ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ភ្នាក់ងារទេសចរណ៍ នឹងក្លាយជាអ្នកតាមដានសុខភាពប្រាសាទ
14, Sep 2020 , 8:59 am        
រូបភាព
សៀមរាប៖ ជាចំណែកនៃការចូលរួមអភិរក្សសំណង់ប្រាសាទខ្មែរ  អាជ្ញាធរជាតិអប្សរា បានបង្កើតវគ្គបណ្ដុះបណ្ដាលដល់ក្រុមភ្នាក់ងារទេសចរណ៍ដែលឈរជើងតាមប្រាសាទនីមួយៗ ឱ្យយល់ដឹងពីប្រវត្តិ និងចេះពិនិត្យស្ថានភាពប្រចាំថ្ងៃរបស់ប្រាសាទទាំងនោះ។ ភ្នាក់ងារទាំងអស់ នឹងទទួលបានការបណ្ដុះបណ្ដាលឱ្យស្វែងយល់ពីចំណុចនីមួយៗរបស់ប្រាសាទ ពិសេសចំណុចដែលមានហានិភ័យ ដើម្បីរាយការណ៍ពីស្ថានភាពទៅកាន់អ្នកជំនាញអភិរក្សឬអ្នកជួសជុល។ គម្រោងនេះ ក្នុងន័យជួយឱ្យភ្នាក់ងារទាំងអស់ ក្លាយជាគ្រូពេទ្យចេះតាមដាន និងពិនិត្យសុខភាពប្រាសាទយ៉ាងដូច្នោះដែរ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖

 
ដើម្បីឱ្យការអភិរក្សប្រាសាទកាន់តែមានប្រសិទ្ធភាព អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្ដុះបណ្ដាលដល់ក្រុមភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដែលធ្វើការដោយផ្ទាល់នៅតាមប្រាសាទ។ ភ្នាក់ងារទាំងនោះ នឹងរួមចំណែកអង្កេតពីស្ថានភាពប្រាសាទ និយាយឱ្យងាយស្ដាប់ គឺពួកគេនឹងក្លាយជាគ្រូពេទ្យមួយរូប ដើម្បីតាមដានសុខភាពប្រាសាទ។
 
វគ្គបណ្ដុះបណ្ដាលទី១នៃគម្រោងខាងលើ បានរៀបចំនៅបរិវេណថែវរូតព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលអនុញ្ញាតឱ្យភ្នាក់ងារទាំងអស់ ក្រៅពីរៀនទ្រឹស្ដីហើយ  វាគ្មិននឹងចង្អុលប្រាប់ពីចំណុចមួយៗ ក៏ដូចជាចុះអង្កេត និងពិនិត្យសុខភាពថ្មនៅទីតាំងនោះតែម្ដង ដែលកន្លងមកជាកន្លែងមមាញឹករបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ 
 
លោក លឹម ស្រ៊ូ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ឱ្យដឹងថា ការងារនេះនឹងជួយជំរុញឱ្យភ្នាក់ងារទេសចរណ៍ មានចំណេះដឹងមូលដ្ឋានកាន់តែច្រើនជុំវិញប្រាសាទដែលចាត់ទុកដូចជាផ្ទះរបស់ពួកគេ។ ការចេះតាមដាន ឬថែទាំផ្ទះឱ្យបានដិតដល់ នឹងរួមចំណែកលើការងារអភិរក្សកាន់តែមានប្រសិទ្ធភាព។ លោកពន្យល់៖« កន្លងមកមិនមែនមិនមានការអប់រំបណ្ដុះបណ្ដាលទេ គឺមានច្រើនហើយ តែថ្ងៃនេះរិតតែពិសេសទៀតដើម្បីឱ្យយល់បន្ថែមពីស្ថានភាពរបស់ប្រាសាទ ពាក់ព័ន្ធការអភិរក្សក្នុងនាមជាភ្នាក់ងារទេសចរណ៍ ប្រៀបដូចជាអ្នកថែទាំផ្ទះប្រចាំថ្ងៃ ធ្វើយ៉ាងម៉េចពេលចូលមកក្នុងផ្ទះសម្បែងត្រូវចេះអង្កេតមើលជាទូទៅ ទាំងការងារសម្អាត ថែទាំ ក៏ដូចជាស្ថានភាពគ្រោះថ្នាក់របស់ប្រាសាទ»។
 

