កីឡាជាតិ
ជាតិ
កីឡាករ ម៉ាត់ នូរុណ បន្តគ្រងកំពូលតារាង Top Scorer ក្រោយជួយបឹងកេតយកឈ្នះវិសាខា
07, Sep 2020 , 2:36 pm        
រូបភាព
កីឡាករ ម៉ាត់ នូរុណ អបអរក្រោយរកបានគ្រាប់បាល់ឲ្យបឹងកេត
កីឡាករ ម៉ាត់ នូរុណ អបអរក្រោយរកបានគ្រាប់បាល់ឲ្យបឹងកេត
ដោយ:
ខ្សែប្រយុទ្ធវ័យក្មេងរបស់បឹងកេត ម៉ាត់ នូរុណ បន្តគ្រងកំពូលតារាងកីឡាករខ្មែររកបានគ្រាប់បាល់ច្រើនជាងគេ(Top Scorer) ប្រចាំសប្តាហ៍ទី១៤នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ នូរុណ ក៏ជាកីឡាករកម្ពុជាទី១ផងដែរ ដែលរកបានពីរគ្រាប់ក្នុងមួយប្រកួត នាជំនួបក្រុមមានពិន្ទុខ្ពស់ជាងគេទាំង៦ក្រុម។

 
កីឡាករ ម៉ាត់ នុរុណ បានបង្ហាញភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ តាមរយៈការបង្ហាញទម្រង់លេងដ៏ល្អ និងបច្ចេកទេសក្នុងការរកគ្រាប់បាល់ប្រកបដោយប្រសិទ្ធិភាព។ ភាពលេចធ្លោនេះ កើតឡើងក្រោយខ្សែប្រយុទ្ធខ្មែរ-អ៊ិស្លាមរូបនេះ បានរួមចំណែកពីរគ្រាប់ ជួយឲ្យក្រុមបឹងកេតយកឈ្នះវិសាខាក្នុងលទ្ធផល ៣-២ នាជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នាកីឡដ្ឋានព្រីនស៍។ 
 
គ្រាប់បាល់ពីរគ្រាប់នេះ ជួយឲ្យកីឡាករ ម៉ាត់ នូរុណ បន្តគ្រងកំពូលតារាងកីឡាករខ្មែររកបានគ្រាប់បាល់ច្រើនជាងគេ ដោយមាន១៥គ្រាប់ ដែលតាមពីក្រោយដោយកីឡាករ រ៉ឹង ប៊ុនហៀង, កែវ សុខផេង និងកីឡាករ សៀង ចន្ធា ដោយរកបានម្នាក់៨គ្រាប់។ ចំណែចកីឡាករ សៀន សុភក្ត្រា របស់អគ្គិសនីកម្ពុជា និងកីឡាករ ណារ៉ុង កក្កដា របស់កងយោធពលខេមរភូមិន្ទរកបានម្នាក់៦គ្រាប់។ 
 
គ្រាប់បាល់នេះ ក៏បានជួយឲ្យ ម៉ាត់ នូរុណ ក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលរកគ្រាប់បាល់បានពីរគ្រាប់ក្នុង១ប្រកួត នាជំនួបក្រុមមានពិន្ទុខ្ពស់ជាងគេទាំង៦ផងដែរ។ ចំណែកកីឡាករ ប្រាក់ មុន្នីឧត្តម ជាកីឡាករកម្ពុជាទីពីរ ក្រោយរូបគេរកបានមួយគ្រាប់ឲ្យព្រះខ័នរាជស្វាយរៀងក្នុងជំនួបជាមួយភ្នំពេញក្រោន។ 
 
នាការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋានព្រីនស៍ រវាងម្ចាស់ផ្ទះវិសាខាជាមួយបឹងកេតបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីនៅតង់ទី១។ ប៉ុន្តែនៅតង់ទីពីរគ្រាប់បាល់ចំនួន៥គ្រាប់ ត្រូវបានក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក។ កីឡាករ Mihal Jevic Filip ជាអ្នករកគ្រាប់បាល់បើកឆាកឲ្យម្ចាស់ផ្ទះវិសាខា ដើម្បីនាំ ១-០ លើក្រុមបឹងកេតនៅនាទីទី៥៥។ តែ៣នាទីក្រោយមកខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បានរកគ្រាប់បាល់តាមស្មើ ១-១ ឲ្យក្រុមបឹងកេត ដែលធ្វើឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ។
 
គ្រាប់បាល់នាំមុខ ២-១ សម្រាប់ភ្ញៀវបឹងកេតបានកើតឡើងនៅនាទីទី៦៣ ដែលរកបានដោយកីឡាករ Gopane Mothusi មុនខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Koredr សម្រេចគ្រាប់បាល់តាមស្មើ ២-២ ឲ្យវិសាខានៅនាទីទី៧១។ អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ដែលបានទស្សនាការប្រកួតនេះ ជឿជាក់១០០ភាគរយថា ក្រុមទាំងពីរនឹងបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ 
 
ប៉ុន្តែរឿងមិននឹងស្មានដល់មួយបានកើតឡើងសម្រាប់អ្នកគាំទ្របឹងកេត ក្រោយកីឡាករ ម៉ាត់ នូរុណ បានស៊ុតគ្រាប់បាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី៩០+៥ ដើម្បីនាំជ័យជម្នះ ៣-២ ឲ្យក្រុមបឹងកេតលើម្ចាស់ផ្ទះវិសាខា។ គ្រាប់ចុងក្រោយនេះ ធ្វើឲ្យវិសាខា ដែលត្រូវការជ័យជម្នះជាចាំបាច់ រងការខកចិត្តយ៉ាងខ្លាំង ដ្បិតបរាជ័យនេះធ្វើឲ្យឱកាសប្រជែងដណ្តើមជើងឯកនៅរដូវកាលនេះកាន់តែខើចខ្លី។ 
 
ជ័យជម្នះខាងលើជួយឲ្យបឹងកេតបន្តឈរកំពូលតារាងដោយមាន៣៥ពិន្ទុជាមួយកំណត់ត្រាមិនស្គាល់ចាញ់១៣ប្រកួតជាប់គ្នា។ ចំណែកវិសាខា ដែលឈរលេខរៀងទី៣សប្តាហ៍មុន ធ្លាក់ទៅឈរលេខរៀងទី៥ដោយរក្សា២៣ពិន្ទុ ខណៈការប្រកួតនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ។ 
 
ចំណែកកាប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រោមថ្វីជើងភ្នំពេញក្រោនក្នុងលទ្ធផលយ៉ាងប្រផិតផើយ ២-១ ដោយគ្រាប់បាល់ទាំងបីកើតឡើងនៅតង់ទី១។ នៅក្នុងការប្រកួតនោះ កីឡាករ Rafael Adres Nieto Rondon បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យភ្ញៀវភ្នំពេញក្រោន ក្រោយការប្រកួតតង់ទី១ដំណើរការបាន៦នាទី។ 
 
នៅនាទីទី២៣ កីឡាករ ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់តាមស្មើ ១-១ ក្រោយមកនៅនាទីទី៣៥កីឡាករ Rafael Adres Nieto Rondon បានបន្ថែមមួយគ្រាប់ទៀត ដើម្បីជួយបឹងកេតនាំមុខ ២-១ សាជាថ្មី។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ 
 
ជ័យជម្នះនេះ ជួយឲ្យភ្នំពេញក្រោនឡើងទៅឈរលេខរៀងទី៣បណ្តោះអាសន្នដោយមាន២៥ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀងបន្តឈរលេខរៀងទី២ដោយរក្សា៣១ពិន្ទុ។ 
 
សម្រាប់ការប្រកួតនៅអាទិត្យនោះដែរ ក្រុមសូលទីឡូអង្គរបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ២-១៕    

Tag:
 បាល់ទាត់
  ម៉ាត់ នូរុណ
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com