នៅសល់តែបីប្រកួតទៀតប៉ុណ្ណោះ ការប្រកួតវគ្គ៦ក្រុមមានពិន្ទុខ្ពស់ជាងគេនឹងត្រូវបញ្ចប់ ស្របពេលក្រុមចំនួន៤រួមមានណាហ្គាវើល ភ្នំពេញក្រោន មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ(ទ័ព) និងវិសាខា បានបាត់បង់ឱកាសប្រជែងដណ្តើមពានក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលនេះ។ បឹងកេតបន្តគ្រងកំពូលតារាង ក្រោយវាយបកតាមស្មើ ១-១ ជាមួយណាហ្គាវើល។
ក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន ជើងឯកលីគកំពូលឆ្នាំ២០១៨ណាហ្គាវើល វិសាខា និងទ័ពសុទ្ធតែអស់ឱកាសប្រជែងដណ្តើមជើងឯកលីគកំពូលប្រចាំឆ្នាំ២០២០ ក្រោយពួកគេចាញ់ និងស្មើគូប្រកួតរៀងៗខ្លួននៅសប្តាហ៍មុន។ ក្នុងនោះភ្នំពេញក្រោនបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីគ្នាជាមួយវិសាខា រីឯណាហ្គាវើលស្មើ ១-១ ជាមួយបឹងកេត ចំណែក ទ័ព ចាញ់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៥-២។
បច្ចុប្បន្នភ្នំពេញក្រោនស្ថិតនៅលេខរៀងទី៣មាន២៦ពិន្ទុ រីឯណាហ្គាវើល ទ័ពនិងវិសាខាឈរពីក្រោយជាបន្តបន្ទាប់មាន២៤ពិន្ទុស្មើគ្នា ខណៈបឹងកេតឈរកំពូលតារាងមាន៣៦ពិន្ទុ ស្របពេលការប្រកួតនៅសល់តែបីប្រកួតទៀតប៉ុណ្ណោះ។ មានតែបឹងកេតនិងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទីពីរមាន៣៤ពិន្ទុប៉ុណ្ណោះ ដែលមានឱកាសប្រជែងដណ្តើមយកពានលីគកំពូលនៅឆ្នាំនេះ។
នាការប្រកួតសប្តាហ៍ទី១៥នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ចប់ទៅជាមួយលទ្ធផលស្មើទាំងបីប្រកួតក្នុងនោះក្រុមបឹងកេតបានវាយបកតាមស្មើ ១-១ ជាមួយណាហ្គាវើល នាជំនួបដ៏តានតឹងនៅកីឡដ្ឋានស្តាតចាស់។ កីឡាករ Marques Marcio De Oliveira ទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចឲ្យណាហ្គាវើលនាំមុខ ១-០ នៅនាទីទី២៦ មុនខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា សម្រេចគ្រាប់បាល់តាមស្មើ ១-១ ឲ្យបឹងកេតនៅនាទីទី៨៨ មុនចប់តង់ទីពីរ។
នៅកីឡដ្ឋានព្រីនស៍ឯណោះវិញ ក្រុមម្ចាស់ផ្ទះវិសាខា មិនអាចស្វែងរកបីពិន្ទុពីភ្ញៀវភ្នំពេញក្រោនបាននោះទេ ដោយពួកគេបានបញ្ចប់ជាមួយលទ្ធផលគ្មានការស៊ុតបញ្ចូលទីគ្នារហូតចប់ការប្រកួត៩០នាទី។ ចំណែកក្រុមសូលទីឡូអង្គរ បានបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយយុវជនអាយុក្រោម១៨ឆ្នាំបាទី។
ដោយឡែក ការប្រកួតនៅកីឡដ្ឋានស្តាតចាស់កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ម្ចាស់ផ្ទះមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ចាញ់ភ្ញៀវព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៥-២។ កីឡាករ ប្រាក់ មុន្នីឧត្តម រកគ្រាប់បាល់នាំមុខ ១-០ ឲ្យភ្ញៀវព្រះខ័នរាជស្វាយរៀងនៅ១០នាទីដំបូងក្នុងតង់ទី១ មុនខ្សែប្រយុទ្ធ Jean Marie Privat បន្ថែម១គ្រាប់ទៀតនៅ៣នាទីបន្ទាប់។
៤នាទីក្រោយមកកីឡាករ ណារ៉ុង កក្កដា បានរកគ្រាប់បាល់តាមពីក្រោយ ១-២ សម្រាប់ម្ចាស់ផ្ទះទ័ព។ គ្រាប់បាល់នាំមុខ ៣-១ សម្រាប់ភ្ញៀវបានកើតឡើងនៅនាទីទី៤៤ ដែលជាការទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចពី Privat។ ឈានដល់តង់ទីពីរ ខ្សែប្រយុទ្ធសញ្ជាតិកាមេរូនរូបនេះ រកបានគ្រាប់ទីបីរបស់ខ្លួននៅនាទីទី៥៣ ដើម្បីបង្កើនការនាំមុខ ៤-១ សម្រាប់ក្រុមភ្ញៀវ មុនកីឡាករ ប្រាក់ មុន្នីឧត្តម រកបានគ្រាប់ទីពីរ និងជាគ្រាប់ទី៥សម្រាប់ព្រះខ័នរាជស្វាយរៀង នៅ៤នាទីបន្ទាប់។ ក្រោយមកកីឡាករ សុខ ដារ៉ាវុធ សម្រេចគ្រាប់បាល់តាមពីក្រោយ ២-៥ ឲ្យក្រុមម្ចាស់ផ្ទះនៅនាទីទី៩០+៥ មុនចប់តង់ពីរ។
ចំណែកការប្រកួតកីឡដ្ឋាន A.E.U Sport Park ក្រុមនគរបាលជាតិបានយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៣-១ ចំណែកក្រុមអង្គរថាយហ្គឺរបានយកឈ្នះម្ចាស់ផ្ទះគីរីវង់សុខសែនជ័យក្នុងលទ្ធផល ១-០៕