កីឡាអន្តរជាតិ
អន្តរជាតិ
Messi ចូល​ហ្វឹកហាត់​វិញ ក្រោយ​ចេញពី Barca មិនបាន​សម្រេច​
08, Sep 2020 , 7:29 pm        
រូបភាព
Lionel Messi បាន​ត្រឡប់​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម Barcelona វិញ​ហើយ ក្រោយ​ការប៉ុនប៉ង​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ត្រូវ​បរាជ័យ​។ ក្លិប Barca បានបង្ហាញ​រូបភាព និង​វីដេអូ​សកម្មភាព​ហ្វឹកហាត់​របស់ Messi ជា​លើកដំបូង ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី​៧ ខែកញ្ញា​។



Messi ដែល​ប្រកប​អាជីព​ជាមួយ​ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ​២០​ឆ្នាំ បាន​ដាក់សំណើ​ផ្ទេរចេញ​កាលពី​ថ្ងៃទី​២៥ ខែសីហា ដែល​ធ្វើ​ឲ្យ​កក្រើក​ពិភព​កីឡាបាល់ទាត់​។ ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ បាន​ផ្ញើ​សារ​ទៅកាន់​ក្លិប ឲ្យ​ជួយ​សម្រួល​កិច្ចសន្យា​ដែល​នៅសល់ ដែល​អាច​អនុញ្ញាត​ឲ្យ​រូបគេ​អាច​ចាក​ចេញពី​ក្លិប​ដោយ​គ្មាន​បញ្ហា ដោយ​សម្អាង​លើ​ចំណុច​មួយ​ក្នុង​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ Messi ចាកចេញ​បាន​នៅ​ខែមិថុនា​។​
 
​យ៉ាងណាក៏ដោយ Barca បាន​បដិសេធ​ការស្នើ​នេះ ដោយ​លើក​ហេតុផល​ថា ខែមិថុនា​កន្លងផុតទៅ​ហើយ បើទោះបី​ជាលី​គ​អេ​ស្ប៉ា​ញ​ត្រូវ​ពន្យារពេល​ប្រកួត​ដោយសារ COVID-19 ក៏ដោយ​។ ក្លិប​ថែមទាំង​បញ្ជាក់​ពី​ការបង់ថ្លៃ​ផ្ដាច់​កិច្ចសន្យា​ចំនួន​៨២៣​លាន​ដុល្លារ​ទៀតផង​សម្រាប់​ក្រុម​ណា​ដែល​ចង់បាន Messi ទៅ​រួម​ក្រុម​។​
 
​បន្ទាប់ពី​ក្លិប Barca លើកឡើង​បែបនេះ Messi ក៏បាន​ប្តូរ​ចិត្ត​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​រហូត​ចប់​កិច្ចសន្យា​នៅ​រដូវ​កាល​ក្រោយ បើ​ទោះ​រូបគេ​មាន​ជម្រើស​ចុងក្រោយ គឺ​ឡើង​តុលាការ​ដើម្បី​ដោះស្រាយ​បញ្ហា​កិច្ចសន្យា​ក៏ដោយ​ត​។  ម្ចាស់​ពាន Ballon d’Or ៦ សម័យកាល អះអាងថា​ខ្លួន​មិន​ជ្រើសរើស​ផ្លូវ​នេះ​ដើម្បី​ដោះស្រាយ​ជាមួយ​ក្លិប​ដែល​ខ្លួន​ស្រឡាញ់​ឡើយ​។​
  

​នេះ​ជា​លើកដំបូង​ហើយ​ដែល Messi ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ ចាប់តាំងពី​ការមកដល់​របស់​អ្នកចាត់ការ​ថ្មី​លោក Ronald Koeman​។ ខ្សែបម្រើ និង​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក៏ត្រូវ​បានឃើញ​ហ្វឹកហាត់​ជាមួយ Philippe Coutinho ដែល​ទើប​ត្រឡប់​ពី​ការខ្ចី​ជើង​ពី Bayern Munich ផងដែរ​។​
 
 
Barcelona នឹង​ចាប់ផ្តើម​យុទ្ធនាការ La Liga រដូវ​កាល​ថ្មី ២០២០-២១ របស់ខ្លួន​ទល់នឹង Villarreal នៅ​ថ្ងៃទី​២៧ ខែកញ្ញា​៕

Tag:
 Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com