ជាតិ
សង្គមជាតិ
អភិបាលខេត្តពោធិ៍សាត់ ស្នើឲ្យគ្រូបណ្តុះនូវវប្បធម៌កតញ្ញូ និងចរិតជាតិនិយមដល់សិស្ស
× ភ្នំពេញ៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានស្នើឲ្យគ្រូបណ្តុះនូវវប្បធម៌កតញ្ញូ និងចរិតជាតិនិយម ដល់សិស្សានុសិស្សជំនាន់ក្រោយដើម្បីឲ្យពួកគេយល់កាន់តែច្បាស់ នាពិធីសំណេះសំណាលជាមួយនឹងគ្រូ និងសិស្សានុសិស្សជិត២០០នាក់ នៅថ្ងៃទី៨ ខែកញ្ញា ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងដូច្នេះថា មនុស្សដែលមិនស្គាល់ពីអតីតកាលរបស់ខ្លួន គឺមិនដែលជោគជ័យនៅក្នុងពេលបច្ចុប្បន្នទេ ។ ចំណែកមនុស្សដែលមិនស្គាល់ពីកម្លាំងរបស់ខ្លួននៅពេលបច្ចុប្បន្ន គឺមិនអាចលើកទិសដៅយកជោគជ័យទៅថ្ងៃអនាគតនោះដែរ។
ត្រង់ចំណុចនេះលោកអភិបាលខេត្តពោធិ៍សាត់ ស្នើឲ្យគ្រូពង្រឹងការបណ្តុះបណ្តាលផ្នែកវប្បធម៌កតញ្ញូ និងចរិតជាតិនិយមដល់សិស្សានុសិស្សជំនាន់ក្រោយ។ លោកក៏បានណែនាំឲ្យគ្រូបណ្តុះស្មារតីឲ្យសិស្សយល់ពីប្រវត្តិសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។
អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យមួយដែលមានអាទិភាព និងដើរតួយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ដោយពឹងផ្អែកលើធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព លើផ្នែកចំណេះដឹង ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតនាពេលបច្ចុប្បន្ន។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានរៀបរាប់ដូច្នេះថា៖«អ្វីៗសព្វគ្រប់នៅលើលោក គឺផ្តើមចេញពីលោកគ្រូ អ្នកគ្រូ ដែលជាថ្នាលបណ្តុះមនុស្សថ្មី ជាពុម្ពផលិតមនុស្សថ្មី ជាអ្នកសាបព្រោះព្រលឹងរបស់ជាតិ។ គ្រប់ទង្វើ និងសកម្មភាព របស់លោកគ្រូ អ្នកគ្រូ សុទ្ធតែជាការអប់រំ ដូច្នេះគប្បីយកចិត្តទុកដាក់ មានឆន្ទះក្នុងការបំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានការបណ្តុះនូវវប្បធម៌កតញ្ញូ និងចរឹកជាតិនិយម ដល់កូនចៅជំនាក់ក្រោយ»។
លោក ម៉ៅ ធនិន ក៏បានស្នើឲ្យលោកគ្រូ និងអ្នកគ្រូ ចាប់ផ្តើមស្លៀកសំលៀកបំពាក់បុរាណខ្មែរ នៅក្នុងកម្មវិធីជប់លៀង ឬកម្មវិធីនៅក្នុងសាលាផងដែរ។ លោក បានរៀបរាប់ដូច្នេះថា៖«ចំពោះសម្លៀកបំពាក់បូរាណខ្មែរ គឺពិតជាបង្កប់នូវអត្ថន័យ និងបង្ហាញអត្តសញ្ញាណ វប្បធម៌ ប្រពៃណីជាតិ ឱ្យបរទេសបានស្គាល់»៕
© រក្សាសិទ្ធិដោយ thmeythmey.com