ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់​កម្ចី​១២៧.៨​លាន​ដុល្លារ​សម្រាប់​ការពង្រីក​បណ្តាញ​អគ្គិសនី​នៅ​ភ្នំពេញ តាកែវ កំពង់ចាម និង​កំពង់ឆ្នាំង
11, Sep 2020 , 7:29 pm        
រូបភាព
លោកស្រី Sunniya Durrani-Jamal   នាយិកាប្រចាំកម្ពុជារបស់ ADB នា​ជំនួប​ជាមួយ​លោក​ កែវ រតនៈ អគ្គនាយកអគ្គិសនី​កម្ពុជាកាលពីឆ្នាំ២០១៨។ រូបថត Krako
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំកម្ពុជារបស់ ADB នា​ជំនួប​ជាមួយ​លោក​ កែវ រតនៈ អគ្គនាយកអគ្គិសនី​កម្ពុជាកាលពីឆ្នាំ២០១៨។ រូបថត Krako
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ផ្តល់​កម្ចី​ឱ្យ​កម្ពុជា​ចំនួន​១២៧,៨​លាន​ដុល្លារ សម្រាប់​គាំទ្រ​លើ​ការកសាង​បណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៣​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB កាលពី​ថ្ងៃទី​១០​កញ្ញា ឆ្នាំ​២០២០ ដោយ​បញ្ជាក់ថា​តាមរយៈ​កម្ចី​នេះ កម្ពុជា​នឹង​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថេរភាព និង​អាច​ទុកចិត្តបាន​។​

 
​ក្រៅពី​ភ្នំពេញ ខេត្ត​ទាំង​៣​ដែល​ទទួលបាន​ការអភិវឌ្ឍ​លើ​ប្រព័ន្ធ​អគ្គិសនី​ពី​កម្ចី​របស់​ADB នេះ មាន​ខេត្តតាកែវ​, កំពង់ចាម​, កំពង់ឆ្នាំង​។ បើតាម​ធនាគារអភិវឌ្ឍន៍អាស៊ី រាជធានី និង​ខេត្ត​គោលដៅ​ទាំងនេះ ក្រៅពី​បាន​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី​ហើយ​នោះ ក៏​នឹងមាន​ការសាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល​ដើរ​ដោយ​អាគុយ ខ្នាត​ធំ​ដំបូងបង្អស់​នៅ​កម្ពុជា ផងដែរ​។ 
 
​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បញ្ជាក់ថា គម្រោង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល​ដើរ​ដោយ​អាគុយ ខ្នាត​ធំ​ដំបូងបង្អស់​នៅ​កម្ពុជា​នេះ គឺ​ប្រើ​ថវិកា​អស់​៦,៧​លាន​ដុ​លា្ល​រ ដោយ​ក្នុងនោះ មាន​៤,៧​លាន​ដុល្លារ​បាន​ពី​មូលនិធិ​អាកាសធាតុ​ជា​យុទ្ធសាស្ត្រ (Strategic Fund)​នៃ​ការពង្រីក​ការអនុវត្ត កម្មវិធី​ថាមពល​កកើតឡើង​វិញ​នៅ​ប្រទេស​មាន​ចំណូល​ទាប​។ រីឯ ២​លាន​ដុល្លារ​ទៀត បាន​ពី​មូលនិធិ​ថាមពល​ស្អាត​(Clean Energy Fund)​នៃ​គ្រោង​ដៃគូ​ហិរញប្បទាន​សម្រាប់​ថាមពល​ស្អាត​(Clean Energy Financing Partnership Facility)​។​
 
​គម្រោង​នេះ​នឹង​ជួយ​ដល់​អគ្គិសនី​កម្ពុជា​(EDC) ដែលជា​ស្ថាប័ន​ជាតិ ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន ដល់​ការសាងសង់​បណ្តាញ​បញ្ជូន​១១៥-២៣០​គីឡូ​វ៉ាត ចំនួន​៤ និង​អនុ​ស្ថានីយ​អគ្គិសនី​ចំនួន​១០ នៅក្នុង​រាជធានី និង​ខេត្ត​ខាងលើ​។ នេះ​បើតាម​ធនាគារ​អភិវឌ្ឍន៍​អ​ស៊ី ដោយ​បន្តថា គម្រោង​សាកល្បង​ថាមពល​ដើរ​ដោយ​អាគុយ នឹងធ្វើ​នៅ​ទីតាំង​នៅក្បែរ​ឧទ្យាន​ថាមពលព្រះអាទិត្យ​មាន​កម្លាំង​១០០​មេ​ហ្គា​វ៉ា​ត់ ដែល​គាំទ្រ​ដោយ ធនាគារ​អភិវឌ្ឍន៍​អ​ស៊ី នឹង​រួម​ប​ញ្ជូ​ល​នូវ​ការបណ្តុះបណ្តាល​បច្ចេកទេស​ផងដែរ​។ 
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា គ្រោង​បង្កើន​សមត្ថភាព​ផលិត​ចរន្តអគ្គិសនី​ថាមពល​ព្រះអាទិត្យ​ដល់​៤១៥​មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ឆ្នាំ​២០២២​។ ហើយ​ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ​ដែល​គាំទ្រ​ដោយ​គម្រោង​នេះ មាន​សមត្ថភាព​សន្សំ​ថាមពល​អគ្គិសនី​បាន​១៦​មេ​ហ្គា​វ៉ា​ត់​ម៉ោង នឹង​ផ្តល់​លទ្ធភាព​ដើម្បី​ជួយ​រួមបញ្ចូល​ថាមពល​កកើត​ឡើងវិញ ដោយ​កាត់បន្ថយ​ការកកស្ទះ​ការបញ្ជូន​ចរន្ត និង​ធ្វើ​តុ​ល្យា​ភាព​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​។​
 