ក្រៅពីទទួលបានចំណេះដឹងជាមូលដ្ឋានហើយនោះ ក្រុមភ្នាក់ងារទេសចរណ៍ទាំងអស់នឹងចេះពីរបៀបកត់ត្រាជាប្រចាំថ្ងៃលើស្ថានភាពទូទៅរបស់ប្រាសាទ។ លោក លឹម ស្រ៊ូ មានសុទិដ្ឋិនិយមថា ការងារនេះជាមូលដ្ឋានសំខាន់សម្រាប់ជួយផ្នែកអភិរក្ស។ លោកបន្ត៖« កំណត់ត្រារបស់គាត់ យើងចាត់ទុកជាព័ត៌មានដ៏ចាំបាច់មួយសម្រាប់បញ្ជូនទិន្នន័យដល់ក្រុមការងារអភិរក្ស ដើម្បីចាត់វិធានការបន្ទាន់លើផ្នែកណាដែលគ្រោះថ្នាក់ខ្លាំង»។
 
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងក្នុងវគ្គបណ្ដុះបណ្ដាលនៅពេលនោះដែរថា កិច្ចការអភិរក្សគឺដើរតួយ៉ាងសំខាន់លើសំណង់បេតិកភណ្ឌពិភពលោក តួយ៉ាងប្រាង្គប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។ លោកពន្យល់ថា រាល់សំណង់ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌគឺមិនមែនគិតត្រឹមតែដើម្បីវិស័យទេសចរណ៍ឬផ្នែកសេដ្ឋកិច្ចនោះទេ តែជាការងារអភិរក្ស ថែទាំ ធ្វើយ៉ាងណាពន្យឺតភាពចាស់ទ្រុឌទ្រោម បាក់រលំ ឬសឹករិករិល សំណង់ប្រាសាទទាំងនោះ។ លោកពន្យល់ថា៖« បេតិកភណ្ឌទាំងមូលលើពិភពលោក គឺក្នុងគោលដៅមួយសំខាន់ធ្វើម៉េចបន្តអភិរក្ស ថែរក្សា ពន្យឺតនៃការសឹករិករិលរបស់សំណង់ទាំងនោះឱ្យបានតដល់កូនចៅជំនាន់ក្រោយ មិនមែនរឿងរកស៊ី រឿងទេសចរជាគោលទេ តែរឿងធ្វើម៉េចឱ្យឈរនឹងរបស់ស្ថាបត្យកម្មវត្ថុបុរាណមួយឱ្យបាននៅយូរអង្វែង រហូតដល់កូនចៅជំនាន់ក្រោយ»។
 
 
ថ្មប្រាសាទ គឺជាចំណុចសំខាន់នៃមេរៀនក្នុងវគ្គបណ្ដុះបណ្ដាលនៅរូតព្រះពាន់ប្រាសាទអង្គរវត្ត។ លោក រិទ្ធី ពន្យល់ទៅកាន់ភ្នាក់ងារទេសចរណ៍ប្រមាណជាង២០នាក់ថា កន្លងមកទាំងអ្នកជំនាញការបរទេស និងខ្មែរ បានបង្ហាញក្ដីបារម្ភ និងដាស់តឿនជារឿយៗពីហានិភ័យ ការពុកផុយនៃថ្មរបស់ប្រាសាទ តួយ៉ាងថ្មប្រាសាទអង្គរវត្ត។ មានការវាយតម្លៃកន្លងមកថា ប្រសិនបើគ្មានការថែទាំដិតដល់ និងរកដំណោះស្រាយទាន់ពេលវេលាទេនោះ យ៉ាងយូរ៣០ឆ្នាំទៀត ថ្មប្រាសាទអង្គរវត្តនឹងក្លាយជាគំនរថ្ម ហើយរឿងនេះវាជាការពិតដែលមិនអាចបណ្ដែតបណ្ដោយបាន។ លោក រិទ្ធី បន្ថែមថា ថ្មកាន់តែសឹករិករិល ពុកផុយ និងរបេះធ្លាក់មកជាញឹកញាប់។ លោក រិទ្ធី បន្ថែម៖« យើងបានសប្បាយមួយពេលពីមុន តែឥឡូវយើងចាប់ផ្តើមបន្ដឹងរឿងនេះ (ការអភិរក្ស) ការពារការសឹករិករិល ដើម្បីឱ្យថ្មបាននៅយូរអង្វែងលើសពី៣០ឆ្នាំ»។
 
