ភ្នំពេញ៖ ពន្ធមូលធន នឹងចាប់ផ្ដើមអនុវត្ត នៅថ្ងៃទី១មករា ឆ្នាំ២០២១។ រាជរដ្ឋាភិបាល នឹងប្រមូលពន្ធចំណេញលើមូលធនចំនួន២០ភាគរយ។ អ្នកជំនាញអចលនទ្រព្យ បារម្ភពីផលប៉ះពាល់ដល់វិស័យដីធ្លី ដោយសារការយកពន្ធមូលធននេះ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងបន្តអូសបន្លាយ។ តែអ្នកសេដ្ឋកិច្ច មើលឃើញពីផលវិជ្ជមាននៃការយកពន្ធមូលធននេះថា ជាយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះវិស័យអចលនទ្រព្យ ។ មូលធនសំដៅដល់អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសមុនហើយថា រាជរដ្ឋាភិបាល នឹងប្រមូលពន្ធលើការចំណេញអចលនទ្រព្យ និងពន្ធប្រាក់ចំណេញមូលធន ចំនួន២០ភាគរយ នៅដើមឆ្នាំ២០២១។ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា គម្រោងដាក់ឱ្យអនុវត្តការយកពន្ធមូលធននេះ ធ្វើឡើងស្របពេលដែលសេដ្ឋកិច្ចកម្ពុជា ឈរនៅក្នុងកម្រិតមួយសមរម្យ។
អ្នកជំនាញសេដ្ឋកិច្ច យល់ថា វិធានការប្រមូលពន្ធមូលធននេះ វាផ្ដល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩។ សម្រាប់លោក គី សេរីវឌ្ឍន៍ ការយកពន្ធមូលធននេះ មិនមានអ្វីប្លែកទេ ខណៈបណ្ដាប្រទេសអាស៊ាន និងអឺរ៉ុបខ្លះ បានអនុវត្តទៅហើយ។
បណ្ឌិតសេដ្ឋកិច្ចរូបនេះ ព្យាយាមពន្យល់ថា ពន្ធមូលធន២០ភាគរយ វាមិនច្រើនទេ បើធៀបនឹងប្រទេសដទៃ ដូចជាអាល្លឺម៉ង់ កូរ៉េ ដែលគេកំណត់ពន្ធរហូតដល់៣០ភាគរយ ។ លោក គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ដ្បិតរដ្ឋាភិបាលកំណត់ពន្ធមូលធន២០ភាគរយមែន ប៉ុន្តែវាមិនប៉ះពាល់ដល់អ្នករកស៊ីក្នុងស្រុកខ្លាំង ដូចអ្នករកស៊ី និងធ្វើការនៅក្រៅប្រទេសទេ ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ បណ្ឌិតសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ពន្ធលើមូលធននេះ បើនៅអឺរ៉ុបវិញ គឺគេយកយូរមកហើយ។ តែរដ្ឋាភិបាលយើងមិនដែលយក។ ឥឡូវនេះ រដ្ឋាភិបាលចាប់ផ្ដើមអនុវត្តគោលនយោបាយយកពន្ធលើមូលធនហ្នឹង បើយើងធ្វើការនៅក្រៅប្រទេស វិនិយោគនៅក្រៅប្រទេស យើងមានប្រាក់ចំណេញ យើងត្រូវបង់ពន្ធត្រឡប់ជូនរដ្ឋ។ ហើយខ្ញុំជឿថាអ្វីដែលរដ្ឋាភិបាលធ្វើហ្នឹង គឺមិនច្រើនទេ ព្រោះអីការយកពន្ធនេះ ការវិនិយោគយើងនៅខាងក្រៅមានតិចទេ ។ភាគច្រើនយើង មានពលករដែលធ្វើការនៅប្រទេសកូរ៉េ ជប៉ុនអីទេ ដែលជាប់ពន្ធហ្នឹង ចំណែកឯពលករធ្វើការនៅថៃ គាត់បានប្រាក់កម្រៃគឺមិនជាប់ពន្ធទេ គឺបានន័យថា ទឹកប្រាក់ដែលហូរចេញចូលហ្នឹងគឺតាមច្រកព្រំដែន លើកលែងលុយផ្ទេរតាមប្រព័ន្ធធនាគារទើបត្រូវបានបង់២០ភាគរយ»។
