កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ នឹង​កែសម្រួល​ប្រកាស​អន្តរក្រសួង ស្តីពី​គោលការណ៍​ឧបត្ថម្ភ និង​ប្រាក់រង្វាន់​
08, Sep 2020 , 11:38 am        
រូបភាព
លោក ស សុខា (អាវខៀវ)ពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលប្រកាសអន្តរក្រសួងលេខ៧១៦, រូបភាពពីហ្វេសប៊ុក Sar Sokha
លោក ស សុខា (អាវខៀវ)ពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលប្រកាសអន្តរក្រសួងលេខ៧១៦, រូបភាពពីហ្វេសប៊ុក Sar Sokha
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​កែសម្រួល​ប្រកាស​អន្តរក្រសួង​ស្តីពី គោលការណ៍​ឧបត្ថម្ភ​សម្រាប់​ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ យុវជន​ថ្នាល គ្រូបង្វឹក គ្រូ​ជំនួយ និង​អនុរក្ស និង​ប្រាក់រង្វាន់​សម្រាប់​ជ័យលាភី​ក្នុងការ​ប្រកួត​អន្តរជាតិ​ក្នុង និង​ក្រៅប្រទេស​។ បើតាម​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ការកែសម្រួល​ប្រកាស​អន្តរក្រសួង​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​។​

 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​ត្រួតពិនិត្យ និង​ពិភាក្សាគ្នា មុន​ឈានដល់​កែសម្រួល​ខ្លឹមសារ​ប្រកាស​អន្តរក្រសួង​លេខ​៧១៦​។ ប្រកាស​អន្តរក្រសួង​នេះ និយាយ​អំពី​គោលការណ៍​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ជម្រើសជាតិ យុវជន​ថ្នាល គ្រូបង្វឹក គ្រូ​ជំនួយ​និង​អនុរក្ស និង​ប្រាក់រង្វាន់​សម្រាប់​ម្ចាស់​ជ័យលាភី​ក្នុង​ការប្រកួត​អន្តរជាតិ​។ 
 
​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​បញ្ហា​នេះ ព្រោះ​លោក​យល់ថា កិច្ចការ​នេះ​នៅមាន​នីតិវិធី​វែងឆ្ងាយ ហើយ​វា​កំពុងស្ថិត​ក្នុង​សេចក្តី​ពង្រាង​នៅឡើយ​។ លោក​បាន​បន្ថែមថា​៖«​យើង​និយាយ​ឲ្យ​ខ្លី​ការកែសម្រួល​ប្រកាស​អន្តរក្រសួង គឺ​យើង​ធ្វើ​យ៉ាងម៉េច​ឲ្យ​វា​មាន​ភាពល្អប្រសើរ​ជាង​មុន​»​។​
 
​ទោះបី​មិន​បញ្ជាក់​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​មានការ​កែសម្រួល​នេះ​ក៏ដោយ ប៉ុន្តែ​យើង​សង្កេតឃើញថា កាលពីពេល​កន្លងទៅ​មាន​បញ្ហា​មួយចំនួន​បានកើត​ឡើង ពាក់ព័ន្ធ​នឹង​ការផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី ដែល​ដណ្តើមបាន​មេដាយ​នៅលើ​ឆាក​អន្តរជាតិ​។ ដូច្នេះ​ការកែសម្រួល​ប្រកាស​អន្តរក្រសួង​នៅពេលនេះ ទំនងជា​ចង់​ស្វែងរក​ចំណុចរួម និង​ឯកភាព​ជាក់​ជាក់​មួយ​តែប៉ុណ្ណោះ​៕ 

Tag:
 ក្រសួង​អប់រំ យុវជន និង​កីឡា​
  ប៉ុន សុខ
© រក្សាសិទ្ធិដោយ thmeythmey.com