វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើអ្វីទៅជា«ល្បឿនសំឡេង»?
12, Sep 2020 , 8:59 pm        
រូបភាព
បន្ទាប់ពីល្បឿននៃពន្លឺ ល្បឿននៃសំឡេងក៏ជាតួរលេខមួយសំខាន់ផងដែរក្នុងការសិក្សាអំពីផ្នែកជាច្រើននៃរូបវិទ្យា។ សំឡេង គឺជាបាតុភូតមួយដែលអ្នកអាចស្តាប់លឺ តែមិនអាចមើលនឹងភ្នែកធម្មតាឃើញ តែតាមពិតទៅ វាគឺជាទម្រង់កម្លាំងមួយបែបដែលរុញផង់តូចៗនៅក្នុងលំហខ្យល់ទៅវិញទៅមកប៉ុណ្ណោះ។ តើអ្វីទៅជាល្បឿនសំឡេង? តើវាមានល្បឿនលឿនដល់ប៉ុនណា?

សំឡេងមានល្បឿនខុសៗគ្នាបន្តិចបន្តួចទៅតាមសីតុណ្ហភាព និងអង្គធាតុដែលសំឡេងទាំងនោះធ្វើដំណើរឆ្លងកាត់ ក្នុងរយៈពេលកំណត់ច្បាស់លាស់មួយ។ គេហទំព័រ Live Science បានធ្វើការបកស្រាយថា នៅតាមរយៈកម្ពស់នៃនាវ៉ូទឹកសមុទ្រ ក្នុងសីតុណ្ហភាពធម្មតា១៥អង្សាសេ សំឡេងអាចមានល្បឿនរហូតទៅដល់ ១២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ សំឡេង គឺជារំញ័ររបស់ផង់តូចៗនៅក្នុងខ្យល់ដែលគេហៅថា«ម៉ូលេគុល»នៅពេលដែលផង់ទាំងនោះរុញច្រានគ្នាទៅវិញទៅមក ដោយអាស្រ័យជាមួយនឹងកម្លាំងដែលបានបញ្ចេញដាក់វា ដូចជារំញ័រនៃឧបករណ៍បំពងសំឡេង ឬបំពង់កររបស់មនុស្សជាដើម។ 
 
ផង់តូចៗដែលហៅថាម៉ូលេគុលទាំងនោះនឹងរុញច្រានគ្នារហូតវាធ្វើដំណើរទៅកាន់សរីរាង្គចាប់សំឡេងៗនានានៃត្រចៀក ដែលបង្កើតទៅជារំញ័រ រួចបម្លែងទៅជាញាណដែលមនុស្សយើងអាចស្តាប់បាន។ មូលហេតុដែលសីតុណ្ហភាពមានលក្ខណៈសំខាន់ក្នុងការកំណត់ល្បឿនសំឡេងពីព្រោះ នៅក្នុងកន្លែងត្រជាក់ ម៉ូលេគុលខ្យល់មានចលនាយឺត ទើបធ្វើឲ្យសំឡេងមានល្បឿនយឺត។ នៅពេលដែលខ្យល់មានលក្ខណៈក្តៅ ចលនាម៉ូលេគុលមានល្បឿនលឿនជាងមុន ដែលនឹងធ្វើឲ្យល្បឿនរបស់សម្លេងមានលក្ខណៈលឿនជាងមុនដូចគ្នា។ 
 
សូម្បីតែប្រភេទនៃម៉ូលេគុលឧស្ម័ន (អុកស៊ីសែន កាបូនឌីអុកស៊ីត អាសូត មេតាន) ក៏អាចធ្វើឲ្យសម្លេងដាលក្នុងល្បឿនផ្សេងៗពីគ្នាបន្តិចបន្តួចផងដែរ ដោយសារម៉ូលេគុលខុសគ្នា មានម៉ាសមិនដូចគ្នានោះទេ។ ឧបករណ៍ហោះហើររបស់មនុស្សជាច្រើនបានធ្វើការបំបែកល្បឿនសំឡេងរួញទៅហើយ។ 
 
នៅក្នុងឆ្នាំ១៩៤៧ យាន្តហោះហើរមួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា X-1 បើកបរដោយពីលុត Chuck Yeager បានក្លាយជាអ្នកទីមួយក្នុងការបំបែកល្បឿនសម្លេង។ នៅក្នុងឆ្នាំ២០០៤ យន្តហោះហើរមួយទៀតរបស់អង្គការ NASA ដែលមានឈ្មោះថា X-43A បានក្លាយជាយន្តហោះហើរដែលមានល្បឿនលឿនជាងគេមកទល់ពេលសព្វថ្ងៃ ជាមួយនឹងល្បឿន ១១២៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ឬស្មើនឹង ៣១២៩ម៉ែត្រក្នុងមួយវិនាទី។ 
 
តែសម្រាប់យន្តហោះដឹកអ្នកដំណើរភាគច្រើនក្នុងពេលបច្ចុប្បន្នវិញ គេធ្វើដំណើរក្នុងល្បឿនក្រោម១០០០គីឡូម៉ែត្រប៉ុណ្ណោះ ពោលគឺនៅក្រោមល្បឿនសម្លេង។ នេះគឺនៅក្នុងហេតុផលនៃការសន្សំសំចៃប្រេង សម្រាប់សុវត្តិភាពអ្នកធ្វើដំណើរ និងអាយុកាលដំណើរការនៃយន្តហោះ៕   
 

© រក្សាសិទ្ធិដោយ thmeythmey.com