ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះបីមានកូវីដ-១៩ តែការងារសាងសង់ផ្ទះឱ្យជនក្រីក្ររបស់អង្គការ Habitat នៅតែបន្ត
12, Sep 2020 , 6:59 pm        
រូបភាព
សៀមរាប៖ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat for Humanity Cambodia)ត្រូវបានគេស្គាល់ថាជាស្ថាប័នមនុស្សធម៌ សាងសង់ផ្ទះដល់ប្រជាជនក្រីក្រ ក្នុងបំណងដើម្បីឱ្យប្រជាជនគ្រប់រូបមានលំនៅឋានសមរម្យ ដែលជាទីជម្រកសំខាន់សម្រាប់ការរស់នៅ។ ថ្មីៗនេះ អង្គការទើបនឹងចាប់ផ្តើមការងារចុះសង់ផ្ទះដល់ពលរដ្ឋតាមតំបន់គោលដៅនៅក្នុងខេត្តសៀមរាប បន្ទាប់ពីគម្រោងមួយចំនួនបានផ្អាកមួយរយៈដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩។ អង្គការនេះយល់ថា ស្ថិតក្នុងកាលៈទេសៈនេះ លំនៅឋានគឺកាន់តែមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋ ដើម្បីការការពារពីជំងឺកូវីដ១៩។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
 
 
 
លំនៅឋាន គឺជាក្ដីប្រាថ្នាសម្រាប់គ្រួសារនីមួយៗ។ លំនៅឋានសមរម្យ បង្កើតឲ្យមានសុខដុមសម្រាប់គ្រួសារ។ ដ្បិតថា ប្រទេសកម្ពុជាមានការអភិវឌ្ឍច្រើនបែបណាក្ដី តែស្ថានភាពរស់នៅរបស់ប្រជាជននៅតាមជនបទមួយចំនួន នៅលំបាក ហើយការលំបាកទាំងនោះរាប់ទាំងលំនៅឋាន និងលើមុខរបរ។ 
 
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានចាប់ផ្តើមបេសកកម្មនៅកម្ពុជាចាប់ពីឆ្នាំ២០០៣ និងចូលខ្លួនមកខេត្តសៀមរាបនៅឆ្នាំ២០០៨។ អង្គការមួយនេះបានធ្វើការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជួយសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជាក្រុមមនុស្សងាយរងគ្រោះ។ល។
 
លោកស្រី Bernadette (ប៊ើណាដេត) នាយិកាអង្គការលំនៅឋានមនុស្សជាតិកម្ពុជាឱ្យដឹងថា ដើម្បីធានានូវនិរន្តរភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អង្គការបានសហការជាមួយអង្គការដៃគូដើម្បីបង្កើតមុខរបរខ្នាតតូចបន្ថែម ពីលើការជួយសង់ផ្ទះ។ ក្រៅពីនោះ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក៏បានគិតគូរពីបញ្ហាបង្គន់អនាម័យ ទឹកស្អាត ក៏ដូចជាផ្តល់វគ្គបណ្ដុះបណ្ដាលជំនាញមុខរបរបន្ថែមផង ដូចជាការចិញ្ចឹមមាន់។ បច្ចុប្បន្ន អង្គការនេះធ្វើការលើខេត្តគោលដៅចំនួន៩ រួមមាន កណ្ដាល កំពង់ចាម បាត់ដំបង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត តាកែវ ព្រៃវែង និងខេត្តសៀមរាប។
 
កាលពីចុងខែសីហាកន្លងទៅ អង្គការលំនៅឋានមនុស្សជាតិជាមួយអង្គការជាដៃគូ បានចុះសាងសង់ផ្ទះដល់ប្រជាពលរដ្ឋក្រីក្រនៅភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ ស្ថានភាពប្រជាពលរដ្ឋនៅតំបន់នេះ ស្ថិតក្នុងកម្រិតទាប ដែលភាគច្រើនមានមុខរបរធ្វើស្រែចម្ការ ជាកម្មករសំណង់នៅក្នុងក្រុង ខ្លះចំណាកស្រុក។ ដ្បិតខេត្តសៀមរាបជាខេត្តទេសចរណ៍ និងមានចរន្តសេដ្ឋកិច្ចខ្ពស់ក៏ពិតមែន តែប្រជាពលរដ្ឋនៅតាមជនបទ នៅមានកម្រិតជីវភាពទាប មិនសមាមាត្រគ្នាជាមួយអ្នករស់នៅទីប្រជុំជន។ លោកស្រី ប៊ើណាដេត មានប្រសាសន៍ថា៖« បើយើងក្រលេកមើលខេត្តសៀមរាប ជាខេត្តមួយដែលមាន តែជាក់ស្ដែងយើងគ្រាន់តែជិះ (ឡាន) តែ១០ទៅ១៥នាទីចេញពីខេត្ត យើងនឹងឃើញភាពក្រីក្រនៅតាមតំបន់មានច្រើនភាពក្រីក្រ»។
 
