រថយន្ត
អន្តរជាតិ
នាយកក្រុមប្រណាំងរថយន្ត លោក Toto Wolff អះអាងថា លោកបន្តនៅជាមួយ Mercedes
07, Sep 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
លោក Toto Wolff នាយកក្រុមប្រណាំងរថយន្ត Mercedes-AMG Petronas F1 Team បានអះអាងថា លោកបន្តនៅជាមួយ Mercedes នៅឆ្នាំក្រោយ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីតួនាទីពិតប្រាកដរបស់ខ្លួននោះឡើយ។ នេះបើតាមការផ្សាយរបស់ BBC។

 
លោក Wolff សញ្ជាតិអូទ្រីសអាយុ៤៨ឆ្នាំ បានចូលរួមជាមួយក្រុមប្រណាំងរថយន្ត Mercedes តាំងពីឆ្នាំ២០១៣មក ដោយមានកំណត់ត្រាឈ្នះ៦៧ភាគរយក្នុងតួនាទីលោកជាអគ្គនាយក និងជាម្ចាស់ភាគហ៊ុនមួយរូប។
 
ក្រោមការដឹកនាំរបស់លោក ក្រុមប្រណាំង Mercedes ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ F1 ដោយក្រុមឈ្នះទាំងជើងឯកអ្នកបើកបរ (Driver) និងក្រុមហ៊ុន (Constructor) ចំនួន៦រដូវកាលជាប់គ្នា។ ប៉ុន្តែកិច្ចសន្យារបស់លោកជាមួយក្រុមហ៊ុនឈានដល់ទីបញ្ចប់នៅឆ្នាំនេះ។
 
«ខ្ញុំស្រឡាញ់ក្រុមនេះណាស់ ហើយខ្ញុំគិតថា នេះទីកន្លែងរបស់ខ្ញុំ»។ លោក Wolff បានលើកឡើងយ៉ាងដូច្នេះ ក្រោយកាន់កាប់តំណែងជានាយកក្រុម Mercedes-AMG Petronas F1 Team ឈានចូលដល់៨ឆ្នាំ។
 
លោក Wolff ដែលមានភាគហ៊ុន៣០ភាគរយនៅក្នុងក្រុម បានអះអាងថា វាមានសារសំខាន់ខ្លាំងណាស់សម្រាប់លោកក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវមួយសម្រាប់គ្រួសារ និងខ្លួនឯងផ្ទាល់។ «ប៉ុន្តែអ្នកអាចជឿជាក់ថា ខ្ញុំនឹងចូលរួមក្នុងក្រុមនេះ ត្រូវផ្លូវមួយ ឬផ្លូវមួយផ្សេងទៀត»។ 
 
តាមពិតទៅលោក Wolff មានពេលពិចារណារហូតដល់ថ្ងៃទី៣១ ខែធ្នូ ប៉ុន្តែលោកបានសម្រេចមិនទាន់ចេញពីក្រុមសំណព្វរបស់ខ្លួននោះឡើយ ហើយអ្វីដែលលោកធ្វើបានជោគជ័យនោះ គឺការបន្តកិច្ចសន្យាថ្មីជាមួយ Lewis Hamilton ម្ចាស់ជើងឯកពិភពលោក៦ជំនាន់។
 
អ្នកស្រី Susie សញ្ជាតិស្កុតឡេន ដែលជាភរិយាទី២របស់លោក Wolff ក៏ជាប្រធានក្រុម Venturi ក្នុងក្របខណ្ឌ Formula E ផងដែរ ហើយពួកគាត់មានកូនប្រុសមួយជាមួយគ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com