អន្តរជាតិ
ក្រោយ​ជំនួប​រដ្ឋមន្ត្រី​ការពារជាតិ ចិន​និង​ឥណ្ឌា​បន្ត​រុញ​កំហុស​ដាក់គ្នា​រឿង​ភាព​តានតឹង​នៅ​ព្រំដែន​
06, Sep 2020 , 11:19 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិចិន វៃ ហ្វឹងហឺ (ឆ្វេងទីពីរ) ជួបពិភាក្សាជាមួយសមភាគីឥណ្ឌា រ៉ាចណាត ស៊ីង (ស្ដាំទីបី)។ រូបភាព PTI
រដ្ឋមន្ត្រីការពារជាតិចិន វៃ ហ្វឹងហឺ (ឆ្វេងទីពីរ) ជួបពិភាក្សាជាមួយសមភាគីឥណ្ឌា រ៉ាចណាត ស៊ីង (ស្ដាំទីបី)។ រូបភាព PTI
​ចិន និង​ឥណ្ឌា នៅតែ​រុញ​កំហុស​ដាក់គ្នា​ទៅវិញទៅមក​ជុំវិញ​ភាព​តានតឹង​នៅ​ព្រំដែន​ដែល​ឡើង​កម្ដៅ​ឡើងវិញ​នៅក្នុង​សប្ដាហ៍​នេះ​។ ទោះ​មាន​ជំនួប​រដ្ឋមន្ត្រី​ការពារជាតិ​ក្ដី មហាអំណាច​ទាំងពីរ នៅតែ​ប្រកែក​យកឈ្នះ​រៀងៗ​ខ្លួន ហើយ​ចោទ​ភាគី​ម្ខាង​ទៀត​ជា​អ្នកធ្វើ​ខុស​។

 
​រដ្ឋមន្ត្រី​ការពារ​ជាតិចិន វៃ ហ្វឹ​ង​ហឺ បាន​ជួប​ជាមួយ​សម​ភាគី​ឥណ្ឌា រ៉ា​ច​ណាត ស៊ី​ង នៅ​ល្ងាច​ថ្ងៃទី​៤ ខែសីហា អំឡុងពេល​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នៅ​ឥណ្ឌា ហើយ​ភាព​តានតឹង​នៅតាម​ព្រំដែន ទំនងជា​របៀបវារៈ​ធំ​នា​ជំនួប​នេះ​។ ប៉ុន្តែ​អ្វីដែល​ភ្ញាក់ផ្អើល​នោះ ក្នុង​សេចក្ដីថ្លែងការណ៍​ក្រោយ​ដោយឡែក​ពីគ្នា​ក្រោយ​ជំនួប​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ទាំងពីរ​ទាំងពីរ បន្ត​ជះ​ទឹក​ដាក់គ្នា​ពី​ការទទួលខុសត្រូវ​ដែល​នាំ​ឲ្យ​ព្រំដែន​តានតឹង​ឡើងវិញ​។ 
 
​ស្ថានភាព​ព្រំដែន​ចិន និង​ឥណ្ឌា បាន​ឡើងក​ម្ដៅ​ជាថ្មី ដោយ​ក្រសួងការពារជាតិ​ឥណ្ឌា នៅ​ថ្ងៃទី​៣១ ខែសីហា អះអាងថា ចិន​បាន​ចល័ត​ទ័ព​នៅតាម​ព្រំដែន​។ ហេតុការណ៍​ថ្មី​នេះ បានកើត​ឡើង នៅ​ភាគខាងត្បូង​នៃ​ជ្រោយ​ទន្លេ Pangong Tso ស្ថិតក្នុង​តំបន់ Ladakh ដែលជា​តំបន​ប្រទាញប្រទង់​។ បន្ទាប់ពី​ការចោទប្រកាន់​របស់​ឥណ្ឌា កងទ័ព​ចិន​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ការពារ​ខ្លួន​ពី​ការចោទប្រកាន់​របស់​ឥណ្ឌា​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​៥ ខែកញ្ញា ក្រសួងការពារជាតិ​ឥណ្ឌា​លើកឡើងថា នា​ជំនួប​នៅ​មូ​ស្គូ​លោក ស៊ី​ង បាន​សង្កត់ធ្ងន់​ពី​សកម្មភាព​យោធា​ចិន ដូចជា​ការបង្កើន​ចំនួន​នៅ​ព្រំដែន សកម្មភាព​ហួសហេតុ និង​ការប៉ុនប៉ង​បំពាន​ស្ថានភាព​បច្ចុប្បន្ន ដែល​សកម្មភាព​ទាំងនេះ​ជាការ​បំពាន​កិច្ចព្រមព្រៀង​រវាង​អ្នកជិតខាង​ទាំងពីរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ទីក្រុង​ញូវដែលី​ក៏​ប្រកាស​ជំហរ​ដោះស្រាយ​តាម​ការចរចា តែ​ក៏​តាំងចិត្ត​ការពារ​ទឹកដី​របស់ខ្លួន​ដែរ​។​
 
​រដ្ឋមន្ត្រី​ការពារ​ជាតិចិន ក៏​ចេញ​សេចក្ដីថ្លែងការណ៍​មិន​ខុសគ្នា​ពី​ឥណ្ឌា​ដែរ​។ លោក វៃ អះអាងថា មូលហេតុ និង​ការពិត​នៃ​ភាព​តានតឹង​បច្ចុប្បន្ន​នៅ​ព្រំដែន​ចិន និង​ឥណ្ឌា គឺ​ច្បាស់លាស់​ហើយ ហើយ​ការទទួលខុសត្រូវ​ធ្លាក់​លើ​ឥណ្ឌា​ទាំងស្រុង​។ ប្រមុខ​ការពារ​ជាតិចិន​រូបនេះ​បន្ថែមថា ចិន​មិន​បោះបង់​ទឹកដី​ខ្លួន​ឡើយ ហើយ​ឥណ្ឌា​គួរតែ​ផ្អាក​ធ្វើ​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ឡើង​កម្ដៅ​ទៀត​ទៅ​។​
 
​សូមបញ្ជាក់ថា នៅក្នុង​ខែមិថុនា​កន្លងទៅ ឥណ្ឌា និង​ចិន បាន​ប៉ះទង្គិច​គ្នា​ម្តង​ហើយ ដែលជា​ការប៉ះទង្គិច​មា​ន​អ្នកស្លាប់​មិន​ធ្លាប់មាន​ក្នុងពេល​ជាច្រើន​ឆ្នាំ​។ ហេតុការណ៍​នោះ ទាហាន​ឥណ្ឌា បាន​បាត់​បង់ជីវិត​ចំនួន ២០​នាក់ និង​របួស​ជាច្រើន​នាក់ ខណៈ​ចិន មិន​បញ្ចេញ​របាយការណ៍​។ ប៉ុន្តែ​ការប្រឈមមុខ​នេះ ត្រូវបាន​កាត់បន្ថយ​ទៅវិញ បន្ទាប់ពី​កងទ័ព​ប្រទេស​ទាំងពីរ បាន​ជួបចរចា​គ្នា​រហូតដល់​ទៅ ៣​លើក​៕

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com