កីឡាជាតិ
ជាតិ
លោក Russell Stutely នឹង​យល់ព្រម​ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​ប្រដាល់សកល បើ​មាន​សំណើរ​ពី​កម្ពុជា​
06, Sep 2020 , 10:39 am        
រូបភាព
 លោក Russel Stutely ថ្លែងក្នុងពិធិបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់សកលកម្រិតមូលដ្ឋាន ដែលលោកធ្វើជាគ្រូឧទ្ទេស
លោក Russel Stutely ថ្លែងក្នុងពិធិបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់សកលកម្រិតមូលដ្ឋាន ដែលលោកធ្វើជាគ្រូឧទ្ទេស
ដោយ:
​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស Russell Stutely ដែលជា​គ្រូឧទ្ទេស​ក្នុង​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ប្រដាល់សកល​កម្រិត​មូលដ្ឋាន​អះអាងថា លោក​រីករាយ​ក្នុង​ការធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល បើ​មាន​សំណើរ​ពី​កម្ពុជា​។ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ក៏ដូចជា​លោក អាត់ សំរិទ្ធ អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ជឿជាក់ថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម បើ​បាន​លោក Russell ធ្វើជា​គ្រូបង្វឹក​។

 
​លោក Russell Stutely គ្រូបង្វឹក និង​ជា​អ្នកជំនាញ​បច្ចេកទេស​បង្វឹក​កីឡា​ប្រដាល់សកល​ជនជាតិ​អង់គ្លេស​អះអាងថា លោក​នឹងមិន​បដិសេធ​ឡើយ​បើ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ចង់បាន​លោក​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​។ លោក​បាន​បន្ថែមថា វា​ជា​មោទកភាព និង​ជា​កិត្តិយស​ដ៏​ក្រៃលែង​សម្រាប់​ខ្លួន បើ​បាន​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​រួមចំណែក​ជួយ​កម្ពុជា​។ 


 
«​ខ្ញុំ​សប្បាយចិត្ត និង​មាន​មោទកភាព​បើ​បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​ក្នុងនាម​ជា​គ្រូបង្វឹក​»​។ លោក Russell Stutely បានលើកឡើង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ប្រដាល់សកល​កម្រិត​មូលដ្ឋាន​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
​ជាមួយគ្នានេះ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​និយាយថា សហព័ន្ធ​ស្វាគមន៍​និង​រីករាយ​ក្នុងការ​ទទួលយក​លោក Russell Stutely មក​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​។ បច្ចុប្បន្ន​សហព័ន្ធ​កំពុងធ្វើការ​លើ​បញ្ហា​នេះ តាមរយៈ​ការខិតខំ​ស្វែងរក​ជំនួយ​ថវិកា​គាំទ្រ ដើម្បី​ប​ញ្ចូ​ន​គ្រូបង្វឹក​រូបនេះ​ក្នុង​ក្រុម​ជម្រើសជាតិ​។ 


 
«​តាម​ការបង្រៀន​របស់​គាត់​យើង​សង្កេតឃើញថា កម្រិត​សមត្ថភាព​របស់គាត់​ល្អ គឺអាច​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បាន​។ សហព័ន្ធ​នឹង​ទំនាក់ទំនង​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដើម្បី​ស្វែងរក​ថវិកា​គាំទ្រ បញ្ចូល​គាត់​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ​។ 
 
​ទាំង​លោក ប៊ុ​យ សុ​ភ័​ណ្ឌ និង​លោក អាត់ សំរិទ្ធ អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​ប្រដាល់សកល និង​ជា​សិក្ខាកាម​មួយរូប​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើ​សុទ្ធតែ​បានបង្ហាញ​ទំនុកចិត្ត​ខ្ពស់​លើ​គ្រូបង្វឹក​រូបនេះ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ប្រដាល់សកល​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ​។ លោក​ទាំងពីរ​ជឿជាក់ថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បើ​បាន​លោក Russell Stutely ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​កីឡា​ប្រដាល់សកល​។​