សម្រាប់លោក គី សេរីវឌ្ឍន៍ ការយកពន្ធមូលធននេះ វាជាការបំពេញបន្ថែម លើការយកពន្ធរកស៊ី ឬ វិនិយោគ ដែលរដ្ឋាភិបាលបានអនុគ្រោះ ក្នុងអត្រាកម្រិតពន្ធទាបកន្លងមក។ បើតាមបណ្ឌិតសេដ្ឋកិច្ចរូបនេះ ការអនុវត្តពន្ធមូលធន ក៏ជាយុទ្ធស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ផងដែរ។ «កាលណាគេនិយាយទ្រឹស្តីសេដ្ឋកិច្ច ការដំឡើងពន្ធរបស់រដ្ឋាភិបាល មានន័យថា ទាក់ទងនឹងថវិការដ្ឋ ដែលត្រូវការដើម្បីបង្កើនចំណាយ វាជាយុទ្ធសាស្ត្រមួយនៃគោលនយោបាយសារពើពន្ធ ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ក្រោយពេលកូវីដ-១៩ ។ អ៊ីចឹងខ្ញុំជឿថា វាជាយុទ្ធសាស្ត្រនៃការស្ដារសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះឡើងវិញ សម្រាប់ក្រោយកូវីដ-១៩ នៅក្រោយឆ្នាំ២០២១នេះ។អ៊ីចឹងហើយការប្រមូលពន្ធបន្ថែមនេះ វាជាឧបករណ៍មួយជួយជំរុញកំណើនសេដ្ឋកិច្ចដើរ»។នេះជាការបញ្ជាក់របស់អ្នកជំនាញសេដ្ឋកិច្ច។
ដ្បិតអ្នកសេដ្ឋកិច្ច អះអាងថា ការយកពន្ធមូលធន មិនប៉ះពាល់ដល់អ្នករកស៊ីក្នុងស្រុកក្តី ប៉ុន្តែអ្នកអចលនទ្រព្យកំពុងបារម្ភពីការយកពន្ធនេះ។ ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បាននិយាយថា បើរដ្ឋនឹងអនុវត្តយកពន្ធមូលធននេះមែន នោះអ្នករកស៊ីវិស័យអចលនទ្រព្យ នឹងរងផលប៉ះពាល់។ លោក អះអាងថា ការយកពន្ធនេះ វាគឺជាការបន្ថែមបន្ទុកដល់អ្នករកស៊ីវិស័យអចលនទ្រព្យទៅវិញទេ ខណៈដែលពួកគេកំពុងប្រឈមមុខធ្លាក់ចុះចំណូល ដោយសារបញ្ហាកូវីដ-១៩។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានលើកឡើងដូច្នេះថា៖«ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ រាល់ថ្ងៃដំណើរការដោយសារអ្នកទិញនៅក្នុងស្រុកទេ ពាក់ព័ន្ធនឹងបរទេសសឹងតែមិនសូវមាន(អ្នកទិញ)ហើយ។ អ៊ីចឹងបញ្ហាការអនុវត្តពន្ធសម្រាប់មូលធននេះ ខ្ញុំគិតថា វាជាពេលវេលាដែលលំបាកសម្រាប់អ្នកវិនិយោគិននៅក្នុងប្រទេសរបស់យើង ដើម្បីទ្រទ្រង់នូវវិស័យអចលនទ្រព្យនេះ។ ហើយប្រសិនជាពន្ធនេះ ត្រូវបានអនុវត្តពិតប្រាកដមែន ខ្ញុំមើលឃើញថាវា គឺជាអម្រែកយ៉ាងធ្ងន់សម្រាប់អ្នកវិនិយោគិនទៅលើវិស័យអចលនទ្រព្យ ហើយរដ្ឋាភិបាលក៏ជួបប្រឈមនូវបញ្ហាមួយចំនួនដែរ។ ប្រសិនជាពន្ធនេះចេញឡើង ដូច្នេះខ្ញុំគិតថា ការទិញដូរ(អចលនទ្រព្យ)មួយចំនួននឹងធ្លាក់ចុះ»។
សម្រាប់លោក ច្រឹក សុខនីម ឆ្នាំ២០២១ខាងមុខនេះ មិនមែនជាពេលវេលាត្រូវកំណត់យកពន្ធមូលធន ឬពន្ធផ្សេងៗលើអ្នករកស៊ី ឬពលរដ្ឋនោះទេ ។ លោកថា រដ្ឋាភិបាលគួរតែជួយដល់វិស័យវិនិយោគនៅកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ ដែលត្រូវការទុនវិនិយោគបន្ថែម ក្រោយវិបត្តិកូវីដ-១៩ផុតរលត់។
«ជាទស្សនផ្ទាល់ខ្លួនរបស់ខ្ញុំ! ការយកពន្ធ គឺជាចំណុចបន្ថែមចំណូលរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែធម្មតាបើយើងចង់បានមួយ គឺវាប៉ះពាល់មួយទៀតហើយ ។ អ៊ីចឹងបើរដ្ឋទាមទារពន្ធច្រើន វាធ្វើឱ្យអ្នកលក់(អចលនទ្រព្យ) គេបូកបន្ថែម(តម្លៃ)ហើយ នូវទឹកលុយដែលគេត្រូវលក់ អ៊ីចឹងបើគេបូកបន្ថែមហើយ គេអត់ឃើញចំណេញ គឺគេអត់ត្រូវលក់ដែរ ដូច្នេះរដ្ឋក៏ខាតចំណូលដូចគ្នាដែរ ។នេះទី១។ ទី២ វាធ្វើឱ្យចរន្តទឹកប្រាក់នេះ វាអត់សូវចលនាដើម្បីរុញច្រាននៅក្នុងវិស័យសេដ្ឋកិច្ច កាលណាអត់សូវមានការដោះដូរច្រើន លុយក៏វាពិបាកវិលក្នុងវិស័យដីធ្លី អ៊ីចឹងវាកប់ទៅមួយៗ វាធ្វើឱ្យកំណើនសេដ្ឋកិច្ចក្នុងស្រុកហ្នឹង លំបាកតទៅទៀត។ ទី៣ យើងមើលឃើញថា បរិបទក្នុងពិភពលោកកំពុងជួបបញ្ហាយ៉ាងខ្លាំង អ៊ីចឹងបណ្ដាប្រទេសផ្សេងៗទៀត គេមានតែបញ្ចេញទុនច្រើន តែយើងបន្ថែមបន្ទុកទៅដល់អ្នកវិនិយោគទុន។ ខ្ញុំគិតថាមិនមែនជាពេលវាលាមួយសមរម្យ ដែលត្រូវអនុវត្តធ្វើការងារប្រមូលពន្ធនេះទេ»។ នេះជាការបញ្ជាក់របស់លោក ច្រឹក សុខនីម ដែលបន្ថែមថា រដ្ឋអាចយកពន្ធមូលធននេះ នៅពេលសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែមិនមែនក្នុងបរិបទវិបត្តិកូវីដ-១៩ អូសបន្លាយពេល ដោយគ្មានការកំណត់នេះឡើយ។
