អន្តរជាតិ
រឿង «Mulan» របស់ Disney រង​ព្យុះភ្លៀង​ជាថ្មី​ក្រោយ​មាន​ឈុត​ថត​នៅ​ស៊ីន​ជាំ​ង
09, Sep 2020 , 11:55 am        
រូបភាព
ផ្ទាំងរូបភាពយន្ត Mulan ក្នុងប្រទេស ចិន។ រូបភាព AFP
ផ្ទាំងរូបភាពយន្ត Mulan ក្នុងប្រទេស ចិន។ រូបភាព AFP
ដោយ:
​ភាពយន្ត​ផលិតឡើង​វិញ «Mulan» របស់​ក្រុមហ៊ុន​យក្ស Disney កំពុង​ប្រឈម​ព្យុះ​រិះគន់​ជាថ្មី ក្រោយ​រកឃើញថា បាន​ថត​ឈុត​ខ្លះ​ក្នុង​ទីក្រុង ស៊ីន​ជាំ​ង ទី​ដែល​ជនជាតិ​វី​ហ្គ័​រ​កាន់សាសនា​ឥស្លាម​ប្រមាណ​១​លាន​នាក់ ត្រូវបាន​ចាប់​ឃុំឃាំង​នៅ​មណ្ឌល​លត់​ដំ​។

 
​រលក​រិះគន់ បាន​ចាប់​ផ្ទុះឡើង​កាលពី​ថ្ងៃទី​៧ ខែកញ្ញា នៅពេលដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Twitter មួយចំនួន បាន​កត់សម្គាល់ថា ក្រុមហ៊ុន Disney បាន​អរគុណ​ជាពិសេស​ដល់​អាជ្ញាធរ​ក្នុង​ទីក្រុង ស៊ីន​ជាំ​ង នៅ​ចុងបញ្ចប់​នៃ​រឿង (Credit) សម្រាប់​ការផ្ដល់​ទីតាំង​ថត​។ អ្នកលេង​បណ្ដាញ​សង្គម បាននាំគ្នា​ស្នើ​ឲ្យ​ធ្វើពហិការ​ភាពយន្ត​ដែល​ចាយលុយ​អស់​២០០​លាន​ដុល្លារ​សម្រាប់​ថត​នេះ​។ 
 
​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត​នៅ​ថ្ងៃទី ៨ ខែកញ្ញា ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្រុង ស៊ីន​ជាំ​ង និង​ភាពយន្ត Mulan របស់ Disney អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បកស្រាយ​ថា បញ្ហា​នៅ​ស៊ីន​ជាំ​ង ពុំមែន​ជា​បញ្ហា​សិទ្ធិមនុស្ស សាសនា ឬ​ពូជសាសន៍​ឡើយ តែ​ជាការ​ប្រយុទ្ធប្រឆាំង​អំពើហិង្សា ភេរវកម្ម និង​ការ​ផ្ដាច់ខ្លួន​។ នេះ​បើ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន​។ 
 
​ជារឿយៗ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រូវបាន​រិះគន់​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ទីក្រុង ស៊ីន​ជាំ​ង ពោលគឺ​ចាប់តាំងពី​របាយការណ៍​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​២០១៨ បាន​រកឃើញថា មានការ​ឃុំខ្លួន​មនុស្ស​មួយ​លាន​នាក់​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​។ ហើយ​ភាគច្រើន​នៃ​អ្នក​ជាប់ឃុំ​នេះ គឺជា​ជនជាតិភាគតិច​វី​ហ្គ័​រ​ដែល​កាន់សាសនា​ឥស្លាម​។ យ៉ាងណាមិញ រដ្ឋាភិបាល​ប៉េកាំង​តែងតែ​ទាត់ចោល​ការចោទប្រកាន់​នេះ​។​
 
​ទោះ​មុន​មានរឿង​ចម្រូងចម្រាស​ទា​ក់​ទង​ស៊ីន​ជាំ​ង​ថ្មី​នេះ ពាក្យ​ថា #BoycottMulan ដែល​មានន័យថា «​ធ្វើពហិការ​Mulan» ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម ជាពិសេស Twitter នាំគ្នា​សរសេរ​ព្រោងព្រាត ក្នុង​ទីក្រុង ហុងកុង ប្រទេស​ថៃ និង​កោះ តៃវ៉ាន់​។ ម្យ៉ាងទៀត សកម្មជន​ក្នុង​ទីតាំង​ទាំងបី​នេះ បានធ្វើ​យុទ្ធនាការ​តាម​អន​ឡាញ ដោយ​រិះគន់​ធ្ងន់ៗ​ចំពោះ​ការដឹកនាំ​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​។​
 
​រឿង Mulan ឆ្នាំ​២០២០​នេះ ក៏​ធ្លា​ប់រង​ព្យុះ​រិះគន់​ម្ដង​រួចហើយ​កាលពី​ប៉ុន្មាន​ខែ​មុន ហើយក៏​ត្រូវ​បានស្នើ​ឲ្យ​ធ្វើពហិការ​រឿងនេះ​ដូចគ្នា​ពី​សំណាក់​អ្នកគាំទ្រ​បាតុករ​ហុងកុង​។ រឿងអាស្រូវ​នេះ បាន​កើតឡើង​ក្រោយ​តារា​សម្ដែង​តួអង្គ​អ្នក​ប្រយុទ្ធ Mulan កញ្ញា Liu Yifei បានប្រកាស​គាំទ្រ​កម្លាំង​ប៉ូលិស​ហុងកុង ខណៈ​ពួកគេ​បាន​ប្រើ​កម្លាំង​បង្ក្រាប​លើ​ក្រុមបាតុករ​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំមុន​។ រឿង Mulan (​មូ​ឡាន​) នេះ ក៏​កំពុង​ចាក់​បញ្ចាំង​នៅតាម​បណ្តា​រោងភាពយន្ត​នានា​នៅ​កម្ពុជា​ផងដែរ​។ 
 
​អ្នកស្រី Niki Caro សញ្ជាតិ​នូ​វែ​ល​សេ​ឡង់ អាយុ​៥៣​ឆ្នាំ​ជា​អ្នកដឹកនាំ​រឿង ដោយមាន​តួ​សម្តែង​ល្បីៗ ដូចជា Yifei Liu (​តួអង្គ​ឯក​នាង​មូ​ឡាន ដែល​ខ្មែរ​ស្គាល់​ថា សៀវ​ឡុង​នី​), Donnie Yen (​ខ្មែរ​ហៅ​កុំ​កុំ​), Jet Li (​លី លាន​ជា​), Tzi Ma, Jason Scott Lee, Yoson An, Ron Yuan និង Gong Li ជាដើម​៕
 

Tag:
 Disney
  Mulan
  ចិន​
  ស៊ីន​ជាំ​ង
© រក្សាសិទ្ធិដោយ thmeythmey.com