ជាតិ
សង្គមជាតិ
ក្រុមហ៊ុនអាកាសចរ Cambodia Angkor airនឹងបើកការហោះហើរឡើងវិញ នៅថ្ងៃទី១៥ កញ្ញា
13, Sep 2020 , 5:20 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ដោយ:
 
ភ្នំពេញ៖ ក្រោយពីកម្ពុជាបានធូរស្បើយនូវជំងឺកូវីដ-១៩  រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរមួយចំនួន និងក្រុមហ៊ុនCambodia angkor airបើកការហោះហើរឡើងវិញចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរក្នុងស្រុក និងដើម្បីស្តារសេដ្ឋកិច្ចដែលបានធ្លាក់ចុះដោយសារកូវីដ-១៩។

 
លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា  ក្រុមហ៊ុនអាកាសចរCambodia angkor air នឹងបើកការហោះហើរក្នុងស្រុក និងនៅតំបន់មួយចំនួននៅក្នុងប្រទេសចិន និងតំបន់អាស៊ានដែលមានហានិភ័យការរាតត្បាតជំងឺកូវីដ-១៩ទាប។
 
លោក ជា អូន បានរៀបរាប់ដូច្នេះថា៖«ពេលណាគេបើក យើងនឹងទៅ។ ប៉ុន្តែដោយសារគេមិនទាន់បើក។ ភាគច្រើនដែលយើងហោះទៅរាល់ថ្ងៃនោះ គឺមានទៅតែប្រទេសចិនទេ ហើយក្នុងតំបន់អាស៊ីយើងអត់មានទេ»។ 
 
សម្រាប់ក្រសួងទេសចរណ៍សង្ឃឹមថា ក្រុមហ៊ុនអាកាសចរ Cambodia angkor air នោះនឹងពិចារណាបើកប្រត្តិបត្តិការហោះហើរ ឡើងវិញរវាងភ្នំពេញ និងក្រុងព្រះសីហនុផងដែរ។ 
 
បើតាមលោក ជា អូន ក្រុមហ៊ុនអាកាសចរកម្ពុជាទាំងអស់គឺនៅតែបើកការហោះហើរទៅប្រទេសដែលមានការបញ្ជា។ លោក បានរៀបរាប់ដូច្នេះថា៖«ឥឡូវមិនមែនហោះតាមកាលវិភាគ(Schedule)ទេ។ ពេលគេជួលមួយជើងៗទៅ យើងហោះទៅមួយជើងៗទៅ ពេលអត់ក៏អត់ទៅ។ យើងនៅតែហោះមួយៗអ៊ីចឹង តែវាអត់ដូចពីមុនទេ»។
 
លោក ជា អូន បានបញ្ជាក់ថា កម្ពុជាក៏កំពុងតែចរចាជាមួយនឹងវៀតណាម និងសិង្ហបុរី ក្នុងការបើកការហោះហើរឡើងវិញផងដែរ។ បើតាមលោក ជា អូន ការបើកជើងហោះហើរនេះ គឺគោរពទៅតាមស្តង់ដារសុវត្ថិភាពខ្ពស់។ លោកបានរៀបរាប់ដូច្នេះថា៖«យើងមានការប្រុងប្រយ័ត្ន មិនមែនចេះតែបើកទេ គឺយើងមានការរឹតត្បិតខ្លាំងណាស់។ ហើយវិធានសុខាភិបាល និងលក្ខខណ្ឌគឺនៅតែមានអ៊ីចឹង»។
 
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានផ្អាកជើងហោះហើរពីប្រទេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីននជាបណ្តោះអាសន្នសិន ដោយសារតែជាប្រទេសដែលមានអត្រាហក់ខ្ពស់នូវជំងឺកូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com