ជាតិ
រដ្ឋាភិបាល​គាំទ្រ​ការវិនិយោគ​ចម្ការ​ឈើ​ដាំ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ​
08, Sep 2020 , 10:04 am        
រូបភាព
សកម្មភាព​មន្ត្រីនៃ​ក្រសួង​បរិស្ថាន​ចុះទស្សនកិច្ចនៅចម្ការឈើដាំរបស់​ក្រុមហ៊ុន ស៊ីងបាយអូថេក កាល​ពី​ថ្ងៃទី៤កញ្ញាឆ្នាំ២០២០
សកម្មភាព​មន្ត្រីនៃ​ក្រសួង​បរិស្ថាន​ចុះទស្សនកិច្ចនៅចម្ការឈើដាំរបស់​ក្រុមហ៊ុន ស៊ីងបាយអូថេក កាល​ពី​ថ្ងៃទី៤កញ្ញាឆ្នាំ២០២០
​ក្រចេះ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួងប​រិ​ស្ថាន គាំទ្រ​សកម្មភាព និង​ការវិនិយោគ​ចម្ការ​ឈើ​ដាំ ដើម្បី​ជំនួស​ឱ្យ​ការកាប់​ឈើ​ធម្មជាតិ យកទៅ​ធ្វើ​គ្រឿង​សង្ហា​រឹម និង​ការប្រើប្រាស់​ផ្សេងៗ​។ បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ការពារ​ព្រៃ​ធម្មជាតិ ដើម្បី​រួមចំណែក​ជួយ​បរិស្ថាន និង​ទ្រទ្រង់​ជីវិត​ជាស​កល ព្រមទាំង​អាច​ទាញ​ចំណូល​ពី​ឈើ​ឈរ​ដោយ​ការលក់​ឥណទាន​កាបូន​។​



​បច្ចុប្បន្ន​ព្រៃឈើ​ប្រមាណ​៤១​ភាគរយ  ក្នុងចំណោម​ព្រៃឈើ​សរុប​នៅ​ទូទាំងប្រទេស​ប្រមាណ​៤៧,៩៧​ភាគរយ ត្រូវ​បានដាក់​ក្នុង​តំបន់​ការពារ និង​ដែន​អភិរក្ស ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ព្រៃ​អភិរក្ស​ទាំងនោះ​មានដូចជា ដែនជម្រកសត្វព្រៃ ដែន​ឧទ្យាន​ជាតិ តំបន់​រាម​សា និង​តំបន់​ផ្សេងៗ​ទៀត សរុប​ចំនួន​៦៦​ក​ន្លែ​ក ដែលមាន​ផ្ទៃដី​ប្រមាណ​ជា​៧,៣​លាន​ហិកតា គ្របដណ្ដប់​នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​ព្រៃ​ឡង់​។​


រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា កំពុងធ្វើបទបង្ហាញអំពីដែនអភិរក្សព្រៃព្រៃឡង់ ក្នុងទីសា្នក់ការ កាលពី​ថ្ងៃ​ទី​៤ខែកញ្ញាឆ្នាំ២០២០

​ក្នុង​ដំណើរ​ចុះទៅ​មើល​ចម្ការ​ឈើ​ដាំ របស់​ក្រុមហ៊ុន ស៊ី​ង​បាយ​អូ​ថេ​ក អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ចម្ការ​ឈើ​ដាំ​បានរួម​ចំណែក​ជួយ​កាត់បន្ថយ​ការកាប់​ព្រៃ​ធម្មជាតិ យកទៅ​ធ្វើ​គ្រឿង​សង្ហា​រឹម និង​ការប្រើប្រាស់​ផ្សេងៗ​។ 
 
