COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ជាសះស្បើយ​ទាំងអស់ ប៉ុន្តែ​បន្ត​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​
14, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ខណៈដែល​ពួកគេ​ដើរ​ចេញពី​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០​។ (AP Photo/Heng Sinith)
​រូប​ឯកសារ​៖ កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ខណៈដែល​ពួកគេ​ដើរ​ចេញពី​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០​។ (AP Photo/Heng Sinith)
ដោយ: VOA
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ទោះជា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ មិនមាន​ករណី​ឆ្លង​ថ្មី​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន ហើយ​អំពាវនាវ​ឲ្យ​មានការ​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ បន្ត​រក្សា​គម្លាត​ពីគ្នា ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ ជែ​ល​។​

 
​ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃ​សុក្រ​នេះ បានប្រកាសថា អ្នកជំងឺ​កូ​វីដ​១៩​ទាំងអស់ សរុប​២៧៤​នាក់ បានជា​សះស្បើយ​ពី​ជំងឺ​នេះ​។​
 
​នៅក្នុង​សេចក្តីប្រកាស​មួយ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មិនមាន​អ្នកជំងឺ​កូ​វីដ​១៩ នៅ​សេសសល់​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ទេ​។​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ពុំមាន​ករណី​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ ហើយ​អ្នកជំងឺ​ម្នាក់​ចុងក្រោយ ជា​ជនជាតិ​ឥណ្ឌូនេស៊ី បានជា​សះស្បើយ​។ ចាប់តាំងពី​ជំងឺ​នេះ​រាតត្បាត​ក្នុងប្រទេស​កម្ពុជា ពុំមាន​ករណី​ស្លាប់​នោះទេ​។​
 
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា មិនមាន​ករណី​ឆ្លង​ថ្មី​នោះទេ​។​
 
​ទោះជា​យ៉ាងណា ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​។  សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច​។  សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​»​។​
 
​ក្រសួង​អំពាវនាវ​ឲ្យ​មានការ​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។ ហើយ​ត្រូវ​បន្ត​រក្សា​គម្លាត​ពីគ្នា  ពាក់​ម៉ាស់​នៅពេល​ចាំបាច់​និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ ជែ​ល​។ បើតាម​ក្រសួងសុខាភិបាល​កម្ពុជា​បានធ្វើ​តេស្ត​សំណាក​សរុប​ជាង​១១​ម៉ឺន​សំណាក​រហូតមក​ដល់ពេលនេះ​។​
 
​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មានប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា  នេះ​ជាការ​ព្យាបាល​ជាសះស្បើយ​ទាំងអស់​លើក​ទី​ពីរ បន្ទាប់ពី​ការប្រកាស​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។​
 
​លោកស្រី​មានប្រសាសន៍ថា​៖ «​ហើយ​នៅថ្ងៃនេះ ក្រសួងសុខាភិបាល​បានប្រកាស​សេចក្តីប្រកាស​ព័ត៌មាន​ជា​លើក​ទី​ពីរ​អំពី​ការព្យាបាល​ជាសះស្បើយ​១០០​ភាគរយ​សម្រាប់​ករណី​ទី​២៧៤»​។​
 
​ក្រសួងសុខាភិបាល​ក៏បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៩ ខែកញ្ញា  ជនជាតិ​ចិន​ពីរ​នាក់​បាន​លួច​រត់គេច​ពី​មណ្ឌល​ស្នាក់នៅ​ដាច់ដោយឡែក​នៅពេល​យប់  ហើយ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​។ ពួកគេ​ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន​មកដល់​កម្ពុជា​នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​។ ពួកគេ​បាន​រត់គេច​ខណៈ​រង់ចាំ​លទ្ធផល​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​១៩​។ ក្រសួង​បញ្ជាក់ថា លទ្ធផល​តេស្ត​របស់​ពួកគេ​ទាំងពីរ​នាក់ គឺ​អវិជ្ជមាន​។​
 
