​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី បដិសេធ​ដាច់ខាត​ការដាក់​មូលដ្ឋាន​យោធា​បរទេស​នៅក្នុង​ទឹកដី​ខ្លួន​
07, Sep 2020 , 9:35 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Masurdi ។ រូបភាព Jakarta Post
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Masurdi ។ រូបភាព Jakarta Post
ដោយ:
ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី បាន​បដិសេធ​ជំទាស់​ដាច់ខាត​ទៅនឹងរ​បាយ​ការណ៍​ដែល​អះអាងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មាន​ផែនការ​បំពាក់​មូលដ្ឋាន​យោធា​មួយ​នៅ​ឥណ្ឌូណេស៊ី​។ សម្រាប់​ក្រុង​ហ្សា​ការ​តា ក្រៅពី​ផ្ទុយទៅនឹង​គោលការណ៍​ច្បាប់ មិនទាន់មាន​ហេតុផល​ណាមួយ​ដែល​ឥណ្ឌូណេស៊ី ត្រូវការ​ជំនួយ​យោធា​ពី​បរទេស​នោះទេ​។


​លោកស្រី​រដ្ឋមន្ត្រី​ការ​បរ​ទស​ឥណ្ឌូណេស៊ី Retno Marsudi បាន​អះអាងថា ឥណ្ឌូណេស៊ី នឹងមិន​ឲ្យ​មាន​មូលដ្ឋាន​យោធា​ពី​បណ្តា​ប្រទេស​បរទេស​រាប់បញ្ចូល​ទាំង​ចិន នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​បានឡើយ​។ ប្រតិ​កម្មនេះ ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​មួយ​របស់​ក្រសួងការពារជាតិ​អាមេរិក ដែល​បាន​ព្យាករ​ថា ចិន កំពុង​រៀប​ផែនការ​បំពាក់​មូលដ្ឋាន​យោធា​មួយ​នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ហ្សា​ការ​តា​ប៉ុស្តិ៍​របស់​ឥណ្ឌូណេស៊ី  នា​ស​ន្នី​សីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​០៤ កញ្ញា​កន្លងទៅ លោកស្រី​រដ្ឋមន្ត្រី Retno បាន​សង្កត់ធ្ងន់​យ៉ាងខ្លី​ថា អនុលោម​តាមច្បាប់ និង​គោលការណ៍​នៃ​គោលនយោបាយ​ការបរទេស​ឥណ្ឌូណេស៊ី អធិបតេយ្យ​របស់​ឥណ្ឌូណេស៊ី មិនអាច ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​បរទេស​សាងសង់​មូលដ្ឋាន​យោធា​បានឡើយ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល របាយការណ៍​របស់​ក្រសួងការពារជាតិ​អាមេរិក ដែលមាន​ចំណងជើង​ថា​ការអភិវឌ្ឍ​យោធា និង​សន្តិសុខ​ពាក់ព័ន្ធ​នឹង​ចិន​ប្រចាំឆ្នាំ​២០២០ ត្រូវបាន​ដាក់​ឲ្យ​សភា​អាមេរិក​ពិនិត្យ និង​វាយតម្លៃ​សម្រាប់​អនុវត្ត​គោលនយោបាយ​ទៅកាន់​ចិន​។ របាយការណ៍​នោះ បាន​វិភាគ​ពី​យុទ្ធសាស្ត្រ​ជាតិ​របស់​ចិន​និង​សក្តានុពល​នៃ​ការផ្លាស់ប្តូរ​កងទ័ពរ​បស់​ចិន​នា​រយៈពេល​២០​ឆ្នាំ​ខាងមុខ​។ 
 
​ក្នុង​របាយការណ៍​ដដែល​នោះ បាន​យល់ឃើញថា លើសពី​មូលដ្ឋាន​ដែល​កំពុង​មាននៅ​ប្រទេស​ជី​ប៊ូ​ទី កងទ័ព​ចិន ក៏​ទំនងជា​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ពិចារណា និង​រៀប​ផែនការ​សម្រាប់​ការបំពាក់​មូលដ្ឋាន​យោធា​នៅ​បរទេស​បន្ថែមទៀត ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការគាំទ្រ​វិស័យ​យោធា​របស់ខ្លួន​រាប់បញ្ចូល​ទាំង​ទ័ពជើងទឹក អាកាស និង​ដែន​គោក​។​
 
​ការណ៍​ដែល​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី ត្រូវ​ផ្ទុះ​ប្រតិកម្ម​នោះ​គឺ ក្នុង​របាយការណ៍​ដែលមាន​កម្រាស់​២០០​ទំព័រ​នោះ បាន​បញ្ជាក់ថា កងទ័ព​របស់​ចិន​ទំនងជា​បាន​ពិចារណា លើ​ទីតាំង​សម្រាប់​បំពាក់​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​ប្រទេស​មួយចំនួន​រួមមាន មី​យ៉ាន់​ម៉ា ថៃ សិង្ហ​បុរី ឥណ្ឌូណេស៊ី ប៉ា​គី​ស្ថាន ស្រីលង្កា និង​បណ្តា​ប្រទេស​ដៃគូ​ជិតស្និទ្ធ​មួយចំនួន​ផ្សេងទៀត​៕ 


Tag:
 ចិន​
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com