​សូមបញ្ជាក់ថា ផ្ទៃដី​សម្បទាន​ដែល​ក្រុមហ៊ុន ស៊ី​ង​បាយ​អូ​ថេ​ក បានទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល មាន​ចំនួន ៣៤​ពាន់​ហិកតា​ស្ថិតក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​ការដាំ​ឈើ​មួយចំនួន ដូចជា​ឈើ​គ្រញូង អាកាស្យា ដើម​ប្រេងខ្យល់ និង​ដើមឈើ​មួយចំនួនទៀត ដើម្បី​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម ក៏ដូចជា​ធ្វើ​ក្ដារ​កុង​ប្លា​កេ​ជាដើម​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០២០​កន្លងទៅ នៅក្នុង​តំបន់​ព្រៃ​ឡង់ លោក នេត្រ ភក្ត្រា ក៏បាន​បញ្ជាក់​ផងដែរ​ថា ការរក្សា​ព្រៃ​ធម្មជាតិ​មិន​ត្រឹមតែ​អាច​ការពារ​បរិស្ថាន រក្សា​ជម្រក​សត្វព្រៃ និង​ការពារ​ប្រភព​ជីវចម្រុះ​ប​ណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ តាមរយៈ​ការទាញយក​អនុផល​ព្រៃឈើ ដូចជា​ការរក​ឃ្មុំ ចៀរ​ជ័រទឹក រក​ផ្សិត និង​បេះ​បន្លែ​ផ្សេងៗ​។ បន្ថែម​ពី​នោះ​ឈើ​ឈរ​ទាំងនោះ ក៏បានផ្ដល់​ប្រាក់​ប្រមាណ​ជា​១១,៦​លាន​ដុល្លារ​អាមេរិក តាមរយៈ​ការលក់​ឥណទាន​កាបូន​ផងដែរ​។​
 
​កម្ពុជា​បាន​លក់​ឥណទាន​កាបូន នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី នៅ​ព្រៃ​តា​តៃ និង​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​តំបន់​ខេត្តកោះកុង ហើយ​បច្ចុប្បន្ន​ក្រសួង​កំពុង​អនុវត្តន៍​សាកល្បង​ក្នុង​តំបន់​រេ​ត​បូក ក្នុង​ខេត្តស្ទឹងត្រែង ដោយមាន​ការសហការ​ណ៍​ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង​របស់​អង្គការ​យូ​សេដ ដែលជា​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល​កម្ពុ​ជា​និង​សហរដ្ឋអាមេរិក  ដើម្បី​ការពារ​ព្រៃឈើ​។​


សកម្មភាពមន្ត្រីនៃក្រសួងបរិស្ថានចុះទស្សនកិច្ចនៅទីស្នាក់ការក្នុង​តំបន់ព្រៃឡង់ កាលពី​ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០ 

​ប្រាក់​ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការងារ​អភិរក្ស និង​ការអភិវឌ្ឍ​សហគមន៍​ដែល​នៅ​ជុំវិញ​តំបន់​ការពារ​ទាំងនោះ​។ បើតាម​លោក នេត្រ ភក្ត្រា ក្នុង​មួយឆ្នាំ រដ្ឋាភិបាល​បានផ្ដល់​ប្រាក់​ចំនួន ១២​ពាន់​ដុល្លារ​អាមេរិក​សម្រាប់​១​ភូមិ ដើម្បី​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន និង​ជីវភាព​ប្រជាជន​ក្នុងភូមិ​នីមួយៗ​ដែល​នៅ​ជុំវិញ​តំបន់​អភិរក្ស​។ 
​លោក នេត្រ ភ​ត្រា បញ្ជាក់​ដូច្នេះ​៖«​ឧទាហរណ៍​នៅ​ខេត្តមណ្ឌលគិរី សហគមន៍​ជនជាតិដើម​ភាគតិច ដែល​រស់នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា គាត់​មិនមាន​ទឹកស្អាត​ប្រើ​ទេ ប៉ុន្តែ​ក្រោយពី​ទទួលបាន​ប្រាក់ ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន គាត់​បានរៀបចំ​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់​ក្នុងភូមិ​។ ក្នុង​ដែន​ព្រៃ​អភិរក្ស​របស់​យើង មាន​ប្រាសាទ សត្វព្រៃ ទឹកធ្លាក់ និង​អនុផល​ព្រៃឈើ​ជាច្រើន​ទៀត ដែល​នឹង​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ដ៏​ស្រស់ស្អាត​។ ដំណើរ​ទេសចរណ៍​ក្នុង​តំបន់​ព្រៃ​អភិរក្ស បានរួម​ចំណែក​ឃ្លាំមើល​ការកាប់​ព្រៃ និង​ការទន្ទ្រាន​ដីព្រៃ​អភិរក្ស​»​។​
 
