សង្គមអន្តរជាតិ
អន្តរជាតិ
បារាំង និងអ៊ីតាលី ក្លាយជាដៃគូអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន រូបភាពអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ ដែលរៀបចំឡើងតាមអនឡាញ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ ដែលវៀតណាមជាម្ចាស់ផ្ទះ ។ រូបភាពពីក្រសួងការបរទរសកម្ពុជា
× បារាំង និងអ៊ីតាលី ត្រូវបានអនុម័តឲ្យក្លាយជាដៃគូអភិវឌ្ឍន៍ថ្មីរបស់អាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ ដែលមានវៀតណាមជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាននៅថ្ងៃទី១០ ខែកញ្ញា។ គោលដៅការក្លាយជាដៃគូអភិវឌ្ឍន៍នេះ គឺដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូអាស៊ានខាងក្រៅ។
«យើងបានស្វាគមន៍បារាំង និងអ៊ីតាលីក្លាយជាដៃគូអភិវឌ្ឃន៍របស់អាស៊ាន»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការតំបន់ អាស៊ាន ដែលមានសមាជិក១០ប្រទេស រួមមាន ព្រុយណេ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។
ក្នុងសេចក្តីថ្លែងការណ៍រួមដដែល រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ ក៏បានកត់សម្គាល់ពីដំណើរការល្អក្នុងទំនាក់ទំនងជាមួយដៃគូអាស៊ានខាងក្រៅ ដូចជា ដៃគូសន្ទនាតាមវិស័យ អាស៊ាន-ស្វ៊ីស, ដៃគូសន្ទនាតាមវិស័យ អាស៊ាន-ន័រវែស, ដៃគូសន្ទនាតាមវិស័យអាស៊ាន-តួកគី ក៏ដូចជា ដៃគូអភិវឌ្ឍន៍ អាស៊ាន-អាល្លឺម៉ង់ និងដៃគូអភិវឌ្ឍន៍ អាស៊ាន-ស៊ីលី ។
«ក្នុងនាមជាដៃគូអភិវឌ្ឍន៍មួយ អ៊ីតាលី ត្រៀមលក្ខណៈសម្រាប់ផ្ដល់វិភាគទានទាំងបទពិសោធន៍និងអ្នកជំនាញក្នុងវិស័យជាច្រើន ដូចជា ការតភ្ជាប់ ប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍនតាមបែបចីរភាព…»។ សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរបន្ថែមបែបនេះ។
សូមបញ្ជាក់ថា បូកទាំងបារាំង និងអ៊ីតាលី ដែលទើបក្លាយជាដៃគូអភិវឌ្ឍន៍អាស៊ានថ្មី បច្ចុប្បន្ន អាស៊ាន មានដៃគូអភិវឌ្ឍន៍ចំនួន៤ប្រទេស។ អាល្លឺម៉ង់ ត្រូវបានអនុម័តឲ្យក្លាយជាដៃគូអភិវឌ្ឍន៍អាស៊ាន កាលពីឆ្នាំ២០១៦ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ នៅឡាវ។ ចំណែក ប្រទេស ស៊ីលី ត្រូវបានអនុម័តឲ្យក្លាយជាដៃគូអភិវឌ្ឍន៍អាស៊ាន អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីឆ្នាំ២០១៩ នៅថៃ។
ម្យ៉ាងទៀត បច្ចុប្បន្ន អាស៊ានមានដៃគូសន្ទនាចំនួន ៩ ប្រទេស រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ សហរដ្ឋអាមេរិក រុស្ស៊ី និងកាណដា ព្រមទាំងអង្គការតំបន់មួយ គឺ សហភាពអឺរ៉ុប។ អាស៊ានមានដៃគូតាមវិស័យចំនួន៣ប្រទេស រួមមាន តួកគី ស្វ៊ីស និងន័រវែស៕
Tag:
បារាំង
អ៊ីតាលី
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com