 
«​តាម​ការវាយតម្លៃ​រប​ស់​ខ្ញុំ យើង​សង្កេតឃើញថា កម្រិត​របស់គាត់​(Russell) គឺ​ល្អ​មែនទែន​កម្រិត​អន្តរជាតិ​។ គាត់​មិនមែនជា​គ្រូបង្វឹក​ស្ម័គ្រចិត្ត​នោះទេ គាត់​ជា​គ្រូបង្វឹក​ប្រដាល់សកល​អាជីព ហើយ​គាត់​ធ្លាប់​ធ្វើការ​ជាមួយ​កីឡាករ​ប្រដាល់សកល​អាជីព​ល្បីៗ​ជាច្រើន​នៅ​អង់គ្លេស ដូច្នេះ​បទពិសោធ​របស់គាត់​ច្រើន​មែនទែន​។ យើង​រំពឹងថា បើ​គាត់​ចូល​ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ មិន​ថា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សូម្បី​ស៊ី​ហ្គេម​នៅ​វៀតណាម​ឆ្នាំ​២០២១ ក៏​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ​។ 
 
​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​រយៈពេល​៤​ថ្ងៃ លោក អាត់ សំរិទ្ធ អះអាងថា លោក Russell Stutely ជា​គ្រូឧទ្ទេស​មាន​សមត្ថភាព​ខ្ពស់ និង​មាន​បច្ចេកទេស​ល្អ​ជាង​គ្រូឧទ្ទេស​ផ្សេងៗ ដែល​លោក​ធ្លាប់​ចូលរួម​បណ្តុះបណ្តាល​នាពេល​កន្លងទៅ​។ កត្តា​នេះ​ធ្វើ​ឲ្យ លោក ជឿជាក់ថា កម្ពុជា​នឹង​ទទួលបាន​ល្អ​បើ​បាន​គ្រូបង្វឹក​រូបនេះ​មក​បង្ហាត់​ក្រុម​ជម្រើសជាតិ​។ 


 លោក Russell (ស្តាំ)ទទួលបណ្ណសរសើរពីលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកល

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក អាត់ សំរិទ្ធ បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្លាប់​ចូល​សាលា​បណ្តុះបណ្តាល​គ្រូ​កីឡា​ប្រដាល់សកល​កន្លង​មក ខ្ញុំ​សង្កេតឃើញថា គ្រូ​ក្រោយ​(Russell Stutely)​នេះ គឺ​គាត់​ច្បាស់​។ តិច​និក​របស់គាត់ ខ្ញុំ​គិតថា ប៉ុន្មាន​គ្រូ​ដែល​ខ្ញុំ​ធ្លាប់​រៀន​កន្លងមក​ខ្ញុំ​ឲ្យ​តម្លៃ​គ្រូ​នេះ​ខ្ពស់​ជាងគេ​។ កម្រិត​របស់គាត់​ខ្ញុំ​គិតថា បើ​ទទួល​គាត់​មក​បង្វឹក​អាច​ឲ្យ​ខ្មែរ​យើង​ឈានដល់​មេដាយមាស ដោយសារ​បច្ចេកទេស តិច​និក​គាត់​ច្បាស់​»​។ 
 
​ក្រោយ​ឆ្លង​ការបណ្តុះបណ្តាល​រយៈ​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១-៤ កញ្ញា ឆ្នាំ​២០២០ ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង គណៈ​គ្រប់គ្រង​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ប្រដាល់សកល​កម្រិត​មូលដ្ឋាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយល់ដឹង និង​កិច្ចខិតខំ​ប្រឹងប្រែង​។ តាម​ការវាយតម្លៃ​ពី​គ្រូឧទ្ទេស​ជនជាតិ​អង់គ្លេស សិក្ខាកាម​៥​រូប​ទទួលបាន​និទ្ទេស​ល្អ ២០​រូប​មធ្យម និង​៤​រូប​ខ្សោយ​។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៩​នាក់ ក្រោម​បទឧទ្ទេស​របស់លោក Russell Stutely, លោក ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា និង​លោក មាស វុ​ឌ្ឍី អនុប្រធាន​សហព័ន្ធ​៕  
 

Tag:
 ប្រដាល់សកល​
  Russell Stutely
  ប៊ុ​យ សុ​ភ័​ណ្ឌ​
  អាត់ សំរិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com