​លោកស្រី Sunniya Durrani-Jamal   នាយិកា​ប្រចាំ​កម្ពុជា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​និយាយថា គម្រោង​បង្កើន​ប្រព័ន្ធ​បញ្ជូន​ចរន្ត រួមជាមួយ​ជំនួយ​ជា​បន្ត​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដល់​កម្ពុជា ក្នុងការ​រៀបចំ​ផែនការ​បណ្តាញ​ថាមពល បាន​បង្ហាញថា​ការផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់​អាច​ទុកចិត្តបាន  និង​មាន​និរន្តរភាព​បរិស្ថាន គឺអាច​ផ្តល់ជូន​ក្នុងតម្លៃ​សមរម្យ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌​។​
 
​លោកស្រី​បាន​បន្តថា ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ​និង​បង្ហាញ​ពី​របៀប​ដែល​ការអភិវឌ្ឍ​ខ្នាត​ធំ​នៃ​ការអនុវត្ត បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី អាច​ត្រូវបាន​ប្រើ ដើម្បី​ដំណើរការ​បណ្តាញ​អគ្គិសនី​នៅ​កម្ពុជា នាពេល​អនាគត និង​ដើម្បី​បង្កើត​ថាមពល​កកើត​ឡើងវិញ​បន្ថែមទៀត​។ 
 
​ជាមួយគ្នានេះ លោកស្រី Daniela Schmidt អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​លើកឡើងថា គម្រោង​តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត​ចាំបាច់​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​និរន្តរ៍ភាព​នេះ នឹង​ជំរុញ​ផលិតភាព​សេដ្ឋកិច្ចកម្ពុជា សមត្ថភាព ការប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម​នានា​។ លើសពីនេះទៅទៀត នឹង​បង្កើត​ការងារ និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​របស់​កម្ពុជា ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩(COVID-19)​។ 
 
​បើតាម​អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី​រូបនេះ គម្រោង​ផ្ទុក​ថាមពល​ដោយ​អាគុយ​នេះ នឹង​បង្កើត​ការងារ​ដោយផ្ទាល់​ចំនួន​១,៣០០​នាក់ នៅក្នុង​វិស័យ​សំណង់ ជាមួយនឹង​ការផ្តល់​អត្ថប្រយោជន៍ ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។ ក្រៅពីនេះ គម្រោង​នេះ​ក៏​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​EDC ក្នុងការ​កម្ពស់​បរិ​យា​ប័ន្ន និង​សមភាព​យេនឌ័រ នៅ​កន្លែងធ្វើការ និង​លើកទឹកចិត្ត ឱ្យមាន​ការចូលរួមរ​បស់​ស្ត្រី នៅក្នុង​វិស័យ​ថាមពល​។ 
 
​ចាប់ពី​ឆ្នាំ​១៩៩៤​មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់​កម្ចី និង​ជំនួយឥតសំណង​ដល់​កម្ពុជា ជិត​២០០​លាន​ដុល្លារ លើ​វិស័យ​ថាមពល និង​ផ្តល់ជំនួយ​បច្ចេកទេស​ប្រមាណ​៦​លាន​ដុល្លារ​ទៀត​។ ធនាគារអភិវឌ្ឍន៍អាស៊ី ថវិកា​ទាំងនេះ គឺ​បាន​ផ្តោតលើ​ការពង្រីក​បណ្តាញ​បញ្ជូន និង​ចែកចាយ​ចរន្ត និង​គាំទ្រ​ដល់​កំណែទម្រង់ វិស័យ​អគ្គិសនី ព្រមទាំង​ការកសាង​សមត្ថភាព​ស្ថាប័ន​។ 
 
​កាលពី​ឆ្នាំ​២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី​នេះ​បានផ្តល់​ថវិកា​៧,៦៤​លាន​ដុល្លារ ដល់​កម្ពុជា​សម្រាប់​សាងសង់​ឧទ្យាន​ពន្លឺព្រះអាទិត្យ តាមរយៈ​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន រួមជាមួយ​ការបង្កើត​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការអភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ ផងដែរ​៕ 
 
 

Tag:
 អគ្គិសនី​
  ABD
© រក្សាសិទ្ធិដោយ thmeythmey.com