ជាតិ
ជំរំ​តង់​«​សួគ៌ា​ប​ព៌​ត​»​ដំណើរ​ស្វែងយល់​២​យប់​៣​ថ្ងៃ នៅ​ទិសឧត្តរ​
05, Sep 2020 , 5:59 pm        
រូបភាព
ដោយ:
​ជំរំ​តង់ «​សួគ៌ា​ប​ព៌​ត​» ដែល​រៀបចំ​ដោយ Cambodia Amazing Trip Planer បាន​នាំ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត និង​ស្វែងយល់​ពី​តំបន់​ទេសចរណ៍​-​ប្រវត្តិសាស្ត្រ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ នា​ទិសឧត្តរ​នៃ​ប្រទេស​កម្ពុជា​។ ចំណាយពេល​២​យប់​៣​ថ្ងៃ ក្រុម​អ្នកចូលរួម​ជំរំ​តង់​ប្រមាណ​៦០​នាក់ ភាគច្រើន​ជា​យុវជន បាន​ទៅដល់ និង​ស្វែងយល់​តំបន់​ទេសចរ ជិត​១០​កន្លែង​ផ្សេងគ្នា​។ តំបន់​ទាំងនោះ​មាន បន្ទាយ​ជ័យ​៨០២,​ផ្ទះ​តា​ម៉ុក ពើង​តា​រួន ,​ទឹកធ្លាក់​បុស្ស​ស្បូវ ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះកែរ​ជាដើម​។ 

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ Vlog ដូចតទៅ​៖ 
 
 
​ជំរំ​តង់ «​សួគ៌ា​ប​ព៌​ត​» ដែល​រៀបចំ​ដោយ Cambodia Amazing Trip Planer បាន​នាំ​ភ្ញៀវទេសចរ​ប្រុស​ស្រី​ប្រមាណ​៦០​នាក់ ទៅ​កម្សាន្ត និង​ស្វែងយល់​ពី​ប្រវត្តិ និង​តំបន់​ទេសចរណ៍​សក្តានុពល​នៅក្នុង​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ស្ថិតនៅ​ប៉ែក​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា​។ ដំណើរ​កម្សាន្ត​រយៈពេល ២​យប់​៣​ថ្ងៃ បាន​នាំ​ក្រុមយុវជន​កម្ពុជា បាន​ឆ្លងកាត់​ភ្លក់​អាហារ​ស្រុកស្រែ និង​សាកល្បង​ការបាញ់​ធ្នូ នៅ​«​បន្ទាយ​ជ័យ​៨០២» ក្នុងស្រុក​បាគង នៃ​ខេត្តសៀមរាប​។  
 
​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ «​ផ្ទះ​តា​ម៉ុក​» ដែល​ស្ថិតនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​គោលដៅ​កម្សាន្ត និង​ស្វែងយល់​បន្ទាប់ របស់​ក្រុមការងារ Cambodia Amazing Trip Planer និង​ក្រុម​ទេសចរ​ដែល​ភាគច្រើន​ជា​យុវជន​។ នៅទីនេះ យុវជន​ចំណាយពេល​ប្រហែល​១​ម៉ោង ដើម្បី​ដើរ​ទស្សនា ផ្ទះ​ឈើ​ទាំង​៤​ខ្នង​ដែលជា​ស្លាកស្នាម​ប្រវត្តិសាស្ត្រ គួរ​ជាទី​ចាប់អារម្មណ៍​របស់​ទេស​ចរ​ពី​គ្រប់ទិសទី  ឡាន​វិទ្យុទាក់ទង និង​ទ្រុង​សម្រាប់​ឃុំឃាំង​ជាដើម​។ 
 
​ចេញពីផ្ទះ​តា​ម៉ុក ជំរំ​តង់ សំដៅ​ឡើង​ភ្នំ​ដងរែក ជាទី​ដែល​ក្រុមយុវជន​បាន​ចំណាយពេល​សម្រាក​ក្នុង​តង់​ពេញ​មួយ​រាត្រី អមដោយ​ការប្រគំ​ចាប៉ីដងវែង និង​ការ​ច្រៀង​កម្សាន្ត​របស់​ទេសច​រ ក្រោយ​ទទួលទាន​អាហារ​ល្ងាច​ដែល​ចម្អិន​ដោយ​កងទ័ព​ជួរមុខ​របស់​កម្ពុជា​។ ទន្ទឹមនឹងនេះ អ្នកចូលរួម​ជំរំ​តង់ «​សួគ៌ា​ប​ព៌​ត​» ក៏បាន​ជជីក​សួរ​ពី​ជីវិត​របស់​ទាហាន​ជួរមុខ​នៅ​ខ្នងភ្នំ​ដងរែក​នេះដែរ​។ 
 
​នៅ​ថ្ងៃ​បន្ទាប់ តំបន់​រមណីយដ្ឋាន​«​ពើង​តា​រួន​»​នៅ​ស្រុក​អន្លង់វែង គឺជា​គោលដៅ​កម្សាន្ត​ដំបូង​គេ ដោយ​នៅទីនេះ ទេសចរ​អាច​គយគន់​ផ្ទៃដី​ស្រែចម្ការ​រាប់សិប​ហិកតា​របស់​ពលរដ្ឋ​។ ចេញពី​«​ពើង​តា​រួន​» ជំរំ​តង់​បាន​ទៅដល់​ទឹកធ្លាក់​«​បុស្ស​ស្បូវ​»​ដែលជា​រមណីយដ្ឋាន​ដ៏​ត្រកាល លាក់ខ្លួន​នៅ​ជើងភ្នំ​ដងរែក ខេត្តព្រះវិហារ ទី​ដែល​ទេសចរ​ទទួលទាន​អាហារ និង​ងូតទឹក​លេង​កម្សាន្ត ក្រោម​ម្លប់ឈើ​យ៉ាង​ត្រឈឹងត្រឈៃ ដែល​លាយឡំ​នឹង​ផ្ទាំង​ថ្ម តូច​-​ធំ​ផង​នោះ​។ ដំណើរ​ថ្ងៃទី​២ បញ្ចប់​ត្រឹម​ការសិក្សា​ស្វែងយល់​ពី​ប្រាសាទព្រះវិហារ មុននឹង​អ្នកទេសចរ ស្លុង​ស្មារតី​ជាមួយនឹង​ទិដ្ឋភាព​ពពក​រសាត់​ពេញ​ផ្ទៃ​អាកាស ក៏ដូចជា​ថ្ងៃ​រះ​ដ៏​អស្ចារ្យ នាពេល​ព្រលឹម​ស្រាងៗ​។​
 
​លុះ​ថ្ងៃ​រះ​ផុត​ទៅហើយ ជា​ពេលវេលា​ដែល​ក្រុមការងារ​ស្រូត​រូតរះ ចុះ​ពី​ប្រាសាទព្រះវិហារ​តាម​ជណ្តើរ​ឈើ​ដែលមាន​២២៤២​កាំ ដោយ​ចំណាយពេល​ប្រមាណ​២​ម៉ោង រួច​បន្តដំណើរ​ទៅ​ទស្សនា​គោលដៅ​ចុងក្រោយបង្អស់​នៃ​ជំរំ​តង់​«​សួគ៌ា​ប​ព៌​ត​» គឺ​«​ប្រាសាទ​កោះកែរ​» មុន​វិល​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ​៕
 
 

Tag:
 សួគ៌ា​ប​ព៌​ត
© រក្សាសិទ្ធិដោយ thmeythmey.com