ផ្ទុយពីការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យនេះ លោក គី សេរីវឌ្ឍន៍ អះអាងថា វិស័យអចលនទ្រព្យ គឺមិនងាយដួលឡើយ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ យល់ឃើញបែបវិជ្ជមានវិញថា ការអនុវត្តពន្ធមូលធន គឺជាការទប់ស្កាត់មិនឱ្យវិស័យអចលនទ្រព្យប៉ោងផ្ទុះទៅវិញទេ។ ត្រង់ចំណុចនេះលោក សេរីវឌ្ឍន៍ ពន្យល់ថា នៅពេលការអនុវត្តពន្ធមូលធនចូលជាធរមាន វាធ្វើឱ្យពលរដ្ឋឈប់នាំគ្នាសម្រុកទិញ និងលក់ដីដូចមុន ព្រោះតម្លៃអចលនទ្រព្យឡើងខ្ពស់ដោយសារកម្រិតពន្ធ ហើយករណីចាក់ដីលុបបឹង ដើម្បីលក់ដីនោះ ក៏លែងសូវមានទៀតដែរ។ ជាពិសេសវានឹងជំរុញឱ្យការប្រើប្រាស់ដីធ្លី មានគោលដៅច្បាស់លាស់ និងបង្កើនកំណើនផលិតកម្មទៀតផង។
«ដោយសារទីផ្សារអចលនទ្រព្យនេះ វាលូតលាស់លឿន ហើយវាជាទីផ្សារដែលមានហានិភ័យ អ៊ីចឹងការយកពន្ធនេះ ក៏ជាការជួយទប់កុំឱ្យការលូតលាស់ហ្នឹងវាលឿនខ្លាំងពេក ដែលឈានទៅវិបត្តិ(សេដ្ឋកិច្ចដីធ្លី)ដូចកាលពីឆ្នាំ២០០៨។ ដូច្នេះពន្ធនេះ ក៏ជាការរក្សាលំនឹងមីក្រូសេដ្ឋកិច្ចដែរ ព្រោះឥឡូវនេះអ្នកសេដ្ឋកិច្ចកំពុងមានការព្រួយបារម្ភចំពោះការលូតលាស់លឿននៃអចលនទ្រព្យ …។ ដូច្នេះហើយបានជារដ្ឋាភិបាល ដាក់កម្រិតគោលនយោបាយពន្ធនេះ គឺសម្រាប់រក្សាលំនឹងសេដ្ឋកិច្ច អ៊ីចឹងម្នាក់ៗមានការព្រួយបារម្ភ ខ្លាចរអាលក្នុងការរកស៊ីទិញ-លក់ដី។ ដូច្នេះវាជួយបង្អាក់(ការរកស៊ីដីធ្លី)បានមួយរយៈ កុំឱ្យវាដល់កម្រិតមួយទុំជោរ។ អ៊ីចឹងខ្ញុំគិតថា វាជាយុទ្ធសាស្ត្រមួយ »។ នេះបើតាមអ្នកជំនាញសេដ្ឋកិច្ច។
រាជរដ្ឋាភិបាល នឹងចាប់ផ្តើមប្រមូលពន្ធលើចំណេញលើមូលធនចំនួន២០ភាគរយ ចាប់ថ្ងៃទី១មករា ឆ្នាំ២០២១។ រដ្ឋាភិបាលបានបង្កើតពន្ធប្រភេទនេះ នៅក្នុងច្បាប់ថវិកាជាតិ តាំងឆ្នាំ២០១០ មកម្ល៉េះ ហើយឱ្យអនុវត្តការយកពន្ធនេះនៅក្នុង ឆ្នាំ២០២០។ ប៉ុន្តែ ដោយសារត្រូវការពេលវេលាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តនៅដើមឆ្នាំ២០២១។នេះជាការលើកឡើងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៧ សីហា។
ចំពោះការអនុវត្តពន្ធមូលធននេះ មានវិធីពីរសម្រាប់អ្នកជាប់ពន្ធជ្រើសរើស គឺវិធីកាត់កងចំណាយ៨០ភាគរយនៃប្រាក់ចំណូលដែលទទួលបានពីការលក់ឬផ្ទេរទ្រព្យ និងវិធីកាត់កងតាមចំណាយជាក់ស្ដែង(ដោយផ្ទៀងផ្ទាត់ជាមួយឯកសារទិញលក់នានា) ។ នេះសម្រាប់ពន្ធមូលធនលើការទិញ-លក់អចលនទ្រព្យ។
សម្រាប់មូលធនដទៃទៀត ក្រៅពីអចលនទ្រព្យ គឺកាត់កងតាមការចំណាយជាក់ស្ដែង។ ចំពោះអ្នកអនុវត្តពន្ធ គឺជននិវាសនជន និងអនិវាសនជន៕