កីឡាអន្តរជាតិ
អន្តរជាតិ
Everton យកបាន James ពី Real Madrid ក្នុងតម្លៃ២៧លានដុល្លារ
× Everton យកបានខ្សែបម្រើ James Rodriguez ពី Real Madrid ហើយក្នុងតម្លៃផ្ទេរ ២០ លានផោន (ជិត២៧លានដុល្លារអាមេរិក)។ នេះបើតាមការប្រកាសរបស់ក្លិប Everton តាមរយៈវេបសាយផ្ទាល់របស់ពួកគេ។
បើតាមការផ្សាយរបស់ BBC ខ្សែបម្រើសញ្ជាតិកូឡុំប៊ី វ័យ ២៩ ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ បូករួមនឹងជម្រើសបន្ថែមមួយរដូវកាលទៀតជាមួយក្លិបរហស្សនាមស្កគ្រាប់។
ការមកដល់ទឹកដី Goodison Park ក្នុងតម្លៃ២៧លានដុល្លារ បាននាំឲ្យ Rodriguez ក្លាយជាកីឡាករដំបូងគេដែលលោក Carlo Ancelotti នាំចូលទៅកាន់ Eveton ក្នុងតម្លៃថ្លៃ ចាប់តាំងពីលោកត្រូវបានតែងតាំងជាអ្នកចាត់ការកាលពីខែធ្នូ ឆ្នាំ២០១៩មក។
Rodriguez បានចូលរួមជាមួយ Real Madrid ពី Monaco កាលពីឆ្នាំ ២០១៤ បន្ទាប់ពីឈ្នះស្បែកជើងមាស (Golden Boots) ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នៅប្រេស៊ីល។ រូបគេបង្ហាញខ្លួនឲ្យក្រុមយក្សអេស្ប៉ាញ៨៥ប្រកួត និងស៊ុតបញ្ចូលទី២៩គ្រាប់ មុនឲ្យ Bayern Munich ខ្ចីពីឆ្នាំ២០១៧ដល់ ២០១៩ ដោយលេងបាន៤៣លើក និងរកគ្រាប់បាន១៤គ្រាប់។
Rodriguez មិនសូវបានបង្ហាញខ្លួនសម្រាប់ក្រុម Real Madrid ឡើយ ក្រោមការដឹកនាំរបស់លោក Zinedine Zidane ខណៈ អ្នកចាត់ការសញ្ជាតិបារាំងក៏បានអនុញ្ជាតិឲ្យសមាជិកក្រុមជម្រើសជាតិកូឡំប៊ីរូបនេះខកខានចូលរួមហ្វឹកហាត់ជាមួយក្រុមមុនបើករដូវកាលថ្មីផង មុនសម្រេចលក់រូបគេទៅឲ្យ Everton។
ទៅដល់ទឹកដីអង់គ្លេស Rodriguez សង្ឃឹមថានឹងអាចលេងក្នុងជម្រើស១១នាក់ដំបូងសម្រាប់ក្រុមលោក Ancelotti។ «ខ្ញុំពិតជារីករាយណាស់ដែលបានផ្លាស់មកកាន់ក្លិបដ៏អស្ចារ្យនេះ និងជាក្លិបមួយដែលមានប្រវត្ដិសាស្ដ្រយូរមកហើយ។ ហើយនៅទីនេះជាមួយអ្នកចាត់ការម្នាក់ដែលស្គាល់ខ្ញុំច្បាស់។ ខ្ញុំទន្ទឹងរង់ចាំទទួលបានអ្វីដែលអស្ចារ្យនៅទីនេះ - និងការឈ្នះពាន ដែលជាគោលដៅធំរបស់កីឡាករគ្រប់គ្នា»។
មុនយកបាន Rodriguez ក្លិប Everton ទិញបានខ្សែបម្រើសញ្ជាតិប្រេស៊ីល Allan វ័យ២៩ឆ្នាំ ពី Napoli រួចហើយដែរ នៅមុនបើករដូវកាលថ្មី ២០២០-២១ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា៕
Tag:
Everton
James Rodriguez
© រក្សាសិទ្ធិដោយ thmeythmey.com