ជាតិ
ប្រមុខ UN អរគុណនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានមនុស្សធម៌ជួយជនងាយរងគ្រោះដោយសារកូវីដ
× ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានផ្ញើលិខិតមកថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឆន្ទៈជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ រួមទាំង អនុញ្ញាតឲ្យបុគ្គលិកមនុស្សធម៌និងបុគ្គលិកសុខាភិបាលរបស់អង្គការសហប្រជាជាតិ ចូលទៅកាន់ប្រទេសមួយចំនួនដើម្បីជួយដល់ជនងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បង្ហាញការរីករាយនៅពេលដឹងថា កម្ពុជា ចាត់ឲ្យក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ សហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោក ក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌នានា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការសង្គ្រោះជនងាយរងគ្រោះដោយសារកូវីដ-១៩។ លោកបន្ថែមថា លោក រីករាយនឹងបន្តធ្វើការងារជាមួយកម្ពុជា ក្នុងគ្រាលំបាកនេះ តាមរយៈការធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងថា ការគាំទ្ររបស់សម្ដេច ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ គឺជួយសម្រួលដល់ការធ្វើដំណើររបស់ក្រុមការងារមនុស្សធម៌ គ្រូពេទ្យ និង ការដឹកសម្ភារបរិក្ខារផ្សេងៗ។ ការគាំទ្រនេះ គឺមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតកូវីដ-១៩ ហើយបានបន្តជួយសង្គ្រោះជីវិតនៅទីកន្លែងក្រីក្រ និងជនងាយរងគ្រោះបំផុតនៅលើពិភពលោក។
តាមរយៈលិខិត ធ្វើឡើង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ប្រមុខអង្គការសហប្រជាជាតិ សរសេរថា៖«ខ្ញុំ សូមថ្លែងអំណរគុណជាពិសេសដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះឆន្ទៈក្នុងការជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត»។
លោក បន្តថា បច្ចុប្បន្ន ផែនការឆ្លើយតបមនុស្សធម៌សកលលោកប្រឆាំងជំងឺកូវីដ-១៩ របស់អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន បានផ្តល់ជំនួយផ្នែកសុខភាពនិងជំនួយសង្គ្រោះជីវិតផ្សេងទៀតដល់ប្រទេស៦៣។ លោក បន្ថែមថា ប្រទេសទាំង៦៣នេះ គឺជាប្រទេសប្រឈមមុខនឹងវិបត្តិមនុស្សធម៌ឬភាពផុយស្រួយកម្រិតខ្ពស់៕
Tag:
កូវីដ-១៩
UN
António Guterres
© រក្សាសិទ្ធិដោយ thmeythmey.com