​ក្រសួងសុខាភិបាល​ក៏បាន​ច្រានចោល​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ថា មាន​ជនជាតិ​វៀតណាម​៣​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ពួកគេ​ចេញពី​ប្រទេស​កម្ពុជា តាម​ច្រក​ខេត្ត​តៃនិញ​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ ក៏បាន​បង្ហោះ​សារ​អបអរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។ លោក​មានប្រសាសន៍ថា​៖ «​នេះ​ជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា​យើង​។ ប៉ុន្តែ ទោះបីយ៉ាងណា​ក៏ដោយ សូម​បងប្អូន​បន្ត​ចូលរួម​ថែរក្សា​សុខភាព​អនាម័យ​ឲ្យ​បានល្អ កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩​ឲ្យ​សោះ​»​។ 
 
​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​បាន​ងើបឡើង​បន្តិច ដោយសារ​ប្រជាជន​ក្នុងស្រុក​បានធ្វើ​ដំណើរ ប៉ុន្តែ អ្នកទេសចរ​ពី​ក្រៅ​ស្រុក​មិនមាន​នោះទេ​។ លោកស្រី​អំពាវនាវ​ឲ្យ​មានការ​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ឡើងវិញ​នៅពេលនេះ​។​
 
​លោកស្រី​មានប្រសាសន៍ថា​៖ «​អ្នក​ទេសចរណ៍​ពី​ខាងក្រៅ​ស្រុក​មក​ហ្នឹង​មិនទាន់​(​មក​)​ទេ​។ អ្វីដែល​ឃើញ​ការធ្វើដំណើរ​ចេញចូល​ហ្នឹង គឺ​សម្រាប់តែ​អ្នក​ធុរកិច្ច​ទេ ដោយសារតែ​រដ្ឋាភិបាល​កំពុងតែ​បិទ​ផងដែរ​សម្រាប់​ទិដ្ឋាការ​ទេសចរ​ហ្នឹង​»​។​
 
​កាលពីដើម​ខែសីហា  ប្រទេស​កម្ពុជា​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងយន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដោយ​លើកឡើងថា  ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោយពី​អាជ្ញាធរ​សុខាភិបាល​កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចុងក្រោយ​បំផុត​ភាគច្រើន​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ ដែល​បានធ្វើ​ដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​ពី​ក្រៅប្រទេស​តាមរយៈ​ការឆ្លងកាត់ ឬ បន្ត​ជើងយន្តហោះ​ពី​ប្រទេស​ទាំងពីរ​។​
 
​ចំណែក​ក្រសួងទេសចរណ៍​កម្ពុជា ប្រកាស​កុំ​ឲ្យ​អ្នកទេសចរ​លុបចោល​កា​រ​ធ្វើដំណើរ​មក​កម្ពុជា​។  ក្រសួង​បញ្ជាក់ថា អ្នកទេសចរ​អាច​ពិចារណា​ពន្យារ ឬ ផ្លាស់ប្ដូរ​គោលដៅ​មក​កម្ពុជា​បាន​។ ក្រសួង​បន្តថា មាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​សណ្ឋាគារ​ជាច្រើន​កំពុង​លើកលែង​កម្រៃ​ដូរ​សំបុត្រ និង​ការ​កក់ ដោយ​កំពុង​ផ្ដល់ជូន​នូវ​គោលនយោបាយ​កក់​ឡើងវិញ​តាម​ការចង់បាន​របស់​អ្នកទេសចរ​។​
 
​រាល់​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា អ្នកធ្វើដំណើរ​ទាំងអស់ រួមមាន​ទាំង​បរទេស​និង​ជនជាតិខ្មែរ ត្រូវធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​។ ពួកគេ​ត្រូវ​រង់ចាំ​២៤​ម៉ោង ដើម្បី​ធ្វើតេស្ត​សំណាក​របស់​ពួកគេ​។ ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​រយៈពេល​១៤​ថ្ងៃ ក៏ត្រូវ​ចំណាយ​ថវិកា​ផងដែរ សម្រាប់​អ្នកធ្វើដំណើរ​បរទេស​។ ប្រសិនបើ​អ្នកធ្វើដំណើរ​ណាមួយ​មាន​ជំងឺ​កូ​វីដ​១៩ អ្នកធ្វើដំណើរ​ទាំងអស់​តម្រូវ​ឲ្យ​ស្នាក់នៅ​១៤​ថ្ងៃ នៅ​កន្លែង​ដែល​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ឲ្យ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com