អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងក្រសួងអប់រំ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបើកដំណើរការសាកលវិទ្យាល័យឡើងវិញ
× នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ទទួលបដិសណ្ឋារកិច្ចប្រតិភូជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញទស្សនកិច្ច និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបើកដំណើរការសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រឡើងវិញ។ ប្រតិភូក្រសួងអប់រំ ដឹកនាំដោយ លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រុមការងារបច្ចេកទេសផងដែរ។
លោករដ្ឋលេខាធិការ និងប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ការរៀបចំ និងត្រៀមលក្ខណៈ របស់សាកលវិទ្យាល័យ ក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងស្តង់ដារអនាម័យ ក៏ដូចជាវិធានការក្នុងការការពារសុខភាព (SOP) ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ លើការប្តេជ្ញាចិត្ត របស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក្នុងការចែករំលែកព័ត៌មាន និងការអប់រំ អំពីហានិភ័យពីការឆ្លងជំងឺកូវីដ-១៩។
ប្រតិភូជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា ក៏មានសេចក្តីសោមនស្សរីករាយផងដែរ ជាមួយ នឹងការត្រួតពិនិត្យលើប្រព័ន្ធសិក្សាអនឡាញ ដែលអនុញ្ញាតឲ្យនិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានឱកាសបន្តការសិក្សារបស់ខ្លួន បានរហូតជិត ១៥ ០០០ ម៉ោង ក្នុងរយៈពេល៦ខែ ចុងក្រោយនេះ។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏សូមគោរពថ្លែងអំណរគុណ លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារបច្ចេកទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្តល់កិតិ្តយសចុះធ្វើអធិការកិច្ច នៅបរិវេណសាកលវិទ្យាល័យ ដើម្បីត្រៀមខ្លួនក្នុងការបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី២នេះ។ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានសេចក្តីសោមនស្សរីករាយ ដែលសាកលវិទ្យាល័យ បានអនុវត្តស្តង់ដារសុវត្ថិភាពខ្ពស់ សម្រាប់ និស្សិត ក៏ដូចជាបុគ្គលិក សាស្ត្រាចារ្យ ដើម្បីត្រៀមខ្លួន ក្នុងការបើកដំណើរការសាកលវិទ្យាល័យឡើងវិញ ក្នុងពេលឆាប់ៗនេះ។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គឺជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យផ្សេងៗទៀត នៅកម្ពុជា ដែលនឹងត្រូវបានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សង្ឃឹមយ៉ាងម៉ុតមាំ និងរង់ចាំស្វាគមន៍ សិស្ស និស្សិតយ៉ាងកក់ក្តៅ ក្នុងការវិលត្រឡប់មកសាកលវិទ្យាល័យវិញ ទៅតាមគន្លងសិក្សាថ្មី ប្រកបដោយស្តង់ដារអនាម័យ និងសុវត្ថិភាពក្នុងពេលឆាប់ៗនេះ ហើយធានាក្នុងការរក្សាអនាម័យខ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆាំងរាល់ហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com