ភ្នំពេញ៖ សិស្សានុសិស្សចាប់ពីថ្នាក់មេត្តយ្យដល់ថ្នាក់មធ្យមសិក្សាដែលបានចូលរៀននៅសាលារៀនវិញដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល បានសម្តែងក្តីរីករាយជាខ្លាំងក្រោយពួកគេខានមករៀននៅសាលាអស់រយៈពេល៦ខែមកហើយ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។
នាថ្ងៃទី៧ ខែកញ្ញា នៅតាមសាលារៀនគ្រប់កម្រិតថ្នាក់ដែលស្ថិតនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវបានក្រសួងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញទាំងអស់។ ដោយសារតែក្រសួងយល់ថាសាលានៅខេត្តទាំងនោះមានហានិភ័យឆ្លងទាប។
ចំណែកនៅតាមសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដទៃទៀត ក៏បានបើកដំណើរឡើងវិញផងដែរ។ ប៉ុន្តែអនុញ្ញាតឲ្យបើកត្រឹមតែថ្នាក់មត្តេយ្យ និងថ្នាក់ទី៩ និងទី១២។ ចំណែកសិស្សថ្នាក់ទី៧,៨,១០ និងទី១១គឺបានបញ្ចប់ការសិក្សាសម្រាប់ឆ្នាំ២០១៩-២០២០ហើយ។ ពួកគេនឹងត្រូវឡើងថ្នាក់ថ្មី និងចូលរៀនវិញនៅពេលដែលក្រសួងអប់រំប្រកាសសាជាថ្មី។
យុវសិស្ស គា រស្មីវឌ្ឍនា រៀននៅថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីមសាមគ្គី ដែលកំពុងតែអង្គុយរង់ចាំវេនសិក្សានៅម៉ោង៨ព្រឹកនាថ្ងៃបើកសាលាដំបូង នៅក្នុងបរិវេណសាលាបានបញ្ជាក់ថា នាងរីករាយនឹងការត្រឡប់មករៀននៅក្នុងថ្នាក់រៀនវិញក្រោយខានមកសាលាអស់រយៈពេល៦ខែមកហើយ។
យុវសិស្ស គា រស្មីវឌ្ឍនា ដែលបានពាក់ម៉ាស់ និងមានទឹកអាល់កុលនៅជាប់ខ្លួន បានរៀបរាប់ដូច្នេះថា៖«ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានមករៀនវិញ។ ព្រោះអីយើងបានមករៀនគឺយើងបានបំប៉នសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃខាងមុខ។ ពីព្រោះខ្ញុំដឹងខ្លួនខ្ញុំបើនៅរៀនតាមអនឡាញ មិនថាតែខ្ញុំ និងសិស្សដទៃទៀតទេ បើនៅបន្តរៀនតាមអនឡាញទៀតគឺមានភាគរយនៃការជាប់តិចណាស់។ តែបើរៀននៅសាលាយើងនឹងមានគ្រូបំប៉ន ពេលយើងអត់ចេះគឺយើងអាចសួរគាត់បាន»។
សម្រាប់ យុវសិស្ស បាន សិទ្ធិជោគ ដែលជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីមសាមគ្គីក៏មានក្តីរីករាយដូចនឹងសិស្សដទៃទៀតផងដែរ។ យុវសិស្សរូបនេះបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែនៃការរៀនតាមអនឡាញកន្លងមក យុវសិស្ស សិទ្ធិជោគបានទទួលចំណេះដឹងបានច្រើនគួរសម ដែលធ្វើឲ្យរូបគេជាក់ជឿថានឹងប្រឡងបាក់ឌុបជាប់។ រយៈពេលការសិក្សា៣ខែតទៅមុខទៀតនេះ រូបគេនេះនឹងខិតខំរៀនដើម្បីទទួលបានភាពជោគជ័យលើការប្រឡងបាក់ឌុប។
យុវសិស្ស បាន សិទ្ធិជោគ បានរៀបរាប់ដូច្នេះថា៖«រយៈពេល៦ខែដែលរៀនតាមអនឡាញ ខ្ញុំទទួលបានចំណេះដឹងច្រើន។ ចំពោះនៅសល់រយៈពេល៣ខែខាងមុខទៀត ខ្ញុំនឹងខិតខំរៀនជាងហ្នឹង ហើយខ្ញុំសង្ឃឹមប្រឡងជាប់៧០ ទៅ៨០ភាគរយ។ ពេលខ្ញុំស្វ័យសិក្សានៅផ្ទះខ្ញុំអត់យល់ ខ្ញុំនឹងយកមកសួរគ្រូនៅសាលា»។
សូមបញ្ជាក់ថា ក្រសួងអប់រំអនុញ្ញាតឲ្យសិស្សថ្នាក់មត្តេយ្យចូលរៀននៅតាមសាលារៀនវិញត្រឹមតែរយៈពេល២ ទៅ៣ថ្ងៃក្នុងមួយសប្តាហ៍ ហើយថ្ងៃដែលនៅសល់គឺត្រូវរៀនតាមអនឡាញវិញ។ ចំណែកសិស្សថ្នាក់ទី៩ និងទី១២ ត្រូវរៀននៅសាលាជារៀងរាល់ថ្ងៃ ដើម្បីឲ្យសិស្សថ្នាក់ទី៩និងទី១២ទទួលបានចំណេះដឹងសម្រាប់ត្រៀមប្រឡងឌីប្លូមនៅថ្ងៃទី៣០ ខែវិច្ឆិកា និងបាក់ឌុបនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួន ណារ៉ុន បានអះអាងថា ការសម្រេចឲ្យបើកសាលារៀនឡើងវិញ មិនមែនបើកទាំងប្រថុយប្រថានឡើយ ។ លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា ការបើកដំណើរការគ្រឹះស្ថានសិក្សាវិញនេះ គឺអនុវត្តតាមស្តង់ដា សុវត្ថិភាព(SOP) តាមការណែនាំរបស់ក្រសួងសុខាភិបាល។ រដ្ឋមន្ត្រីអប់រំ បានសង្កត់ធ្ងន់ថា សាលារៀនត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