COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុមហ៊ុន​អឺរ៉ុប ខ្លាច​រង​ថ្ម​បាក់​ដោយសារ​ទំនាក់ទំនង​តានតឹង​រវាង​ចិន និង​អឺរ៉ុប​
11, Sep 2020 , 9:54 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន​អឺរ៉ុប នៅ​ចិន​បានបង្ហាញ​ក្តីបារម្ភ​កាន់តែខ្លាំង​ឡើង ចំពោះ​ការ​សកម្មភាព​រឹតត្បិត​ពី​សំណាក់​ចិន ខណៈពេលដែល​ទំនាក់ទំនង​រវាង​ចិន និង​បណ្តា​ប្រទេស​អឺរ៉ុប​នៅ​បន្ត​តានតឹង​។ បណ្តា​ក្រុមហ៊ុន​អឺរ៉ុប អះអាងថា បរិយាកាស​ជំនួញ​នៅ​ចិន ជាប់​ពាក់ព័ន្ធ​កាន់តែខ្លាំង​ឡើងទៅ​នឹង​រឿង​នយោបាយ​។​

 
​របាយការណ៍​ប្រចាំឆ្នាំ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ចិន បានលើកឡើង​ពី​បញ្ហា ក៏ដូចជា​សេចក្តី​បារម្ភ​របស់​ក្រុមហ៊ុន​អឺរ៉ុប​ចំនួន​១,៧០០​។ ក្រុមហ៊ុន​អឺរ៉ុប​ទាំងនោះ បានលើកឡើង​ពី​ការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ​នៅពេល​ផ្ទុះ​ជំងឺឆ្លង COVID-19 ក៏ដូចជា​ការហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ចូល​រកស៊ី​ក្នុង​វិស័យ​សំខាន់ៗ​របស់​សេដ្ឋកិច្ច​ចិន​។​
 
​របាយការណ៍​នេះ ក៏​ព្រមាន​ផងដែរ​ថា ទំនាក់ទំនង​កំពុងតែ​យ៉ាប់យ៉ឺន​រវាង​ចិន និង​អឺរ៉ុប​ជុំវិញ​សំណុំរឿង​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង និង​ច្បាប់​សន្តិសុខ​ហុងកុង អាច​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​ធ្វើ​ជំនួញ​នៅ​ចិន​។ ក្ដីបារម្ភ​នេះ​ស្ដែង​តាម​ការសិក្សា​របស់​ក្រុមការងារ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ដែល​បាន​មតិ និង​យោបល់​ពី​ក្រុមហ៊ុន​ដែលជា​សមាជិក​ចំនួន​១,៧០០​។​
 
​ក្នុង​របាយការណ៍​នេះ ក្រុមហ៊ុន​អឺរ៉ុប​ជឿថា ពួកគេ​អាច​ក្លាយ​ជនរងគ្រោះ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​ចិន ដោយសារតែ​សកម្មភាព​រដ្ឋាភិបាលរ​បស់​ប្រទេស​គេ​ដែល​ប្រឆាំង​ចិន​។ ត្រង់នេះ អូស្ត្រាលី​ក្លាយជា​ឧ​ទា​ហរណ៍​ស្រាប់​។ ដោយសារតែ​ទំនាក់ទំនង​តានតឹង​ជាមួយ​អូស្ត្រាលី ចិន​បានដាក់​ពន្ធ​នាំចូល​ជាង​៨០​ភាគរយ​ទៅលើ​ស្រូវ​សាលី​របស់​អូស្ត្រាលី ដែល​ធ្វើ​ឲ្យ​រាំងខ្ទប់​ដល់​ជំនួញ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ ចិន​បើក​ការស៊ើបអង្កេត​លើ​ជំនួញ​ខ្លះទៀត​របស់​ក្រុមហ៊ុន​អូស្ត្រាលី​ដែរ​។​
 
​ក្រៅពីនេះ វិបត្តិ COVID-19 ក៏​ក្លាយជា​ហេតុផល​នៃ​ការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន​មិនអាច​ត្រឡប់​ចូល​ចិន​វិញ ស្រប​ពេលដែល​ការរើសអើង​ទៅលើ​ជនបរទេស មិន​ត្រូវបាន​មន្ត្រី​ចិន​អើពើ​ឡើយ​។ ក្រុមហ៊ុន​ចិន​ទាំងនោះ​ក៏បាន​លើក​ជា​សំណួរ​ផងដែរ​ថា តើ​ជា​ផ្នត់គំនិត​របស់​ចិន​ឬ​ដែល​ចង់បាន​បច្ចេកវិទ្យា និង​មូលធន​ពី​បរទេស តែ​មិន​ស្វាគមន៍​ជនបរទេស​ទៅវិញ​? នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ចំពោះ​វិស័យ​ទាំងឡាយ​ក្នុង​សេដ្ឋកិច្ច​ចិន​វិញ ក្រុមហ៊ុន​អឺរ៉ុប ក៏​សង្កេតឃើញថា ចិន​មិនទាន់​បើកចំហរ​ទីផ្សារ​បាន​ពេញលេញ​នៅឡើយ​ទេ​។ ពួកគេ​នៅ​ប្រឈម​ជាមួយនឹង​បញ្ហា​ការិយាធិបតេយ្យ ដែល​មិន​អនុញ្ញាត​ឲ្យ​បានធ្វើ​ជំនួញ​បាន​ពេញលេញ​ក្នុង​វិស័យ​ធនាគារ និង​ធានារ៉ាប់រង​ផងដែរ​។ 
 
​បើតាម​របាយការណ៍​ខាងលើ ចិន​ហាក់បីដូចជា​មានការ​កំណត់​លើ​វិស័យ​មួយចំនួន ដែល​រឹតត្បិត​មិន​ឲ្យ​មានការ​វិនិយោគ​ពី​បរទេស ឬ​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ចិន រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​មិនអាច​ប្រកួតប្រជែង​ជាមួយ​បាន​។ បច្ចុប្បន្ន វិស័យ​ទូរគមនាគមន៍ ថាមពល​កកើត​ឡើងវិញ និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដែលមាន​សក្តានុពល​ក្នុងការ​រីកលូតលាស់ ត្រូវបាន​រដ្ឋាភិបាល​ចិន​រឹតត្បិត​ចំពោះ​ការវិនិយោគ​ពី​បរទេស​៕
 
 

Tag:
 ​ចិន​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com