កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ត្រូវដកសិទ្ធិចេញពីកម្មវិធី US Open ក្រោយវាយបាល់ទៅចំកអាជ្ញាកណ្តាល
07, Sep 2020 , 4:51 pm        
រូបភាព
Novak Djokovic ត្រូវបានដកសិទ្ធិចេញពីព្រឹត្តិការណ៍កីឡាវាយកូនបាល់ US Open ឆ្នាំ២០២០ ក្រោយវាយបាល់ចំអាជ្ញាកណ្តាលខ្សែបន្ទាត់ នាជំនួបជុំទី៤ នៅថ្ងៃទី៦ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ BBC។


អ្នកវាយកូនបាល់លំដាប់ទី ១ ពិភពលោក Djokovic បានបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួនបន្ទាប់ពីត្រូវកីឡាករអេស្ប៉ាញ Pablo Carreno Busta នាំមុខក្នុងលទ្ធផល ៦-៥ នៃសិតទី១ នាព្រឹត្តិការណ៍ Gram Slam របស់អាមេរិកនេះ។ ពេលនោះ កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះ បានដកបាល់ចេញពីហោប៉ៅ ហើយវាយទៅក្រោយ។ បាល់ក៏ហោះទៅចំបំពង់កអាជ្ញាកណ្តាលខ្សែបន្ទាត់ស្រ្តីដែលស្ថិតនៅពីក្រោយនោះ។ ស្ត្រីអាជ្ញាកណ្តាលនោះបានដួលក្នុងតំបន់ដែលខ្លួនឈរ ហើយមើលទៅដូចជាពិបាកដកដង្ហើម។

 
 
សហព័ន្ធកីឡាវាយកូនបាល់អាមេរិក (USTA) បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា៖« យោងទៅតាមគោលការណ៍ Gram Slam តាមរយៈទង្វើដែលបានវាយបាល់ដោយចេតនាដ៏គ្រោះថ្នាក់ ឬដោយមិនប្រុងប្រយ័ត្ន និងធ្វេសប្រហែស ដូច្នេះ Novak Djokovic ត្រូវដកសិទ្ធិចេញពីការប្រកួត US Open ឆ្នាំ ២០២០នេះតែម្តង»។ 
 
Djokovic ដែលជាម្ចាស់ជើងឯក US Open ៣សម័យ ក្នុងចំណោម Grand Slam ទាំង១៧ របស់ខ្លួន បានដាក់គោលដៅដណ្តើមយកពានដែលប្រកួតក្រោមលក្ខខណ្ឌបិទទ្វារកីឡដ្ឋានដោយសារជំងឺរាតត្បាត COVID-19 នៅឆ្នាំ២០២០នេះ ដើម្បីឈានទៅកៀកគូប្រជែង Rafael Nadal និង Roger Federer ដែលឈ្នះពានធំៗរៀងៗខ្លួន។ Nadal និង Federer បានដកខ្លួនចេញពីកម្មវិធីនៅទឹកដីអាមេរិកនេះ ដោយសារខ្លាច COVID-19។
 
ក្រោយ USTA ដកចេញពីកម្មវិធីនេះ Djokovic មិនបានតវ៉ាអ្វីឡើយ ហើយថែមទៀតទទួលយកកំហុស និងបានសុំទោសទៅកាន់អាជ្ញាកណ្តាល កម្មវិធីទាំងមូល ព្រមទាំងអ្នកគាំទ្រទាំងអស់ផងដែរ។
 
Carreno Busta ដែលឈ្នះ Djokovic ដោយស្វ័យប្រវត្តិ នឹងត្រូវបន្តប្រកួតជាមួយ Denis Shapovalov នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីកីឡាករសញ្ជាតិកាណាដាអាយុ ២១ ឆ្នាំ បានយកឈ្នះ David Goffin ក្នុងលទ្ធផល ៦-៧ ( Tie Break ០-៧), ៦-៣, ៦- ៤ និង ៦-៣៕



Tag:
 US Open
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com