កំពូលភ្នំអេវើរ៉េស (Everest) ត្រូវបានមនុស្សមួយចំនួនដាក់ឈ្មោះថាជា«ដំបូលនៃពិភពលោក»។ កំពូលភ្នំដែលមានវត្តមាននៅជួរភ្នំហិមាល័យមួយនេះ មានកម្ពស់រហូតទៅដល់៨៨៥០ម៉ែត្រ ពោលគឺក្បែរ៩គីឡូម៉ែត្រឯណោះ។ ដោយភ្ជាប់សណ្ឋានដីចន្លោះប្រទេសនេប៉ាល់ និងតំបន់ទីបេនៃប្រទេសចិន តំបន់អេវើរ៉េសគឺជាតំបន់ដែលទាមទារភាពស្វាហាប់ក្នុងការរស់នៅខ្លាំង។
ក្នុងការឡើងទៅដល់កំពូល គេតម្រូវឲ្យមានការប្រើប្រាស់ឧបករណ៍ជំនួយសុខភាពនានា បើមិនដូចច្នេះនោះទេ ខ្លួនប្រាណរបស់មនុស្សមិនអាចទ្រាំទ្រជាមួយនឹងសីតុណ្ហភាព បរិមាណអុកស៊ីសែន និងសណ្ឋានដីដ៏គ្រោះថ្នាក់សម្បើមនោះឡើយ។ ដោយឡែក បុគ្គលដែលបានឡើងទៅដល់កំពូលភ្នំមួយនេះមុនគេ បានទទួលជោគជ័យកាលពីប៉ុន្មានទសវត្សមុនប៉ុណ្ណោះ។
គេហទំព័រ ThoughtCo បានធ្វើការពន្យល់ថា នៅថ្ងៃទី២៩ ខែឧសភានៃឆ្នាំ១៩៥៣ បុរសពីរនាក់ ក្នុងនោះមានលោក Edmund Hillary ជនជាតិញូវែលហ្សេឡង់ និងលោក Tenzing Norgay ជនជាតិនេប៉ាល់ គឺជាមនុស្សដំបូងគេដែលបានឡើងទៅដល់កំពូលនៃភ្នំអេវើរ៉េស។ តែនេះមិនមែនមានន័យថា ពួកគេទាំងពីរនាក់គឺជាមនុស្សដំបូងដែលខំប្រឹងឡើងនោះទេ។
នៅក្នុងឆ្នាំ១៩២៤ លោក George Leigh Mallory និងលោក Andrew Irvine បានសាកល្បងក្នុងការបង្កើតប្រវត្តិសាស្រ្តផងដែរ តែពួកគេទាំងពីរបានទទួលមរណភាពមុនពេលដែលឡើងទៅដល់កំពូល។ មកទល់សព្វថ្ងៃ គេមិនអាចនិយាយបានថា តើអ្នកទាំងពីរអាចឡើងទៅដល់កំពូលដែលឬយ៉ាងណានោះទេ បើពួកគេនៅមានជីវិតនៅពេលធ្វើដំណើរឡើង។
គ្រោះមួយចំនួនមានដូចជា សីតុណ្ហភាពដ៏ត្រជាក់ ដែលខ្លួនប្រាណមនុស្សពិបាកនឹងទប់ទល់បាន ការរអិលដួលធ្លាក់ពីលើថ្ម និងកង្វះអុកស៊ីសែនគ្រប់គ្រាន់។ ដើម្បីចៀសវាងបញ្ហាប៉ុន្មានខាងលើនេះ អ្នកឡើងភ្នំសម្របខ្លួនប្រាណរបស់ពួកគេបន្តិចម្តងៗជាមួយនឹងបរិស្ថានថ្មីមួយនេះ ដោយពេលខ្លះប្រើពេលដល់ពីរ ឬបីសប្តាហ៍។
ជាមួយនឹងអាហារហូបចុក នៅលើភ្នំអេវើរ៉េសមិនមែនជាតំបន់ដែលអាចដាំដុះរុក្ខជាតិបាននោះទេ ហើយក៏មិនមែនជាកន្លែងដែលអាចចិញ្ចឹមសត្វបានងាយស្រួលនោះដែរ។ អ្នកឡើងភ្នំត្រូវចរចារគ្នាក្នុងការផ្គត់ផ្គង់អាហារជាក្រុម ហើយពួកគេតែងដាក់ការងារនេះទៅលើមនុស្សមួយក្រុមដែលគេហៅថា Sherpa ដែលពួកគេគឺជាអ្នកភូមិរស់នៅតំបន់នេះ និងមានសមត្ថភាពខ្ពស់ក្នុងការឡើងភ្នំ។
លោក Edmund និង Tenzing ត្រូវបានដឹកនាំដោយលោក Colonel John Hunt ដែលជាក្រុមបេសកកម្មរបស់ចក្រភពអង់គ្លេស។ អ្នកទាំងពីរបានបង្កើតតំបន់សម្រាកបណ្តោះអាសន្ន ដែលហៅថា«Camp»ចំនួន៩កន្លែងមុននឹងទៅដល់កំពូល ដែលមួយចំនួននៅត្រូវបានប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។
នៅវេលាម៉ោង១១ និង៣០នាទីព្រឹក អ្នកទាំងពីរបានជាន់នៅលើផ្នែកខ្ពស់ជាងគេបង្អោះនៃសណ្ឋានដីរបស់ភពផែនដី និងមានចំណាយពេលប្រមាណតែ១៥នាទីក្នុងការពិនិត្យមើល ថតរូប និងកត់ត្រា ដោយសារតែបរិមាណអុកស៊ីសែននៅក្នុងធុងមានកំណត់ មុននឹងត្រលប់ចុះមកក្រោមវិញ។ ព័ត៌មាននៃការឡើងរបស់អ្នកទាំងពីរត្រូវបានគេផ្សព្វផ្សាយទូទាំងពិភពលោកកាលពីពេលនោះ៕