​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​រូបនេះ ទទួលស្គាល់ថា​ក្នុង​ដែន​អភិរក្ស​ដែល​ខ្លួន​កាន់កាប់ នៅតែមាន​ការកាប់​ឈើ និង​ការទន្ទ្រាន​យក​ដីព្រៃ ប៉ុន្តែ​នៅក្នុង​ចំនួន​តិចតួច ហើយ​ក្រសួង​កំពុងតែ​ប្រឹងប្រែង​លុបបំបាត់​ឱ្យបាន​ទាំងស្រុង​។ ដោយសារ​បច្ចុប្បន្ន​ក្រសួងបរិស្ថាន​កំពុង​ប្រឈម​នឹង​ការខ្វះខាត​មន្ត្រី​ឧទ្យាន​នុ​រក្ស ក្នុង​ការចុះ​ល្បាត​តាម​គោលដៅ ដូច្នោះ​ហើយ​រាល់​ការចុះ​ល្បាត​ព្រៃ មន្ត្រី​ឧទ្យាន​នុ​រក្ស​អះអាងថា ខ្លួន​បានរៀបចំ​យុទ្ធសាស្ត្រ​ខ្ពស់ ក្រៅពី​ការដាក់​កាមេរ៉ា​ដើម្បី​អង្កេត​បទល្មើស​នានា​។ 


ទីស្នាក់ការមួយក្នុងដែនអភិរក្សព្រៃឡង់ 

​ដើម្បីឱ្យ​ការអភិរក្ស​ព្រៃ​ក្នុង​តំបន់​ការពារ​កាន់តែ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​បាន​សហការ​ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង អង្គការ​សង្គ្រោះ​សត្វព្រៃ អង្គការ​អភិរក្ស​សត្វ​ព្រៃ អង្គការ​WA  WWF និង​អង្គការ​WCS ជាដើម ដែលមាន​លទ្ធភាព​មាន​ផ្កាយរណប និង​មាន​ឧបករណ៍​ជំនួយ​ក្នុងការ​ឃ្លាំមើល​មួយចំនួនទៀត​។ 
 
​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន​បានរៀបចំ​គម្រោង​ផែនការមេ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​មួយ ក្នុង​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​ខេត្តក្រចេះ ដែលមាន​ផ្ទៃដី​២៥​ហិកតា​។ មជ្ឈមណ្ឌល​នេះ នឹង​សាងសង់​កន្លែង​ចុះចត​យន្តហោះ សារមន្ទីរ​ដាក់​សំណាក​សត្វ​ផ្សេងៗ និង​សំណាក​ឈើ​គ្រប់​ប្រភេទ កន្លែង​ដាក់​វត្ថុ​បទល្មើស សួន​រុក្ខជាតិ​គ្រប់​ប្រភេទ និង​កន្លែង​ឱ្យ​ប្រជា​សហគមន៍​សិក្សា​ស្វែងយល់​ពី​ការអភិរក្ស​នានា​។ នឹងមាន​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ដើម្បី​ផ្គត់ផ្គង់​អាហារ​ដល់​ក្រុមការងារ​អភិរក្ស កន្លែង​ចិញ្ចឹម​គោ កន្លែង​ដាំ​ស្មៅ និង​មាន​កន្លែង​លេង​កីឡា ដូចជា​ទាត់​បាល់ និង​បោះ​បូល​ជាដើម​។​
 
​គួរ​រំឭក​ផងដែរ​ថា ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៦២ មាន​ចំនួន​៧៣​ភាគរយ​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស ដោយ​ក្នុងនោះ​ចំនួន​ប្រជាជនមាន​ប្រមាណ​៥៧​សែន​នាក់​។ បច្ចុប្បន្ននេះ ព្រៃឈើ​នៅសល់​ប្រមាណ​ជា​៤៧,៩៧​ភាគរយ ដោយ​កំណើនប្រជាជន​ឡើងដល់​ប្រមាណ​១៦​លាន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​៕
 
 

Tag:
 ឈើ​
 ​ព្រៃ​
 ​ក្រុមហ៊ុន​
 ​រដ្ឋាភិបាល​
 ​ឥណទាន​កាបូន​
 ​ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com