COVID-19
អន្តរជាតិ
បារាំង រកឃើញអ្នកឆ្លងCOVID-19ប្រចាំថ្ងៃ លើស១ម៉ឺនករណីជាលើកដំបូង
13, Sep 2020 , 3:36 pm        
រូបភាព
ដោយ:
ប្រទេស បារាំង បានរាយការណ៍ករណីឆ្លង COVID-19ថ្មី ១០ ៥៦១នាក់ ក្នុងពេលត្រឹម២៤ម៉ោង។ អាជ្ញាធរសុខាភិបាលបារាំង ប្រកាសបែបនេះ នៅថ្ងៃទី ១៣ ខែកញ្ញា។ នេះគឺជាកំណត់ត្រាអ្នកឆ្លងប្រចាំថ្ងៃថ្មីមួយ ព្រោះថាតួលេខនេះបានកើនលើស១ម៉ឺនករណីជាលើកដំបូងក្នុងប្រទេសនេះ។

 
ករណីឆ្លងថ្មីរហូតដល់លើស១ម៉ឺនករណីនេះ គឺបំបែកកំណត់ត្រាឆ្លងប្រចាំថ្ងៃចាស់ដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី១០ ខែកញ្ញា ស្មើនឹង ៩៨៤៣ករណី។ ម្យ៉ាងតួលេខចុងក្រោយនេះ គឺបង្ហាញពីការងើបឡើងជាថ្មីរបស់ជំងឺ COVID-19 ក្នុងប្រទេសបារាំង។ 
 
សន្ទុះនៃការឆ្លងរាលជំងឺ COVID-19 ក្នុងសប្តាហ៍នេះ បានធ្វើឲ្យរដ្ឋាភិបាលបារាំងដាក់ចេញវិធានការបន្ថែមទៀតកាលពីថ្ងៃទី១១ ដើម្បីទប់ស្កាត់បញ្ហានេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីបារាំង Jean Castex បានសន្យាបង្កើនការធ្វើតេស្ត និងដាក់ចេញវិធានការតឹងរ៉ឹងក្នុងតំបន់ដែលមានករណីឆ្លងខ្ពស់។ 
 
បន្ថែមពីលើនេះ ក្រសួងសុខាភិបាលបារាំង ក៏បានប្រកាសដែរថា ករណីឆ្លងជាចង្កោមចំនួន ៧៧២ទីតាំង កំពុងត្រូវបានអាជ្ញាធរបារាំងស៊ើបអង្កេត និងដោះស្រាយ។ គិតត្រឹមថ្ងៃទី ១៣ ខែកញ្ញា បារាំងបានរាយការណ៍ករណីឆ្លងសរុបជាង៣៧,៤ម៉ឺនករណី ក្នុងនោះជាសះស្បើយ ៨៩ ០៥៩នាក់ ខណៈអ្នកស្លាប់មានជាង៣ម៉ឺននាក់៕  
 

Tag:
 បារាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com