រូវ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​នេះ ដែល​ក្នុងនោះ​មាន​ស្តង់ដារ​ខ្ពស់​សម្រាប់​ការងារ ដូចជា​លក្ខខណ្ឌ​ការងារ និង​ការគោរព​សិទ្ធិ​ក្នុងការ​បង្កើត​សហជីព និង​ចូលរួម​ជាមួយ​សហជីព​ជាដើម​។ លោក​បន្តថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នឹងមាន​ការពិនិត្យ​ឡើងវិញ ដោយ​សភា​អាមេរិក​នៅ​ចុងឆ្នាំ ២០២០​។​
 
​កាលពី​ឆ្នាំមុន តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពីររូប​គឺ​លោក អា​ឡាំង ឡូ​វឹ​នស​ល (Alan Lowenthal)  និង​លោក​ស្ទី​វ ឆា​បុ​ត (Steve Chabot) បានស្នើ​ច្បាប់​ថ្មី​មួយ​ដែល​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ថ្លឹងថ្លែង​រវាង​ការខូចខាត​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្ យ​និង​ការណ៍​ដែល​កម្ពុជា​បន្ត​ទទួលបាន​ឋានៈ​អនុគ្រោះ​ពន្ធ GSP នៅ​ចំពេល​មានការ​បន្ត​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​
 
​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​មានការ​ថែរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នេះ​កុំ​ឲ្យ​បាត់បង់​ដូច EBA របស់​សហភាព​អឺរ៉ុប​។ លោក​បន្តថា បច្ចុប្បន្ន​រោងចក្រ​ផលិត​កាបូប ដែលជា​ផលិតផល​ធ្វើដំណើរ​នាំទៅ​អាមេរិក មានការ​កើនឡើង ក្រោយ​មានការ​យកពន្ធ​ពី​សហភាព​អឺរ៉ុប​។​
 
​លោក​ថ្លែងប្រាប់ VOA ថា​៖«​ទំនិញ​ដែល​នាំទៅ​កាន់​ទីផ្សារ​អាមេរិក​មានការ​កើនឡើង ជាពិសេស​ផលិតផល​តាម​ខ្លួន ធ្វើដំណើរ​ហ្នឹងឯង​។​...​ប៉ុន្តែ​បើសិន​មាន​ការដក GSP មែន មានន័យថា វា​នឹង​ប៉ះពាល់​ដល់​រោងចក្រ​ទាំងនោះ ពីព្រោះ​ការនាំចេញ​ត្រូវការ​បង់ពន្ធ​។ អ៊ីចឹង​កាលណា​បើ​បង់ពន្ធ វា​មានការ​ប្រកួតប្រជែង​មួយ​ពិបាក​»​។​
 
​លោក ឃុន ថា​រ៉ូ មន្ត្រី​សម្របសម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ មានប្រសាសន៍ថា ហានិភ័យ​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​នេះ​នៅមាន​នៅឡើយ​សម្រាប់​កម្ពុ​ជា ប្រសិនបើ​មិនមាន​ការលើកកម្ពស់​ក្របខណ្ឌ​គោលនយោបាយ ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ​និង​សិទ្ធិមនុស្ស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com