គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធរបស់មីយ៉ាន់ម៉ា(UEC) នៅថ្ងៃទី៧ ខែកញ្ញា បានប្រកាសថា គណបក្សនយោបាយទាំងអស់ នឹងមិនអនុញ្ញាតឲ្យធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងតំបន់ដែលជាប់បទបញ្ជាឲ្យប្រជាជនស្នាក់នៅផ្ទះទេ។ នេះជាផ្នែកមួយនៃវិធានការរបស់ UEC សម្រាប់ឲ្យគណបក្សនយោបាយគោរពដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុសនៅក្នុងប្រទេស អំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្នាក់ជាតិនៅមីយ៉ាន់ម៉ា បានចាប់ផ្តើមហើយនៅថ្ងៃទី៨ ខែកញ្ញា។ ប៉ុន្តែគណបក្ស ដែលចូលរួមទាំងអស់ ត្រូវតែគោរពតាមវិធានរបស់ក្រសួងសុខាភិបាល និងគោលការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ា ដើម្បីបង្ការការរាតត្បាតនៃCOVID-19 ខណៈមីយ៉ាន់ម៉ាកំពុងរងគ្រោះដោយសារជំងឺឆ្លងសកលមួយនេះ។
មុនយុទ្ធនាការឃោសនាមួយថ្ងៃ UEC របស់មីយ៉ាន់ម៉ាបានសេចក្តីណែនាំមួយដែលហាមឃាត់បក្សនយោបាយបាយនានាពីការឃោសនានៅទីតាំងដែលមានហានិភ័យជំងឺ COVID-19។ ក្នុងសេចក្ដីណែនាំថ្ងៃទី៧ ខែកញ្ញា UEC បញ្ជាក់ថា៖ «បក្សនយោបាយទាំងអស់ មិនត្រូវរៀបចំការជួបប្រជុំ និងយុទ្ធនាការរកសំឡេងឆ្នោតនៅកន្លែង ឬអាគារសាធារណៈ នៅកន្លែងបទបញ្ជាឲ្យស្នាក់នៅផ្ទះអនុវត្តឡើយ»។
កន្លងមក ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា បានដាក់ក្រុងចំនួន ១៧នៅក្នុងរដ្ឋរ៉ាក់ឃីន និងតំបន់មួយចំនួនទៀតក្នុងទីក្រុងយ៉ាំងហ្គោន ឲ្យស្ថិតក្រោមបម្រាមស្នាក់នៅផ្ទះ ដើម្បីបង្ការការរាតត្បាតCOVID-19 ។
ក្រៅពីនេះ គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ក៏បានចេញវិធានការមួយចំនួន ដើម្បីឲ្យបក្សនយោបាយទាំងអស់គោរពតាមផងដែរ។ សម្រាប់អ្នកឈរឈ្មោះដែលរស់នៅក្នុងតំបន់ជាប់បម្រាមស្នាក់នៅផ្ទះ និងមានឈរឈ្មោះនៅតំបន់ផ្សេង ទំនងជាត្រូវរឹតត្បិតការយុទ្ធនាការឃោសនារបស់ពួកគេ។
រថយន្តឃោសនា អនុញ្ញាតឲ្យដាក់មនុស្សតែពាក់កណ្តាល ហើយត្រូវតែមានកម្តៅក្រោម៣៨អង្សាសេ។ បើកម្តៅលើស អ្នកទាំងនោះនឹងមិនអនុញ្ញាតឲ្យជិះរថយន្តទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawady។
ដោយឡែក អ្នកទាំងឡាយណា ដែលបានធ្វើដំណើរទៅកន្លែងផ្ទុះ COVID-19 ក្នុងរយៈពេល ១៤ថ្ងៃ ឬចេញរោគសញ្ញាខ្លះ ក៏មិនអនុញ្ញាតឲ្យមកចូលរួមក្នុងយុទ្ធនាការដែរ។ សម្រាប់ការជួបជុំប្រជាជនវិញ គឺហាមជួបជុំលើសពី ៥០នាក់ និងត្រូវធានាថា អ្នកចូលរួមត្រូវរក្សាគម្លាតជិតពីរម៉ែត្រ ពាក់ម៉ាស់ របាំងមុខ និងត្រូវមានទឹកសម្លាប់មេរោគ។ មិនតែប៉ុណ្ណោះ ការចាប់ដៃ និងអោបក្នុងអំឡុងពេលនេះ គឺហាមឃាត់។
កន្លងមក រដ្ឋមន្ត្រីសុខាភិបាលមីយ៉ាន់ម៉ា បានប៉ាន់ប្រមាណថា ករណីឆ្លងCOVID-19 នៅក្នុងប្រទេស នឹងបន្តកើនឡើងថែមទៀត។ គិតមកត្រឹមព្រឹកថ្ងៃទី៩ ខែកញ្ញា មីយ៉ាន់ម៉ា មានករណីឆ្លងកូរ៉ូណាវីរុសសរុបចំនួន ១៨០៧ករណី អ្នកស្លាប់មានចំនួន ១២នាក់ និងអ្នកជាសះស្បើយមានចំនួន ៤៦០នាក់៕