ភ្នាក់ងារទេសចរណ៍បានស្ដាប់យ៉ាងយកចិត្តទុកដាក់ និងទាំងស្លុងអារម្មណ៍ជាមួយរឿងរ៉ាវដែលនិទានដោយលោក រិទ្ធី។ អ្នកបុរាណវិទូរូបនេះ បន្តជជែកពីកិច្ចការមួយចំនួនដែលក្រុមភ្នាក់ងារទេសចរណ៍អាចចូលរួមដើម្បីពន្យឺតពេលទ្រុឌទ្រោមរបស់ប្រាសាទបាន ដូចជាសកម្មភាពតិចតួចដែលកំពុងធ្វើជាប្រចាំថ្ងៃ ដូចជាការបោសទឹកដែលដក់លើថ្មប្រាសាទ ការហាមមិនឱ្យទេសចរប៉ះថ្មប្រាសាទ ឬប៉ះពាល់ដល់រូបចម្លាក់ជាដើម។  អ្នកជំនាញរូបនេះពន្យល់ថា៖« ការងារតិចតួច...សុទ្ធតែចូលរួមអភិរក្ស ដូចយើងថែទាំរបស់មួយនៅផ្ទះ ធ្វើម៉េចឱ្យវាស្អាត ឱ្យគង់វង្ស អ្វីដែលមិនថែទាំវាមានការខូចខាតលឿន ឥឡូវមើលប្រាសាទទាំងអស់នៅតំបន់អង្គរ ម៉េចអង្គរវត្តដែលនៅរឹងមាំ មានរូបរាងល្អជាងប្រាសាទដទៃទៀត ដោយសារមានការថែទាំ គឺអង្គរវត្តមានមនុស្សមកគោរពបូជាមិនដាច់...»។
 
 
វគ្គបណ្ដុះបណ្ដាលនេះជាគម្រោងដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ដែលផ្តោតលើភ្នាក់ងារទេសចរណ៍ដែលដើរតួសំខាន់ប្រាសាទនីមួយៗ។ លោក រិទ្ធី រំពឹងថា គម្រោងនេះនឹងសម្រួលដល់កិច្ចស្រាវជ្រាវទៅថ្ងៃក្រោយ ដែលក្រុមអ្នកស្រាវជ្រាវអាចប្រើឯកសារតាមដានស្ថានភាពតាមប្រាសាទនេះ ដើម្បីដឹងពីការវិវត្តន៍បន្តបន្ទាប់នៅតាមប្រាសាទនីមួយៗ។ លោកបន្ត៖« ថ្ងៃក្រោយ ស្រួលធ្វើឯកសារទៅថ្ងៃក្រោយ ដែលអ្នកជំនាញធំៗមើលពីស្ថានភាពវិវត្តន៍នៃគ្រឿងផ្សំនៃសំណង់ប្រាសាទ...តាមមើលបន្តដូចវិធីវិទ្យាសាស្រ្ដដែរ កាលណាយើងអនុវត្តន៍តាមយកទឹ្រស្ដីការគ្រប់គ្រងខ្លួនប្រាណយើងបានតែ១០ភាគរយ យើងនឹងអនុវត្តន៍បានជោគជ័យទាំងអស់»៕
 


Tag:
 ភ្នាក់ងារទេសចរណ៍
  ថែវព្រះពាន់
  អង្គរវត្ត
  អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com