COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកក្រុងតូក្យូ នឹងបន្តធ្វើនៅឆ្នាំក្រោយ ទោះមាន ឬគ្មានជំងឺកូវីត-១៩
×
ដោយ៖កង ម៉េងហុង
លោក John Coates អនុប្រធានគណៈកម្មាធិកាអូឡាំពិកអន្តរជាតិ (IOC) និយាយនៅថ្ងៃទី៧ ខែកញ្ញា ថាព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូដែលបានពន្យារពេលទៅឆ្នាំក្រោយ នឹងបន្តធ្វើដដែលទោះនៅមានជំងឺ COVID-19 ក៏ដោយ។ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អនុប្រធាន IOC បានហៅការបន្តនេះថាជា ការប្រកួតដើម្បីយកឈ្នះ COVID-19 ។
ក្នុងកិច្ចសម្ភាសតាមទូរសព្ទនៅថ្ងៃទី៧ ខែកញ្ញា លោក John Coates ដែលជាអ្នកសម្របសម្រួលព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិទីក្រុងតូក្យូ និយាយ ថា កីឡាអូឡាំពិក មិនដែលបានរំសាយចោលដោយសារហេតុផលណាផ្សេងក្រៅពីសង្គ្រាមលោកនោះទេ។ ដូចនេះ លោកអះអាងយ៉ាងមុតមាំថាព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ នឹងដំណើរការតាមកាលកំណត់ដដែលទោះបីគ្មាន ឬមាន COVID-19 ក៏ដោយ។
ព្រឹត្តិការណ៍កីឡាអូឡាំពុកតូក្យូ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ទៅ ក្រោយត្រូវបានព្យារពេលកំណត់ដែលគ្រោងធ្វើនៅឆ្នាំ២០២០នេះ។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ ជប៉ុននៅតែបន្តបិទប្រទេសដោយមិនទាន់អនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរឆ្លងកាត់បាននៅឡើយទេ ខណៈការបង្កើតវ៉ាក់សាំងទំនងជាមានរយៈពេលរាប់ខែ ឬអាចច្រើនឆ្នាំទៀត។ ដោយសារហេតុផលនេះ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះអាចទាន់ច្បាស់ថា អាចប្រព្រឹត្តទៅរួច ឬក៏អត់តាការគ្រោងទុកនោះទេ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីរបស់ជប៉ុនធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានការពន្យារពេលជាលើកទី២ លើសពីឆ្នាំ២០២១នោះទេ។ ចំពោះការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ គេរកឃើញថាមានមនុស្សម្នាក់ក្នុងចំណោម ៤ នាក់នៅជប៉ុនចង់ឲ្យព្រឹត្តិការណ៍នេះបន្តដំណើរទៅមុខទៀតនៅឆ្នាំក្រោយ។ ក្នុងនោះដែរ ក៏មានការគាំទ្រភាគច្រើនចង់ឲ្យមានការពន្យារពេលម្តងទៀត ឬក៏លុបចោលតែម្តង។
បើត្រូវអនុវត្តតាមផែនការ ជប៉ុនក៏ត្រូវប្រឈមជាមួយភារកិច្ចដ៏ធំធេងបន្ទាប់ពីការពន្យារពេល ដែលទាំងមានការធានាសុវត្ថិភាពរាល់ទីកន្លែងដែលនឹងធ្វើជាទីតាំងការប្រកួតកីឡាអូឡាំពិកផងដែរ។ លើសពីនោះ ជប៉ុន ក៏ត្រូវចរចារឿងកន្លែងស្នាក់នៅផងដែរ ដ្បិតក្នុងនោះចំនួនសណ្ឋាគារ ៤៣ ត្រូវផុតចេញពីកិច្ចសន្យា ហើយការចរចាចាប់ផ្ដើមម្តងទៀតនៅឆ្នាំក្រោយ។
«មន្ត្រីរបស់ជប៉ុន និង IOC បានជួបប្រជុំជាលើកដំបូងកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាគ្នាលើបញ្ហានានាដែលនឹងកើតឡើងអំឡុងពេលនៃព្រឹត្តិការណ៍អូឡាំពិកនេះ។ នៅប្រទេសខ្លះ COVID-19 នៅតែស្ថិតក្រោមការគ្រប់គ្រង ហើយប្រទេសខ្លះបានធូរស្រាលហើយ។ ដូច្នេះ អត្តពលិកដែលមកពីគ្រប់ទីកន្លែងត្រូវស្ថិតក្រោមការត្រួតពិនិត្យដដែល»។ នេះជាសម្តីរបស់លោក Coates៕
Tag:
អន្តរជាតិ
កីឡាអន្តរជាតិ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com