សង្គមអន្តរជាតិ​
អន្តរជាតិ
សមាជិកសភា​ន័​រវេ​ស ស្នើ​ឈ្មោះ​លោក ត្រាំ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិ​ភាពជា​លើក​ទី​ពីរ​
10, Sep 2020 , 7:29 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្រោយពេលប្រកាស Abraham Accords។ រូបភាព៖ AFP
លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្រោយពេលប្រកាស Abraham Accords។ រូបភាព៖ AFP
ដោយ:
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៩ ខែកញ្ញា ត្រូវបាន​សមាជិកសភា​ន័​រវេ​ស​ស្នើ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២១​។ ការស្នើ​ឈ្មោះ​លោក ត្រាំ សម្រាប់​ពានរង្វាន់​ខ្ពង់ខ្ពស់​នេះ កើតឡើង​បន្ទាប់ពី​លោក​បាន​ជួយ​ផ្សះផ្សា​ទំនាក់ទំនង​ការទូត​រវាង​អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប​រួម​។​

 
​លោក Christian Tybring-Gjedde សមាជិកសភា​ន័​រវេ​ស មកពី​គណបក្ស​ដែលមាន​ទំនោរ​ស្តាំនិយម ជា​អ្នកស្នើ​ឈ្មោះ​លោក ដូ​ណា​ល់ ត្រាំ ទៅ​គណៈកម្មការ​ណូបែល​ន័​រវេ​ស ដើម្បី​ពិចារណា​ផ្តល់​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២១ ដល់​លោក​ប្រធានាធិបតី​អាមេរិក​រូបនេះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Tybring-Gjedde អះអាងថា ការស្នើ​ឈ្មោះ​នេះ គឺ​សម្រាប់​ការចូលរួម​របស់លោក ត្រាំ ក្នុងការ​បង្កើត​សន្តិភាព​រវាង​អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប​រួម​។ លោក​បន្ថែមទៀតថា គណៈកម្មការ​ណូបែល​គួរ​ណាស់​តែ​កាត់សេចក្តី​ទៅលើ​ការពិត និង​មិនមែន​អាកប្បកិរិយា​របស់លោក ត្រាំ នៅពេល​ខ្លះ​ឡើយ​។​
 
​ខាង​សេត​វិមាន​វិញ បាន​លើកឡើងថា កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំង​២ គឺជា​សក្ខីកម្ម​ពី​ទស្សនវិស័យ និង​ការទូត​យ៉ាង​មុះ​មុត​របស់លោក ត្រាំ ។ សេត​វិមាន​បន្តថា លោក ត្រាំ មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​ពិចារណា​ដោយ​គណៈកម្មការ​ណូបែល​។ 
 
​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប​រួមមាន​ឈ្មោះថា Abraham Accords ត្រូវបាន​រដ្ឋបាល​លោក ត្រាំ ចាត់ទុកជា​សេចក្តីសង្ឃឹម​យ៉ាង​វិជ្ជមាន​សម្រាប់​សន្តិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​។ កិច្ចព្រមព្រៀង​ខាងលើនេះ ក៏បាន​ផ្អាក​ផែនការ​របស់​អ៊ីស្រាអែល​ក្នុងការ​ទន្ទ្រាន​យក​ដី​ប៉ា​ឡេ​ស្ទី​ន​ផងដែរ​។ ប៉ុន្តែ​លោក ត្រាំ នៅ​មិនទាន់​អាច​សម្រេចបាន​ការចចា​រ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ឡើយ ខណៈ​ផែនការ​សន្តិភាព​របស់​លោក ត្រូវបាន​គេ​មើលឃើញថា ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ៊ីស្រាអែល​។​
 
​នេះ​ជា​លើក​ទី​ពីរ ដែល​លោក Tybring-Gjedde ស្នើ​ឈ្មោះ​លោ ត្រាំ ។ កាលពី​ឆ្នាំ​២០១៨ លោក ត្រាំ ក៏ត្រូវ​បានស្នើ​ឈ្មោះ​សម្រាប់​ពានរង្វាន់​ណូបែល​នេះ ដោយ​គ្រានោះ​អ្នកនយោបាយ​ន័​រវេ​សរូប​នេះ បាន​សំអាង​លើ​ការខិតខំ​ផ្សះផ្សារ​រវាង​បងប្អូន​គូសត្រូវ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង  ក៏ដូចជា​មួយ​ស៊ី​រី​ផងដែរ តែ​ជា​អកុសល​លោក ត្រាំ មិន​បានទទួល​រង្វាន់​នេះឡើយ​។​
 
​សម្រាប់​ឆ្នាំ​២០២០​នេះ អ្នកឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៩ តុលា នៅ​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រវេ​ស​។ បេក្ខជន​ចំនួន​៣១៨​រូប ត្រូវបាន​យកមក​ពិចារណា​។ ចំណែក​គណៈកម្មការ​ដែល​សម្រេច​ផ្តល់​ពានរង្វាន់​ណូបែល មាន​ចំនួន​៥​រូប និង​ត្រូវបាន​ជ្រើសតាំង​ដោយ​សភា​ន័​រវេ​ស​ផ្ទាល់​។​
 
​អ្នក​ដែល​ឈ្នះ​ពានរង្វាន់​ណូបែល​ទទួលបាន​មេដាយមាស​១៨​កា​រ៉ាត់ និង​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​។ អាមេរិក​ធ្លាប់មាន​ប្រធានាធិបតី​៤​រូប​ហើយ ដែល​ទទួលបាន​រង្វាន់​ណូបែល​សន្តិភាព គឺ​លោក​ប្រធានាធិបតី​ថេ​អូដរ រូ​ស្វែ​លត៍​(Theodore Roosevelt) ក្នុង​ឆ្នាំ​១៩០៦, វូ​ឌ្រូ វី​ល​សុន (Woodrow Wilson) ក្នុង​ឆ្នាំ​១៩២០, ជី​មី ខាត​ធ័​រ​(Jimmy Carter) ក្នុង​ឆ្នាំ​១៩៩៦ និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ឆ្នាំ​២០០៩៕
 
 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  រង្វាន់​ណូបែល
© រក្សាសិទ្ធិដោយ thmeythmey.com