ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើឱ្យឥណ្ឌា លើកកម្ពស់អនុស្សារណៈ និងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាហើយ
11, Sep 2020 , 12:48 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យឥណ្ឌា លើកកម្ពស់អនុស្សារណៈ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរ បានចុះហត្ថលេខារួមគ្នាកន្លងមកហើយ។ សម្ដេច លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារចុងក្រោយរបស់លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលនឹងត្រូវផុតអាណត្តិ នាថ្ងៃទី១១ កញ្ញានេះ។

 
សម្ដេច ហ៊ុន សែន បានអះអាងថា កម្ពុជា និងឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើតែគ្រប់វិស័យទៅហើយ ដោយវិស័យនីមួយៗ សុទ្ធតែសំខាន់ៗក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាពិសេសអនុវត្តលើឯកសារមួយចំនួន ដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយ។
 
«យើងគប្បីណាលើកកម្ពស់អនុស្សារណៈដែលយើងបានចុះហត្ថលេខារួចមក ឱ្យទៅជាកិច្ចព្រមព្រៀង  ហើយកិច្ចព្រមព្រៀងដែលយើងបានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្ត ដើម្បីឈានឆ្ពោះទៅការជោគជ័យលើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយនោះ»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់កិច្ចពិភាក្សាក្នុងជំនួបនេះ។
 
នាយករដ្ឋមន្ត្រីកម្ពុជា ក៏ជំរុញឱ្យកិច្ចសហការរវាងភាគីទាំងពីរ ឈានទៅកម្រិតមួយថែមទៀតដែរ។ ប្រមុខរដ្ឋាភិបាល បានលើកឡើងដូច្នេះ៖«អ្វីដែលយើងបានចុះហត្ថលេខា យើងគប្បីណាពិនិត្យមើលបន្ថែមទៀតក្នុងការពង្រឹងតួនាទី សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីទៅពង្រីកវិសាលភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត»។
 
កាលពីខែមករា ឆ្នាំ២០១៨ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅឥណ្ឌា តាមការអញ្ជើញរបស់លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ ក្នុងនោះរួមមាន ១/ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស , ២/ សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ ,៣/ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទី៤ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារអាមេរិកសម្រាប់គម្រោង អភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។
 
កន្លងមករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា  និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏មានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ។ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។ នេះជាការលើកឡើងរបស់លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។
 
«ដំណើរទស្សនកិច្ចនីមួយៗមានការចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងលើការអភិវឌ្ឍគម្រោងផ្សេងៗផងដែរ ដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែល្អបន្ថែមទៀត។ក្នុងរយៈពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាស្ទើរតែគ្រប់វិស័យទាំងអស់»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្តីលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលនឹងត្រូវផុតអាណត្តិ៕
 
 
 

Tag:
 ហ៊ុន សែន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com