ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
គំនិតជាតិនិយម? ល្អ តែយើងគួរធ្វើអ្វីខ្លះ?
13, Sep 2020 , 12:52 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លើ សុធីរ និងសំណាង នៅតែឆ្លៀតរកពេលដើម្បីជួបគ្នាដើម្បីនិយាយរឿងសង្គម ទោះបីស្ថានភាពជីវភាព និងការងាររបស់ពួកគេប្រឈមនឹងបញ្ហាខ្លះដោយសារវិបត្តិសុខភាពកូវីដក៏ដោយ។ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញកូនខ្មែរជាច្រើនបង្ហាញអារម្មណ៍មោទកភាពជាតិ ឬជាតិនិយម ឬនិយាយឲ្យសាមញ្ញ គឺពលរដ្ឋខ្មែរមួយចំនួនណានោះ ចាប់ផ្តើមបង្ហាញទស្សនស្រឡាញ់ជាតិខ្លាំង។


សុធីរ៖ ចុះវាមានអីខុស អា សំណាង? អ្ហែងទើសគេរហូត។ 
សំណាង៖ អានេះ អត់ចេះស្តាប់សិនទេ មុននឹងនិយាយ។ ចាស់ៗធ្លាប់និយាយប្រាប់ទៅកាន់ក្មេងៗថា មុននឹងនិយាយត្រូវក្រឡាស់អណ្តាតឲ្យបាន៧ជុំសិន។ អញខ្លួនឯង មិនប្រឆាំងនឹងទស្សនជាតិនិយមឯណា។ 
 
សុធីរ៖ គំនិតជាតិនិយម ឬមោទកភាពជាតិ គឺជារឿងល្អឬអាក្រក់ សំណាង? 
សំណាង៖ នេះ គឺជាសំណួរដែលអ្ហែងបានបង្វិលអណ្តាត៧ជុំរួចហើយ។ ដូច្នេះអញឆ្លើយទៅ
អ្ហែងដោយសមគួរ។ ជារួម គំនិតជាតិនិយម ឬមោទកភាពជាតិមិនខុសទេ។ តែកុំជ្រុលនិយមឲ្យសោះ។ អញគ្រាន់តែចង់ប្រាប់អ្ហែងថា គំនិតជាតិយម គឺល្អណាស់។ អញខ្លាចតែគំនិតជ្រុលនិយមពេកទេ។ 
 
សុធីរ៖ បើជ្រុលនិយមពេក វាមានអ្វីកើតឡើង? 
សំណាង៖ បើយើងយកខួរក្បាលយើងគិតថា មានតែយើងខ្មែរអស្ចារ្យជាងគេលើលោក ក៏វាមិនត្រូវដែរ។ គំនិតជាតិនិយម គឺត្រឹមត្រូវ។ ប៉ុន្តែ យើងត្រូវចេះទទួលយកតម្លៃនៃមនុស្សជាតិដទៃផងដែរ។ កុំស្រឡាញ់តែរបស់យើង ហើយយើងស្អប់តម្លៃនៃមនុស្សជាតិ ឬប្រទេសដទៃ។ បើយើងធ្វើដូច្នេះ ពេលនោះ គំនិតជាតិនិយម មិនដំណើរការឡើយ។ 
 
សុធីរ៖ អើ សំណាង! បើតាមយោបល់អ្ហែង មានគំនិតជាតិនិយមហើយ តើគេគួរធ្វើអ្វីបន្ថែមខ្លះទៀត? 
សំណាង៖ អញប្រាប់អ្ហែងជាមុនថា អញមិនមែនជាបណ្ឌិត ឬជាអ្នកជំនាញស្អីទេ។ តែអញគ្រាន់តែគិតថា ការបណ្តុះគំនិតជាតិនិយម មិនមែនជ្រុលនិយម គឺជាសញ្ញាល្អរួចហើយ។ ប៉ុន្តែ ដើម្បីបណ្តុះគំនិតស្រឡាញ់ជាតិឲ្យបានយូរ ហើយអាចជួយផ្សព្វផ្សាយកិត្តិនាមជាតិទៅបរទេសឲ្យបានច្រើនបន្ថែមទៀត លុះត្រាតែយើងជាពលរដ្ឋរបស់កម្ពុជាស្គាល់អ្វីជាកេតនភណ្ឌរបស់ជាតិយើង។ និយាយឲ្យសាមញ្ញ មានន័យថា លុះត្រាតែយើងស្គាល់ពីតម្លៃរបស់ខ្មែរឲ្យបានច្បាស់។ 
 
សុធីរ៖ អ្វីទៅជាតម្លៃរបស់ខ្មែរ? 
សំណាង៖ បើយើងមោទកភាពចំពោះជាតិខ្មែរ លុះត្រាតែកូនខ្មែរ ជាពិសេស យុវជន ត្រូវស្គាល់ឲ្យច្បាស់ថា អ្វីទៅជាវប្បធម៌ខ្មែរ? អ្វីទៅជាប្រវត្តិសាស្រ្តដ៏អស្ចារ្យនាសម័យអង្គរ? អ្វីទៅជាដែនដីសុវណ្ណភូមិរបស់ខ្មែរ? ជាការពិត ត្រូវស្គាល់ រួចហើយត្រូវជួយការពារ អភិរក្ស និងលើកតម្កើង។ បើតាមយោបល់អញ បើកូនខ្មែរស្គាល់ឲ្យច្បាស់នូវអ្វីដែលខ្មែរមាន ពេលនោះ កូនខ្មែរនឹងរឹតតែស្រឡាញ់កម្ពុជាកាន់ខ្លាំងជាងមុន ហើយផ្ទុយទៅវិញ គំនិតបរទេសនិយមនឹងកាត់បន្ថយឥទ្ធិពលរបស់វាដោយឯងៗ។ ជាថ្មីម្តងទៀត អញខ្លាចបំផុតរឿងនាំគ្នាស្រែកថា ស្រឡាញ់ជាតិ ឬជាតិនិយម តែអ្នកស្រែកអត់បានដឹងពីតម្លៃជាតិខ្លួនឯងផង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com