កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រកបាន​គ្រាប់​ទី​១០១ សម្រាប់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​
09, Sep 2020 , 10:32 am        
រូបភាព
​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​យកឈ្នះ​២​ទល់​០ លើ​ក្រុម​ស៊ុយអែត នា​ការប្រកួត​ពានរង្វាន់ UEFA Nations League នៅ​ថ្ងៃទី​៨ ខែកញ្ញា​។ គ្រាប់​បាល់​ទាំងពីរ​គ្រាប់​នេះ រកបាន​ដោយ​ខ្សែប្រយុទ្ធ​វ័យ​៣៥ឆ្នាំ C.Ronaldo​។​

 
Ronaldo នៅតែ​ធ្វើ​បានល្អ ក្នុងការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​។ នា​ការប្រកួត​នេះ ខ្សែប្រយុទ្ធ​វ័យ​៣៥ឆ្នាំ​រូបនេះ បា​នរក​គ្រាប់​ទី​១ ដោយ​ការទា​ត់បាល់ Free Kick នៅ​ចុង​ម៉ោង​វគ្គ​ទី​១ និង​ការ​ស៊ុត​បាល់​ពី​ក្រៅ​តំបន់​គ្រោះថ្នាក់​នៅ​នាទី​៨១ នៃ​វគ្គ​ទី​២​។​
 
​គ្រាប់​បាល់​ទាំងពីរ​គ្រាប់ ជួយ​ឱ្យ Ronaldo បន្ត​ឈរ​នៅ​លេខ​រៀង​ទី​២ នៃ​កំណត់ត្រា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ច្រើនជាងគេ​។ Ronaldo រកបាន​គ្រាប់​បាល់១០១​គ្រាប់ សម្រាប់​ការលេង​ឱ្យ​ក្រុម​ជម្រើសជាតិ​១៦៥​លើក ចាប់តាំងពី​ឆ្នាំ​២០០៣​មក ដោយនៅ​ឈរ​ពីក្រោយ​កីឡាករ Ali Daei ដែល​ស៊ុត​បាល់​បញ្ចូល​ទី​១០៩​គ្រាប់ ​សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង ក្នុង​អាជីព​បាល់ទាត់​ពី​ឆ្នាំ​១៩៩៣ ដល់​២០០៦​។​
 
​គ្រាប់​បាល់​១០១​គ្រាប់​នេះ Ronaldo ស៊ុត​បាល់​ដោយ​ប្រើ​ជំនាញ​ជើង​ស្ដាំ​៥៤​គ្រាប់ ជើងឆ្វេង​២២​គ្រាប់ និង​ការប្រើ​ក្បាល​តែ​ត​បញ្ចូល​ទី​២៥​គ្រាប់​។ ចំពោះ​គ្រាប់​បាល់​ដែល Ronaldo ស៊ុត​បញ្ចូល​ទី​វិញ ភាគច្រើន​នៅក្នុង​តំបន់​គ្រោះថ្នាក់​៨០​លើក និង​ក្រៅ​តំបន់​គ្រោះថ្នាក់​២១​លើក​។ នេះ​បើតាម​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​របស់​Ronaldo ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន BBC​។​
 
​ដោយឡែក​កីឡាករ Lionel Messi វ័យ​៣៣​ឆ្នាំ របស់​ក្រុម​អា​ហ្ស​ង់​ទីន​វិញ រកបាន​៧០​គ្រាប់ ក្នុងការ​ប្រកួត​១៣៨​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​។​
 
​នៅក្នុង​ការប្រកួត​ពូ​ល​C​នេះដែរ ក្រុម​ជម្រើសជាតិ​បារាំង ក៏បាន​ឈ្នះ​ក្រុម​ក្រូ​អាស៊ី ៤​ទល់​២​ដែរ​។ ចំណែក​ពូ​ល​B វិញ ក្រុម​ជម្រើសជាតិ ប៊ែ​ល​ហ្ស៊ិ​ក​ឈ្នះ​ក្រុម​អ៊ី​ស្លង់ ៥​ទល់​១ ខណៈ​ក្រុម​ដា​ណឺ​ម៉ាក និង​អង់គ្លេស ០-០៕
 
 

Tag:
 C.Ronaldo
  កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com