ជាតិ
សេដ្ឋកិច្ច
ខេត្តកំពង់ស្ពឺ មាន៤៣រោងចក្រ ផលិតទំនិញនាំទៅអាមេរិក លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ កំពុងផ្តល់សម្ភាសឱ្យអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១កញ្ញា ឆ្នាំ២០២០។
× កំពង់ស្ពឺ៖ ក្នុងចំណោមរោងចក្រកាត់ដេរ១៤៥កន្លែង នៅខេត្តកំពង់ស្ពឺ មាន៤៣រោងចក្រ បានផលិតទំនិញសម្រាប់នាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ នេះជាការលើកឡើងរបស់លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយលោករំពឹងថា ខេត្តកំពង់ស្ពឺ នឹងទាក់ទាញវិនិយោគិន ពិសេសជនជាតិអាមេរិក បានកាន់តែច្រើន។
យោងតាមទិន្នន័យដែលសារព័ត៌មានថ្មីៗទទួលបានពីរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ រោងចក្រទាំង៤៣ដែលបានផលិតទំនិញក្នុងវិស័យវាយនភ័ណ្ឌនាំទៅអាមេរិកនោះ មាន រោងចក្រកាត់ដេរសម្លៀកបំពាក់១៤កន្លែង រោងចក្រផលិតកាបូប១៩កន្លែង រោងចក្រផលិតស្បែកជើង៤កន្លែង រោងចក្រផលិតផលិតផលសម្រាប់ធ្វើដំណើរ៤កន្លែង និង រោងចក្រផលិតផលខ្សែរ៉ូត១កន្លែង។
លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ(ស្តាំ) កំពុងពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅសាលាខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១កញ្ញា ឆ្នាំ២០២០។
កាលពីថ្ងៃទី១ ខែកញ្ញា លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពីសក្តានុពល និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Patrick Murphy បានសម្តែងការរីករាយយ៉ាងខ្លាំង ដោយមើលឃើញពីការអភិវឌ្ឍនិងការរីកចម្រើនរបស់ខេត្ត។ ពិសេស លោកឯកអគ្គរដ្ឋទូត មើលឃើញថា រោងចក្រជាច្រើនដែលកំពុងដំណើរការ បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ព្រមទាំងមានការគោរពច្បាប់ការងារបានល្អប្រសើរ។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូត លោក វុី សំណាង បានប្រាប់សារព័ត៌មានថ្មីៗថា រាល់ផលិតផលដែលផលិតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ គឺត្រូវបានសហរដ្ឋអាមេរិកសាទរ និងទទួលស្គាល់ទាំងគុណភាព។ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះថា៖«គាត់ [លោកទូតអាមេរិក] នឹងខិតខំជំរុញពាណិជ្ជករអាមេរិកឱ្យមកសិក្សាដើម្បីពង្រីកសក្កានុពលបន្ថែម ដោយសារតែអាមេរិកមើលឃើញថាប្រជាជននៅទីនេះ មានចំនួនច្រើន ឧស្សាហ៍ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ...»។ លោកបន្តថា បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅអាមេរិកនិងពិភពលោកមានភាពល្អប្រសើរឡើងវិញ អាមេរិកនឹងខិតខំពង្រីកទីផ្សាររបស់កម្ពុជាឱ្យកាន់តែធំនៅក្នុងសហរដ្ឋអាមេរិក។
គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២០ ខេត្តកំពង់ស្ពឺ មានរោងចក្រធុនធំ ចំនួន១៤៥ ដែលកំពុងដំណើរការជាប្រចាំថ្ងៃ។ រោងចក្រទាំងនោះ បានផ្តល់ឱកាសការងារដល់ពលរដ្ឋជាង១២ម៉ឺននាក់។ នេះបើតាមលោក វុី សំណាង ដោយលោក បន្ថែមថា ចំណែកឯវិស័យសហគ្រាសធុនតូចមធ្យម (SME) និងសិប្បកម្មវិញមានចំនួន ១៥០៨កន្លែង ដោយបានផ្តល់ការងារដល់ពលរដ្ឋបានរហូតជាង១៣មឺននាក់។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បានកើនពី៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ទៅដល់ ៤,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើន ៤២ ភាគរយ៕
Tag:
រោងចក្រ
វី សំណាង
Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com