ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​ណែ​ត ប្រាប់​កងកម្លាំង​ឲ្យ​ប្រយ័ត្ន ព្រោះ​ការប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល នៅតែមាន​
10, Sep 2020 , 5:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក Hun Manet
រូបពីទំព័រហ្វេសប៊ុក Hun Manet
ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ផ្ញើ​សារ​ជូនទៅ​កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ កុំ​ឲ្យ​ធ្វេសប្រហែស ដ្បិត​លោក យល់ឃើញថា ការប៉ុនប៉ង​របស់​ក្រុម​ណាមួយ ក្នុង​ការបង្ក​អស្ថិរភាព និង​ការ​បំផុស​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ឈានទៅដល់​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​មាន​។ ទោះ​មិន​និយាយ​ឲ្យ​ចំ តែ​លោក ទំនងជា​ចង់​សំដៅលើ​ក្រុម​អ្នកប្រឆាំង ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​។



​លោក ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ពញ្ញាក់​ស្មារតី​នេះ​ដល់​កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាស​ដែល​លោក ធ្វើជា​តំណាង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​រម្លឹក​ខួប​១១​ឆ្នាំ​នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កង​អង្គរក្ស កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​។ លោក ហ៊ុន ម៉ា​ណែ​ត ដែលមាន​តំណែង​ជា​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ដែរនោះ បាន​រម្លឹកថា តួនាទី​ស្នូល​របស់​កងកម្លាំងប្រដាប់អាវុធ គឺ​ការពារ​បូរណភាព​ទឹកដី សុខសន្តិភាព រដ្ឋាភិបាល និង រដ្ឋធម្មនុញ្ញ​។ 
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បន្តថា កងកម្លាំងប្រដាប់អាវុធ ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​បរិយាកាស​បំពុល​និង​កេងចំណេញ​ផ្នែក​នយោបាយ តាមរយៈ​ការ​បំផុស​ឲ្យ​មាន​សង្គ្រាមចិត្តសាស្ត្រ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ​ខ្លួនឯង ឈប់​ជឿ​លើ​រដ្ឋាភិបាល​។ 
 
​មេបញ្ជាការ​កងទ័ពជើងគោក​រូបនេះ សង្កត់ធ្ងន់​ថា​៖«​ការគ្រប់គ្រង​ស្ថានភាព​ផ្ទៃក្នុង គឺជា​អាទិភាព​ចាំបាច់ ដើម្បី​ធានាបាន​ភាពម្ចាស់ការ​...»​។ លោក បន្ថែមថា​៖«[​កងកម្លាំងប្រដាប់អាវុធ​] ត្រូវ​យកចិត្តទុកដាក់ តាមដាន ប្រុងប្រយ័ត្ន ​ប្រុងប្រៀប និង ត្រៀម​សភាពការណ៍ ជាពិសេស​ការធានា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នឹង​បញ្ជា​រដ្ឋាភិបាល ដើម្បី​ការពារ​ឲ្យ​បាន​ដាច់ខាត នូវ​សុខសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ និង បូរណភាព​ទឹកដី​»៕ 
 

Tag:
 ហ៊ុន ម៉ា​ណែ​ត​
  បដិវត្ត​ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com