COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចាប់ផ្ដើម​ជំនួប​ប្រចាំឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​
09, Sep 2020 , 4:44 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានដែលមានរយៈពេល៤ថ្ងៃ កំពុងរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ។ រូបភាព ហ្វេសប៊ុករបស់ក្រសួងការបរទសកម្ពុជា
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានដែលមានរយៈពេល៤ថ្ងៃ កំពុងរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ។ រូបភាព ហ្វេសប៊ុករបស់ក្រសួងការបរទសកម្ពុជា
ដោយ:
​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​សមាជិក​អាស៊ាន បានចាប់ផ្ដើម​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​៩ ខែកញ្ញា​ហើយ​ក្រោយ​ត្រូវ​ពន្យារពេល​ជាង​មួយខែ ដោយសារ​ជំងឺ COVID-19​។ ការ​រាតត្បាត​សកល COVID-19, ជម្លោះ​ដែន​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​, បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​និង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ជា​ស្ថិតក្នុង​បញ្ជី​របៀបវារៈ​នៃ​កិច្ចពិភាក្សា​នេះ​។ 

 
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន​ដែលមាន​រយៈពេល​៤​ថ្ងៃ កំពុង​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយសារតែ​ជំងឺ​រាតត្បាត​សកល COVID-19​។ ជំនួប​ទាំងនេះ ដំបូង​ឡើយ គ្រោង​រៀបចំឡើង​នៅ​ដើមខែ​សីហា ក្នុង​ខែសីហា​នា​រដ្ឋធានី ហាណូយ នៃ​ប្រទេស​វៀតណាម ព្រោះ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០​នេះ គឺជា​វៀតណាម​។  
 
​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វុ​ក បាន​ថ្លែងថា កិច្ចសហប្រតិបត្តិការ​រាប់​ទសវត្សរ៍​របស់​សមាជិក​អាស៊ាន គឺ​កំពុង​ត្រូវបាន​ធ្វើតេស្ត​ក្នុង​បរិបទ​ដែល​ពោរពេញ​ដោយ​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​កើតមាន​ពីមុនមក ជាពិសេស ជំងឺ​រាតត្បាត​សកល COVID-19 ។ 
 
​យ៉ាងណាមិញ ភាពស្អិតល្មួត និង​ការឆ្លើយតប​ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង​១០ បានអនុញ្ញាត​ឲ្យ​អង្គការ​តំបន់​នេះ​ឈរ​ប្រកៀក​ស្មា​គ្នា​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ធំធេង​នេះ ហើយ​បន្ត​ពុះពារ​ទៅមុខ​។  លោកនាយក​រដ្ឋមន្ត្រី ហ្វុ​ក បញ្ជាក់​បែបនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ។ មូលបទ​នៃ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០២០​នេះ គឺ​«​ភាពស្អិតល្មួត និង​ការឆ្លើយតប​»​។ 
 
​ជំងឺ​រាតត្បាត​សកល COVID-19 គឺជា​ប្រធានបទ​ក្តៅ​ក្នុងជំនួប​ពិភាក្សា​សម្រាប់​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​។ នេះ​បើ​យោងតាម​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួម ដែល​ទីភ្នាក់ងារ Kyodo ទទួលបាន ។ ក្នុង​សេចក្តីព្រាង​ដដែល រដ្ឋមន្ត្រីការបរទេស​អាស៊ាន ទទួលស្គាល់​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​និង​លើ​វិស័យ​ជាច្រើន ដែល​បង្កឡើង​ដោយសារ​ជំងឺ COVID-19 មកលើ​តំបន់ ដូចជា ការបង្អាក់​ច្រវាក់​ផលិតកម្ម និង​ការបាត់បង់​ការងារ​ជាដើម​។  
 
​បញ្ហា​មួយទៀត ដែល​ទំនង​នឹងត្រូវ​យកមក​ពិភាក្សា​ក្នុងជំនួប​នេះ គឺ បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ សមុទ្រ​ចិន​ខាងត្បូង កំពុងមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​សហរដ្ឋអាមេរិក និង​ចិន ដោយ​ក្រុង​វ៉ាស៊ីនតោន​ចោទ​ចិន​ថាស​ម្ងែ​ង​កម្លាំងយោធា​ដើម្បី​សម្លុត​ប្រទេសជិតខាង​ខ្លួន ខណៈ​ក្រុង​ប៉េកាំង​អះអាងថា​អាមេរិក​ជា​ប្រទេស​ខាងក្រៅ តែ​ព្យាយាម​ជ្រៀត​ជ្រែកចូល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​សមុទ្រ​នេះ ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​មមាញឹក​បំផុត​មួយ និង​មាន​ធនធានធម្មជាតិ​ជាច្រើន ដូចជា ប្រេង ឧស្ម័ន និង​ត្រី ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ចិន​បាន​កសាង​កោះ​សិប្បនិម្មិត ដែល​បំពាក់​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​។ ទង្វើ​នេះ​បង្កក្តី​ព្រួយបារម្ភ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ខ្លះ ដែល​ទាមទារ​តំបន់​ត្រួត​ស៊ី​ជាមួយ​ចិន​។ ក្រៅពី​ចិន ប្រទេស​ទាមទារ​ផ្សេងទៀត មានដូចជា វៀតណាម ហ្វីលីពីន ព្រុយ​ណេ និង​ម៉ាឡេស៊ី ។ 
 
​ម្យ៉ាងទៀត សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដដែល ក៏បាន​និយាយ​ដល់​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​។ ជនភាគតិច​មួយ​នេះ រត់​ភៀសខ្លួន​ពី​រដ្ឋ​រ៉ា​ក់​ឃី​ន ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា ទៅកាន់​ព្រំដែន​បង់​ក្លា​ដែ​ស ដើម្បី​គេចខ្លួន​ពី​ការបង្ក្រាប​របស់​ក្រុម​យោធា​។ តាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៧ ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៧៤​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​។ 
 
​ចុងក្រោយ ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ក៏​នឹង​រំពឹងថា​ស្ថិតក្នុង​របៀបវារៈ​កំពូល​របស់​កិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​រដ្ឋមន្ត្រី​អាស៊ាន​ផងដែរ ជាពិសេស ក្នុង​វេទិកា​តំបន់​អាស៊ាន (ARF) ដែល​នឹង​រៀបចំឡើង​នា​ថ្ងៃទី​១២ ខែកញ្ញា ។ កិច្ចប្រជុំ​ដែល​ផ្តោត​សំខាន់​បញ្ហា​សន្តិសុខ​តំបន់ ក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ផងដែរ​។  
 
​ការឈ្លោះប្រកែក​គ្នា​រវាង​មហាអំណាច​ទាំងពីរ​រាប់​ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម ការទម្លាក់​កំហុស​គ្នា​ទៅមក​ករណី​ជំងឺ COVID-19 និង​គោលនយោបាយ​ចិន​នៅ​ហុងកុង​ជាដើម នឹងធ្វើ​ឲ្យ​កិច្ច​ជំនួប​ពាក់ព័ន្ធ​អាស៊ាន ARF កាន់តែ​ក្តៅគគុក ទោះបីជា​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ក៏ដោយ​ក្តី​៕

Tag:
 ប្រជុំ​អាស៊ាន​
  COVID-19
  សមុទ្រ​ចិន​ខាងត្បូង​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com