សង្គមអន្តរជាតិ
អន្តរជាតិ
ចិន និងឥណ្ឌា យល់ព្រមដកទ័ពចេញពីតំបន់ព្រំដែនជម្លោះ រដ្ឋមន្រ្តីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យាំ ចេសាន់កា ជាមួយសមភាគីចិន លោក វ៉ាង យី ។ រូបភាព៖ PTI
× ប្រមុខការទូតចិន និងឥណ្ឌា បានយល់ព្រមដកទ័ព និងសម្ភារយោធានៅតំបន់ជម្លោះនៃព្រំដែនប្រទេសទាំងពីរ និងបន្ធូរបន្ថយភាពតានតឹងតាមរយៈកិច្ចចរចា។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសទាំងពីរនៅថ្ងៃទី១១ ខែកញ្ញា។
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជួបជាមួយសមភាគីឥណ្ឌា ស៊ូប្រាម៉ាន់យាំ ចេសាន់កា (Subrahmanyam Jaishankar) នៅថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងមូស្គូដើម្បីជជែកពីបញ្ហាព្រំដែនដែលកើនកម្ដៅខ្លាំង។ ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនេះ ធ្វើឡើងក្រោយជំនួបរដ្ឋមន្ត្រីការពារជាតិដែលធ្វើនៅទឹកដីរុស្ស៊ីដូចគ្នា តែមិនមានលទ្ធផលឡើយ។
ជម្លោះព្រំដែនឥណ្ឌា-ចិន បានកើនកម្តៅជាថ្មីនៅត្រង់ចំណុចជ្រោយទន្លេ Pangong Tso ស្ថិតនៅក្នុងតំបន់ Ladakh និងឈានទៅដល់ការបាញ់កាំភ្លើងទៅក្នុងអាកាសដោយភាគីទាំងពីរថែមទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ ទីក្រុងប៉េកាំង និងទីក្រុងញូវដែលី បានចោទគ្នាទៅវិញទៅមក ជុំវិញការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន តាមរយៈការចល័តទ័ព។
ខណៈជំនួបរដ្ឋមន្ត្រីការពារជាតិមិនទទួលបានផ្លែផ្កា ជំនួបប្រមុខការទូតចិន និងឥណ្ឌា ហាក់មានសញ្ញាវិជ្ជមានច្រើន។ ក្នុងសេចក្ដីថ្លែងការណ៍ក្រោយជំនួបនៅរុស្ស៊ី ទាំងលោក វ៉ាង ទាំងលោក ចេសាន់កា បានឯកភាពគ្នាថា ស្ថានការណ៍តានតឹងតាមព្រំដែនក្នុងពេលបច្ចុប្បន្ន មិនមែនជាអ្វីដែលភាគីទាំងសងខាងត្រូវការឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «កងទ័ពរបស់ភាគីទាំងពីរ ដែលឈរជើងនៅតាមតំបន់ព្រំដែន គួរតែដោះស្រាយបញ្ហាតាមការចរចា ដកទ័ពចេញពីតំបន់ជម្លោះឲ្យបានរហ័ស ធានាគម្លាតពីគ្នា និងបន្ធូរបន្ថយភាពតានតឹង។»
លើសពីនោះ លោក វ៉ាង ក៏បានប្រាប់ទៅសមភាគីខ្លួនថា ចិននឹងនៅតែរក្សាទំនាក់ទំនងជាមួយឥណ្ឌាតាមទំនាក់ទំនងការទូត ប្រព័ន្ធទូរសព្ទយោធា និងប្តេជ្ញាស្តារសន្តិភាព និងភាពស្ងប់ស្ងាត់តាមតំបន់ព្រំដែន។ ប្រមុខការទូតចិនបន្តថា រាល់កងទ័ព និងសម្ភារយោធា ដែលបានបញ្ជូនទៅក្នុងចំណុចជម្លោះ ត្រូវតែដកចេញ ដើម្បីបន្ថយភាពតានតឹងតាមព្រំដែន។
សូមបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន និងឥណ្ឌា ធ្វើឡើងនៅចំថ្ងៃឥណ្ឌា បានដាក់បញ្ចូលយន្តហោះចម្បាំងRafale ចំនួន៥គ្រឿង ដែលទើបតែដឹកពីបារាំងមក ចូលទៅក្នុងកម្លាំងកងទ័ពអាកាសរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com