អន្តរជាតិ
លោកស្រីការី ឡាំ៖ ប្រជាជនហុងកុងដែលត្រូវចាប់ខ្លួនពេលភៀសខ្លួនទៅតៃវ៉ាន់ នឹងឡើងតុលាការចិន លោកស្រីការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងហុងកុង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ Reuters
× ប្រមុខហុងកុង លោកស្រី ការី ឡាំ នៅថ្ងៃទី៨ ខែកញ្ញា បានបញ្ជាក់ថា ប្រជាជនហុងកុងចំនួន ១២នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរចិន ពេលកំពុងជិះទូកទៅកាន់កោះតៃវ៉ាន់ ដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយ។ បើតាមការអះអាងរបស់ប្រមុខហុងកុង អ្នកទាំងនោះ នឹងត្រូវកាត់ទោសដោយតុលាការចិន មិនមែននៅហុងកុងឡើយ។ ប៉ុន្តែរដ្ឋាភិបាលហុងកុង នឹងបញ្ជូនតំណាងមេធាវីទៅជួយសម្របសម្រួល។
អាជ្ញាធរចិននៃខេត្តគ័ងតុង នៅថ្ងៃទី២៣ ខែសីហាកន្លងទៅ បានចាប់ខ្លួន ប្រជាជនហុងកុងចំនួន ១២នាក់ ដែលប៉ុនប៉ងរត់គេចទៅកាន់កោះតៃវ៉ាន់ ដើម្បីទទួលបានសិទ្ធិជ្រកកោននយោបាយ បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង បានចូលជាធរមាន។ ទូករបស់អ្នកទាំង១២នាក់នេះ ត្រូវបានអាជ្ញាធរចិនឃាត់នៅឆ្នេរនៃខេត្តភាគខាងត្បូងមួយនេះ។
បើទោះបីជាអ្នកទាំង១២នាក់នោះជាពលរដ្ឋហុងកុងមែន ហុងកុងមិនទទួលខុសត្រូវលើបញ្ហានេះឡើយ ព្រោះស្ថិតក្រោមយុត្តាធិការរបស់ចិន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែកញ្ញា លោកស្រីការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង បញ្ជាក់ដូច្នេះថា៖ «ប្រសិនបើប្រជាជនហុងកុងត្រូវបានចាប់ខ្លួន ដោយសារបំពានច្បាប់ចិនដីគោក អ្នកទាំងនោះ ត្រូវតែដោះស្រាយទៅតាមច្បាប់ចិនគោក និងផ្អែកតាមប្រព័ន្ធយុត្តាធិការចិន មុនពេលមានអ្វីផ្សេងទៀតកើតឡើង»។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលហុងកុង នឹងបញ្ជូនតំណាងមេធាវីទៅជួយអ្នកទាំងនោះ។ បើតាមលោកស្រីការី ឡាំ ប្រសិនបើប្រជាជនហុងកុង ត្រូវបានចាប់ដោយសារបទល្មើសណាមួយ ការិយាល័យតំណាងរដ្ឋាភិបាលហុងកុង នៅទីក្រុងគ័ងចូវ នឹងទទួលខុសត្រូវលើបញ្ហានេះ។ ប៉ុន្តែទីភ្នាក់ងារព័ត៌មានAFP បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ថា មេធាវីមួយចំនួន ដែលតំណាងឲ្យអ្នកត្រូវបានចាប់ខ្លួនទាំងនោះ បានបដិសេធមិនតំណាងឲ្យពួកគេឡើយ។
សូមបញ្ជាក់ថា អ្នកដែលត្រូវបានចាប់ខ្លួនទាំង ១២នាក់នោះ មិនត្រូវបានគេបញ្ចេញអត្តសញ្ញាណទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា អ្នកទាំងនោះ ជាប់ពាក់ព័ន្ធការធ្វើបាតុកម្មនៅក្នុងឆ្នាំ ២០១៩។ ការចាប់ខ្លួននេះ ត្រូវបានឆ្មាំសមុទ្រខេត្តគ័ងតុង ប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី២៦ ខែសីហា។
តៃវ៉ាន់ បានក្លាយជាគោលដៅស្វែងមួយរបស់សកម្មជនហុងកុងដែលចង់រត់គេចខ្លួនពីការរំលោភបំពាននៅហុងកុង។ ដែនកោះ ថែមទាំងបង្កើតការិយាល័យមួយទទួលបន្ទុកប្រជាជនហុងកុងដែលសុំសិទ្ធិជ្រកកោនផងដែរ។ បណ្ដាប្រទេសប៉ែកអឺរ៉ុប និងអូស្ត្រាលីជាដើម ក៏ជាគោលដៅភៀសខ្លួនដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com