កីឡាអន្តរជាតិ
អន្តរជាតិ
PSG ចាញ់​ក្រុម​ឡើង​ថ្មី Lens ក្នុងជំនួប​បើកឆាក ក្រោយ​កីឡាករ​សំខាន់ៗ​ឆ្លង COVID-19
11, Sep 2020 , 11:06 am        
រូបភាព
​ក្រុម​ការពារ​តំណែង​ជើងឯក Paris St-Germain ចាប់ផ្តើម​យុទ្ធនាការ Ligue 1 រដូវ​កាល​ថ្មី​ដោយ​ទទួលលទ្ធផល​ខកចិត្ត​ក្រោយ​ចាញ់​ក្រុម​ទើប​ឡើង​ពី​លី​គ​ទី​២ Lens ១-០​។ អវត្តមាន​កីឡាករ​ឆ្នើម​ជាច្រើន​ដោយសារ​ឆ្លង COVID-19 ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រុម​លោក Thomas Tuchel បរាជ័យ​ក្នុងជំនួប​បើកឆាក​នេះ​។


​នា​ការប្រកួត​នៅ​កីឡដ្ឋាន Stade Bollaert-Delelis នៅ​យប់​ថ្ងៃទី​១០ កញ្ញា ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​៥០០០​នាក់ PSG ភ្លាត់ស្នៀត​ចាញ់​ក្នុងជំនួប​ដំបូង​របស់ខ្លួន ដោយសារ​អ្នកចាំទី​ដៃ​ទី​ពីរ Marcin Bulka បង្កើត​កំហុស​នៅមុខ​ទី ដែល​ធ្វើ​ឲ្យ Ignatius Ganago ខ្សែប្រយុទ្ធ​ក្រុម Len ដណ្តើម​បាល់​បាន និង​សម្រេច​ទី​នៅ​នាទី​៥៧​។​
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍​ក្នុងជំនួប​នេះ គឺ​ក្រុម​ការពារ​តំណែង​ជើងឯក​បានដាក់​កីឡាករ​ថ្មីៗ​ជាច្រើនរូប ខណៈ​កីឡាករ​ល្អជា​ច្រើន​សុទ្ធតែ​គ្មាន​ឈ្មោះ​។ ដាក់​កីឡាករ​ក្មេង​ច្រើន មិនមែន​អ្នកចាត់ការ​ទូទៅ​លោក Tuchel ចង់ដឹង​ពី​សមត្ថភាព​កូនក្រុម​នោះទេ ប៉ុន្តែ​បណ្តាលមកពី​តារា​ល្បីៗ​របស់ខ្លួន​ជាច្រើន​នាក់​កំពុង​សម្រាក​ព្យាបាល​ក្រោយ​ឆ្លង COVID-19​។​


 ១១នាក់ដំបូងរបស់ PSG សម្រាប់ជំនួបបើកឆាករដូវកាលថ្មី

​បើតាម​ការផ្សាយ​របស់ BBC សមាជិក​ក្រុម​យក្ស​បារាំង​ចំនួន​៧​រូប​ដែល​ឆ្លង​ជំងឺ​រាតត្បាត​សកល​ក្រោយ​ត្រឡប់​ពី​ដើរ​កម្សាន្ត​នៅ​កោះ Ibiza មាន អ្នកចាំទី Keylor Navas ខ្សែការពារ Marquinhos ខ្សែបម្រើ Angel Di Maria, Leandro Paredes, Mauro Icardi រួមទាំង​តារា​ស៊ុត​បញ្ចូល Kylian Mbappe និង Neymar​។   
 
Lens ដែលជា​ក្រុម​ទើប​ឡើង​ពី​លី​គ​ទី​២​របស់​បារាំង Ligue 2 បាន​ទាញយក​ផលប្រយោជន៍​ពី​អវត្តមាន​សមាជិក​សំខាន់​របស់ PSG នេះ ដើម្បី​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ការប្រកួត​លើក​ទី​២​ក្នុង​ក្របខណ្ឌ​កំពូល​បារាំង​រដូវ​កាល ២០២០-២១ របស់​ពួកគេ​។​
 
PSG បាន​ក្លាយជា​ម្ចាស់​ជើងឯក Ligue 1 រដូវ​កាល​មុន តាមរយៈ​ការសម្រេច​របស់​ប្រធាន​លី​គ​នៅ​ពាក់កណ្តាល​ទី ក្រោយ​ជំងឺ COVID-19 រាតត្បាត​ខ្លាំង​ក្នុងប្រទេស​បារាំង​។ ខណៈ​ពួកគេ​មាន​ពិន្ទុ​នាំមុខ​ដល់​ទៅ​១២​ពិន្ទុ​។​
 
​ជំនួប​បន្ទាប់ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​នឹងត្រូវ​ដឹកនាំ PSG ក្នុង​ទឹកដី​ខ្លួន​ដើម្បី​ទទួលភ្ញៀវ Marseille នៅ​ថ្ងៃទី​១៣ ខែកញ្ញា​។ តើ​លោក Tuchel ត្រូវ​ប្រើប្រាស់​សមាជិក​ក្រុម​នេះ​ដដែល ឬ Super Star របស់លោក​ជា​ទាន់ពេល​សម្រាប់​ការប្រកួត​ទី​២​នៅ Le Parc des Princes?

Tag:
 Paris St-Germain
  COVID-19
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com