COVID-19
អន្តរជាតិ
ការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវផ្អាកបន្ទាប់ពីអ្នកចូលរួមម្នាក់ធ្លាក់ខ្លួនឈឺ រូបឯកសារ៖ លោក Neal Browning ទទួលវ៉ាក់សាំងសាកល្បងសម្រាប់បង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ នៅឯមណ្ឌលសុខភាពមួយក្នុងក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។
× ការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ មួយប្រភេទដែលគេសង្ឃឹមទុកថាបានទទួលជោគជ័យជាងគេនោះ ត្រូវបានផ្អាកទៅវិញ បន្ទាប់ពីអ្នកចូលរួមសាកល្បងម្នាក់ធ្លាក់ខ្លួនឈឺ។
ក្រុមហ៊ុនផលិតឱសថ AstraZeneca បានប្រកាសពីការផ្អាកការសាកល្បង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ទៅឲ្យគេហទំព័រព័ត៌មានវេជ្ជសាស្ត្រ Stat News ចុះផ្សាយព័ត៌មាននេះនៅថ្ងៃពុធ។
ពុំមានសេចក្តីពិស្តារច្រើនទាក់ទងនឹងសេចក្តីប្រកាសនេះទេ ប៉ុន្តែការចុះផ្សាយនេះបានឲ្យដឹងថា អ្នកចូលរួមក្នុងការសាកល្បងវ៉ាក់សាំងសញ្ជាតិអង់គ្លេសម្នាក់ មានបញ្ហារលាកឆ្អឹងខ្នង។ គេរំពឹងថាបុរសនោះនឹងជាសះស្បើយវិញ។
ពុំមានការបង្ហាញណាមួយដែលថា ការធ្លាក់ខ្លួនឈឺរបស់អ្នកជំងឺរូបនោះជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងការពារនោះទេ ហើយការផ្អាកការធ្វើតេស្តវ៉ាក់សាំងសាកល្បងវាជារឿងធម្មតាប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Alexander Edwards ដែលជាអ្នកជំនាញខាងប្រព័ន្ធប្រឆាំងមេរោគ នៃសាកលវិទ្យាល័យ Reading របស់ប្រទេសអង់គ្លេស ដែលបាននិយាយជាមួយវីអូអេកាលពីថ្ងៃពុធ៕
© រក្សាសិទ្ធិដោយ thmeythmey.com