ជាតិ
សង្គមជាតិ
លោក ម៉ែន លី ពីឧត្តរមានជ័យ ទៅកាន់ជាស្នងការនគរបាលកំពង់ធំជំនួសលោក អ៊ុក កុសល នេត សាវឿន អគ្គស្នងការនគរបាលជាតិ(ខាងឆ្វេង) និង លោក ម៉ែន លី (ខាងស្ដាំ) ក្នុងពិធីផ្ទេរភាកិច្ចជាស្នងការនគរបាលខេត្តកំពង់ធំ ថ្ងៃទី៩ កញ្ញា ២០២០។ (រូបពី គេហទំព័រអគ្គស្នងការនគរបាលជាតិ)
× ភ្នំពេញ៖ លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្ទេរភាកិច្ចទៅកាន់តំណែងស្នងការនគរបាលខេត្តកំពង់ធំវិញ បន្ទាប់ពីក្រសួងសម្រេចបញ្ចប់តំណែងរបស់លោក អ៊ុក កុសល អតីតស្នងការនគរបាលកំពង់។
បើតាមការចេញផ្សាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃបានផ្ទេរភាកិច្ចរបស់ លោក ម៉េន លី មកកាន់តំណែងជាស្នងការនៅខេត្តកំពង់ធំ ហើយក៏បានតែងតាំងលោក ហួត សុធី ស្នងការរនគរបាលសៀមរាប ជាស្នងការខេត្តឧត្តរមានជ័យវិញ។ ការផ្ទេរភាកិច្ចនិងតែងតាំងនេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យថ្ងៃទី៩កញ្ញា ដោយមានការចូលរួមពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ការផ្ទេរភាកិច្ចឲ្យលោក ម៉ែន លី មកកាន់តំណេងជាស្នងការនគរបាលកំពង់ធំនេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់តំណែងនិងទម្លាក់ស័ក្តិរបស់លោក អ៊ុក កុសល។ ការសម្រេចរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងដោយសាររកឃើញថា លោក អ៊ុក កុសល បានប្រព្រឹត្តបទល្មើសបៀតបៀនកេរ្តិ៍ខ្មាសលើនគរបាលនារី។
នេះបើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ហើយបញ្ជាក់បន្ថែមថា លោក អ៊ុក កុសល ត្រូវត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)៕
Tag:
សង្គម
ស្នងការនគរបាល
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com