ជាតិ
សេដ្ឋកិច្ច
​រដ្ឋមន្ត្រីការបរទេស​ASEM ប្តេជ្ញា​ផ្តល់​ប្រយោជន៍​ពាណិជ្ជកម្ម​-​វិនិយោគ​គ្នា​ទៅវិញទៅមក ក្នុង​វិបត្តិ​កូ​វីដ​-១៩
09, Sep 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖  រដ្ឋាភិបាល​នានា​ក្នុង​តំបន់​អាស៊ី​-​អឺរ៉ុប​(ASEM) ប្តេជ្ញា​ធ្វើការ​រួមគ្នា ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ ស្ថិតក្នុង​វិបត្តិ​ពិភពលោក​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩(COVID-19)​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(ASEM) ស្តីពី​«​ជំងឺ​កូ​វីដ​-១៩ និង​សិទ្ធិមនុស្ស​» លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ។​



 
​សេចក្តីថ្លែងការណ៍​រួម របស់​រដ្ឋមន្ត្រីការបរទេស​ASEM បាន​បញ្ជាក់ថា ទោះបី​ប្រទេស​ជា​ដៃគូ​ASEM អនុវត្ត​វិធានការ​វិ​សាម​ញ្ញា​ក្នុងការ​ការពារ ស្វែងរក គ្រប់គ្រង និង​ឆ្លើយតប​ទៅនឹង​រីក​រាល​នៃ​កូ​វីដ​-១៩ ក៏ដោយ  ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ នៅតែ​ប្តេជ្ញា​រួមគ្នា ឆ្ពោះទៅរក​បរិយាកាស​មួយ​មាន​លក្ខណៈ​បើកចំហ សេរី និង​យុ​តិ្ត​ធម៌​។ លើសពីនេះទៅទៀត គឺ​គ្មាន​ការរើសអើង ដែល​ផ្តល់នូវ​ភាពស្មើគ្នា  តម្លាភាព និង​ផ្តល់​អា​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​។​
 
«​យើង​ត្រូវការ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដែល​កាន់តែ​ធន់ និង​មាន​ពិពិធ​កម្ម គឺមាន​ភាពចាំបាច់ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​វិបត្តិ​ផ្សេងៗ នាពេល​អនាគត​»​។ យើង​នឹង​បន្ត​ធានា​នូវ​លំហូរ​ទំនិញ និង​សេវាកម្ម​សំខាន់ៗ ឆ្លងកាត់​ព្រំដែន ក៏ដូចជា​ការចែក​ចាយ​ជាស​កល និង​សមស្រប​ចំពោះ​ទំនិញ និង​សេវាកម្ម​ទាំងនោះ ដោយ​មិនឱ្យ​មានការ​រាំងស្ទះ​អ្វី​ឡើយ​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​ASEM​។​
 
​សេចក្តីថ្លែងការណ៍​រួម​ដដែល  បាន​អះអាងថា ការប្តេជ្ញា​ទាំងនេះ គឺ​នឹង​ធ្វើឡើង​យ៉ាង​ជិត​សិ្ន​ទ្ធ ដើម្បី​ដោះស្រាយ​រាល់​ការរាំងស្ទះ​ដល់​ផ្នែក​ផ្គត់ផ្គង់ ដែល​ត្រូវការ​សម្រាប់​សុខភាព  និង​សុខុមាលភាព​របស់​ប្រជាជន​ទាំងអស់​។  
 
​ទន្ទឹមនឹង​គ្នា​នេះ ប្រទេស​ក្នុង​តំបន់​អាស៊ី​-​អឺរ៉ុប នឹង​បន្តធ្វើ​គ្នា​រួមគ្នា ដើម្បី​រក្សា និង​សម្រួល​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ  រួមទាំង​តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​សម្របសម្រួល​ដល់​ការឆ្លើយតប​នានា​ដែល​ធានា​នូវ​ដំណើរការ​ចរាចរណ៍​អន្តរជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សំខាន់ៗ ទាំង​ផ្លូវអាកាស និង​ទាំង​កំពង់ផែ​។ 
 
​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ថ្នាក់​រដ្ឋមន្ត្រីការបរទេស ស្តីពី​«​ជំងឺ​កូ​វីដ​-១៩ និង​សិទ្ធិមនុស្ស​» លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ មាន​សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់ ជា​ប្រទេស​សម្របសម្រួល​ក្រុម​អឺរ៉ុប មាន​សិង្ហ​បុរី ជា​ប្រទេស​សម្របសម្រួល​ក្រុម​អាស៊ាន និង​រុស្សី ជា​ប្រទេស​សម្របសម្រួល​ក្រុម​ប្រទេស​អាស៊ី​ភាគ​ឦសាន និង​ខាងត្បូង​នេះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៩​កញ្ញា ឆ្នាំ​២០២០ មាន​មនុស្ស​ជាង​២៧​លាន​នាក់​ក្នុង​ពិភពលោក​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុងនោះ​មាន​ជិត​២០​លាន​នាក់ បានជា​សះស្បើយ និង​មាន​ជាង​៩០​ម៉ឺន​នាក់​បាន​ស្លាប់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គេហទំព័រ worldmeter.info៕ 

Tag:
 ពាណិជ្ជកម្ម​
  វិនិយោគ​
  កូ​វីដ​-១៩
  ASEM
© រក្សាសិទ្ធិដោយ thmeythmey.com