ភ្នំពេញ៖ អាស៊ាន មិនចាប់អារម្មណ៍ និងកាន់ជើងមហាអំណាចណាមួយ ដែលកំពុងប្រឈមមុខគ្នាឡើយ។ លោក ប្រាក់ សុខុន ថ្លែងបែបបនេះ នៅក្នុងបទអន្តរាគមន៍កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី៩ កញ្ញា។
ក្នុងបទអន្តរាគមន៍នោះ លោក ប្រាក់ សុខុន បានស្នើឱ្យអាស៊ានធ្វើការងាររួមគ្នាមួយ ដោយឈានទៅរកការបង្កើត «ច្រករបៀងធ្វើដំណើរ» (Travel Corridor) ដើម្បីជួយសម្រួលដល់ការធ្វើដំណើរធុរកិច្ចជាបណ្ដើរ និងប្រកបដោយសុវត្ថិភាព ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ។ ជាពិសេសរៀបចំជាផែនការសកម្មភាពជាក់ស្តែងមួយឱ្យបានឆាប់រហ័ស។
ថ្លែងបែបនេះហើយ លោក ប្រាក់ សុខុន ក៏ស្នើឱ្យអាស៊ានត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវស្មារតីនៃការឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីអនុវត្តនូវគោលការណ៍ «មាគ៌ាអាស៊ាន» ចៀសវាងការទន់ទោរទៅពួកមហាអំណាច ដែលកំពុងប្រឈមមុខដាក់គ្នា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានស្រង់សម្តីប្រមុខការទូតកម្ពុជា នៅក្នុងកិច្ចប្រជុំអាស៊ានដូច្នេះថា៖«នៅក្នុងភាពតានតឹងប្រឈមដាក់គ្នារវាងមហាអំណាច និងការដើរថយក្រោយពហុភាគីនិយម អាស៊ានមិនមានចំណាប់អារម្មណ៍ក្នុងការកាន់ជើងភាគីណាមួយទេ»។
បច្ចុប្បន្ននេះ អាមេរិកនិងចិន កំពុងមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។ បញ្ហាជម្លោះរវាងភាគីទាំងពីរនេះ បានផ្ទុះឡើងចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨។ មូលហេតុដែលនាំអាមេរិក និងចិន ប្រឈមមុខនឹងបញ្ហាពាណិជ្ជកម្មនេះ ដោយសារលោក ដូណាល់ ត្រាំ មិនពេញចិត្តនឹងជញ្ជីងពាណិជ្ជកម្ម ដែលផ្អៀងទៅខាងចិនខ្លាំងពេក។ ត្រាំ ចោទចិនថា លួចបច្ចេកទេសរបស់អាមេរិក ហើយនាំចូលផលិតផលទៅប្រទេសខ្លួនច្រើន។ ចំណែកសំណុំរឿងនៅហុងកុង ,ស៊ីនជាំង , សមុទ្រចិនខាងត្បូង និងជំងឺកូវីដ-១៩ ក៏ស្ថិតនៅក្នុងជម្លោះនោះដែរ ទើបនាំឱ្យ ត្រាំ ចេញបញ្ជាដំឡើងពន្ធពាណិជ្ជកម្មចិន។ ចិនក៏តបត ការដំឡើងពន្ធលើអាមេរិកវិញដែរ។
ភាគីទាំងពីរបានសម្រេចដំឡើងពន្ធនាំចូលលើទំនិញទៅវិញទៅមកក្នុងតម្លៃពាន់លានដុល្លារ។ នៅដើមឆ្នាំ២០២០ កិច្ចព្រមព្រៀងដោះស្រាយបញ្ហាដំណាក់កាលទីមួយ ត្រូវបានចុះហត្ថលេខា សំដៅដោះស្រាយបញ្ហាខ្លះ។ ប៉ុន្តែរឿងពាណិជ្ជកម្មមិនទាន់ចប់ឡើយ ស្របពេលលោក ត្រាំ ក៏គ្មានបំណងជជែករឿងនេះដែរ។
បើសិនជាសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សនេះ នៅតែអូសបន្លាយយូរនោះ វានឹងអាចឲ្យស្ថានការណ៍នយោបាយនៅក្នុងពិភពលោកវិលទៅកាន់ប្រវត្តិសាស្ត្រវិញ គឺមានការបែងចែកជាពីរប្លុក គឺប្លុកសេដ្ឋកិច្ចពួកសេរី ខាងសហរដ្ឋអាមេរិក និងពួកកុម្មុយនីស្តខាងភាគីចិន។ ប៉ុន្តែវាមិនបណ្ដាលឲ្យឈានទៅរកសង្គ្រាមលោកលើកទី៣ឡើយ។ នេះជាការយល់ឃើញរបស់ ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលធ្លាប់ផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗកន្លងមក។
ចំណែកប្រទេសក្នុងអាស៊ានវិញ បើសិនជាមិនរក្សាជំហរឹងមាំជាធ្លុងមួយ ហើយទន់ទោរតាមពួកមហាអំណាចនោះ អាស៊ាននឹងងាយផុយស្រួយ ហើយបែកបាក់គ្នាជាមិនខាន៕