គ្រួសារគោលដៅដែលអាចទទួលផ្ទះពីអង្គការលំនៅឋាន អាចជាគ្រួសារដែលក្រីក្រ មានចាស់ជរា ពិការ គ្រោះថ្នាក់ការងារ ក្មេងកំព្រា គ្រួសារដែលរងគ្រោះដោយសារការជួញដូរមនុស្ស ឬអាចជាគ្រួសារដែលផ្ទុកជំងឺអេដស៍។ល។ លក្ខខណ្ឌវិនិច្ឆ័យទាំងប៉ុន្មានរបស់អង្គការ គឺមិនខុសប៉ុន្មានពីគោលការណ៍ធ្វើបណ្ណសមធម៌របស់រាជរដ្ឋាភិបាលនោះដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រីនាយិកាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា។ 
 
ដ្បិតវិបត្តិជំងឺកូវីដបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាគម្រោងសាងសង់លំនៅឋានដល់ជនក្រីក្រយ៉ាងណាក្ដី តែអង្គការលំនៅឋាននៅតែរកគ្រប់មធ្យោបាយដើម្បីមានសកម្មភាពឡើងវិញ ព្រោះយល់ថា លំនៅឋានគឺមានសុវត្ថិភាពបំផុតសម្រាប់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនេះ។ លោកស្រី ប៊ើណាដេត ពន្យល់ថា៖« យើងបានផ្អាកការងារក្នុងខែ៣ និងខែ៤ ដោយសារបារម្ភពីការឆ្លង រហូតដល់ខែ៥ទើបយើងចាប់ផ្តើមឡើងវិញ។ បញ្ហាដែលយើងជួបប្រទះ គឺទី១ការកៀងគរថវិកាមូលនិធិសម្រាប់ការងារផ្សេងៗ គម្រោងខ្លះក៏បានកាត់បន្ថយ មួយទៀតគឺពុំមានក្រុមអ្នកស្ម័គ្រចិត្តចូលរួមជាមួយយើងដូចមុនៗ គ្មានយន្តហោះ និងការបារម្ភពីសុវត្ថិភាព...យ៉ាងណាយើងរំពឹង និងបន្តបេសកកម្មទៀតដោយសារ ផ្ទះជាកត្ដាសំខាន់មួយដែលជួយការពារការរីករាលដាលនៃជំងឺកូវីដ១៩ ផ្ទះធ្វើឱ្យប្រជាជនមានសុវត្ថិភាព»។
 
អស់រយៈពេលជាង១៦ឆ្នាំមកហើយ ដែលអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដែលជាអង្គការអន្ដរជាតិ បានចូលរួមអភិវឌ្ឍន៍សហគមន៍ក្នុងប្រទេសកម្ពុជា។ នាយិកាលោកស្រី ប៊ើណាដេត ថ្លែងថា ជាង១៦ឆ្នាំមកនេះអង្គការលោកស្រីបានជួយដល់ពលរដ្ឋជាង១០ម៉ឺនគ្រួសារ រាប់ទាំងការសាងសង់ផ្ទះ ផ្នែកអនាម័យ ទឹកស្អាត និងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ។ ដ្បិតថា រយៈពេលជិត២ទស្សវត្សមកនេះ មានគ្រួសារក្រីក្រច្រើនដែលទទួលបានការឧបត្ថម្ភ ជ្រោមជ្រែងពីអង្គការលំនៅឋានយ៉ាងណាក្ដី តែលោកស្រីនាយិកាយល់ថា បេសកកម្មទាំងនេះមិនទាន់បញ្ចប់ទេ។ លោកស្រីយល់ថា នៅមានគ្រួសារក្រីក្រច្រើនទៀតដែលត្រូវការ ការជួយពីអង្គការលោកស្រី គឺទាំងផ្នែកលំនៅឋាន និងផ្នែកមុខរបរ។ តាមការស្រាវជ្រាវកន្លងមក ប្រជាជនកម្ពុជាលើសពី១០លាននាក់ ដែលកំពុងរស់ក្រោមបន្ទាត់ស្ដង់ដា៕
 
 
 

Tag:
 Habitat
  ឃុំស្វាយចេក
© រក្សាសិទ្ធិដោយ thmeythmey.com