អន្តរជាតិ
ចិន ចោទទ័ពឥណ្ឌា ថាបាញ់កាំភ្លើងច្រើនគ្រាប់នៅតំបន់ព្រំដែន កងសន្តិសុខតាមព្រំដែនរបស់ឥណ្ឌា យាមល្បាតនៅតាមព្រំដែនឥណ្ឌា និងចិន។ រូបភាព៖ Getty Image
× កងទ័ពចិន នៅថ្ងៃទី៧ ខែកញ្ញា បានចោទកងទ័ពឥណ្ឌាថា បានបំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាក្នុងការរក្សាសន្តិសុខតាមព្រំដែន ដោយបានបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៅលើអាកាស។ យោធាចិន បានចាត់វិធានការតបនឹងសកម្មភាពយោធាឥណ្ឌាដែរ។
ការប្រឈមមុខដាក់គ្នា ក្នុងរយៈពេលចុងក្រោយនេះ ហាក់មិនធូរស្បើយឡើយ បើទោះបីជាទើបតែមានជំនួបចរចារវាងប្រមុខការពារជាតិរវាងចិន និងឥណ្ឌា នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីក៏ដោយ។ នៅថ្ងៃទី៧ ខែកញ្ញា កងទ័ពចិន បានចោទឥណ្ឌាជាថ្មី ថាបានបំពានកិច្ចព្រមព្រៀងព្រំដែនទ្វេភាគី។
ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៧ ខែកញ្ញា អ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងលិចរបស់កងទ័ពចិន លោក Zhang Shuili បានបញ្ជាក់ថា កងទ័ពឥណ្ឌា បានបំពានកិច្ចព្រមព្រៀងព្រំដែនទ្វេភាគី តាមរយៈការឆ្លងព្រំដែនចូលមកក្នុងតំបន់យុទ្ធសាស្ត្រនៃទន្លេ Pangong Tso ស្ថិតនៅក្នុងតំបន់ Ladakh។ មិនតែប៉ុណ្ណោះ ក្នុងសេចក្តីថ្លែងការដដែលនេះ ក៏បានចោទកងទ័ពឥណ្ឌាផងដែរថា បានបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៅលើអាកាស ដើម្បីព្រមានកងទ័ពចិនថែមទៀត។
កងទ័ពចិនបានចាត់វិធានការការពារមួយចំនួន ក្នុងការឆ្លើយតបនឹងស្ថានភាពអាសន្ន ដើម្បីការពារស្ថិរភាពតំបន់។ ប៉ុន្តែអ្នកនាំពាក្យខាងលើ មិនបានបញ្ជាក់ឲ្យច្បាស់ ពីវិធានការឆ្លើយតបរបស់ចិនឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ថែមពីលើនេះ កងទ័ពចិន ក៏បានទទូចឲ្យឥណ្ឌាស៊ើបអង្កេតលើទាហានដែលបានបាញ់កាំភ្លើងជាច្រើនគ្រាប់នោះផងដែរ ដើម្បីធានាពីការគោរពរបស់កងទ័ពនៅតំបន់ព្រំដែនជួរមុខ។
នេះជាលើកទីពីរក្នុងពេលមិនដល់ពីរសប្ដាហ៍ផងដែល ព្រំដែនឥណ្ឌា និងចិនឡើងកម្ដៅជាថ្មី។ នៅដើមសប្តាហ៍មុន ឥណ្ឌា និងចិន ក៏បានប្រឈមមុខដាក់គ្នានៅតំបន់ទន្លេPangong Tso ដែរ ដោយភាគីទាំងសងខាង បានចោទគ្នាទៅវិញទៅមកថា ជាអ្នកបង្ករឿងមុន។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំង និងឥណ្ឌា គឺមានព្រំដែនជាប់គ្នាប្រវែងសរុប ៣៤៨៨គីឡូម៉ែត្រ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានការកំណត់ផ្លូវការណាមួយនៅឡើយទេ ពោលគឺមានតែខ្សែបន្ទាប់ព្រំដែនគ្រប់គ្រងជាក់ស្តែងប៉ុណ្ណោះ(LAC) ដែលជាហេតុធ្វើឲ្យយក្សអាស៊ីទាំងពីរនៅតែបន្តប្រឈមមុខដាក់គ្នាតាមព្រំដែន៕
© រក្សាសិទ្ធិដោយ thmeythmey.com